(វ៉ាស៊ីនតោន)៖ លោកស្រី Paetongtarn Shinawatra ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ជំនួសលោក Srettha Thavisin ត្រូវបានតុលាការធម្មនុញ្ញព្យួរតំណែងជាបណ្ដោះអាសន្ន រង់ចាំតុលាការចេញសាលក្រមសម្រេចចុងក្រោយថាតើត្រូវទម្លាក់ ឬមិនទម្លាក់លោកស្រីចេញពីតំណែងពាក់ព័ន្ធនឹងរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ សព្វថ្ងៃ លោក Phumtham Wechayachai កំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន រីឯលោកស្រី Paetongtarn បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ក្រោយការរុះរើគណៈរដ្ឋមន្ត្រី។
ក្រុមអ្នកជំនាញ បាននិយាយថាមិនថាលោកស្រីរបូតតំណែងនាយករដ្ឋមន្ត្រីតាមរយៈសាលក្រមតុលាការ ការលាលែងចេញពីតំណែង ឬក៏តាមយុទ្ធសាស្ត្រនយោបាយនោះទេ លោកស្រីទំនងជានឹង មិនអាចត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីជាថ្មីម្ដងទៀតឡើយ។ តែទោះជាបែបនេះក្ដី តើនឹងមានអ្វីកើតឡើងតទៅមុខទៀត គ្មាននរណាម្នាក់ដឹងច្បាស់នោះទេ។ ក្នុងករណីសមាជិករដ្ឋសភាថៃ ភាគច្រើនមិនអាចឈានដល់ការឯកភាពគ្នាលើការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នាយករដ្ឋមន្ត្រីបណ្ដោះអាសន្ននឹងត្រូវបន្តកាន់តំណែង រហូតដល់ភាពជាប់គាំងនេះត្រូវបានដោះស្រាយ។ តែប្រសិនបើ សមាជិករដ្ឋសភាភាគច្រើនមិនអាចឯកភាពគ្នាលើការជ្រើសរើសមេដឹកនាំថ្មីទេ នោះពួកគេនៅមានជម្រើសមួយទៀត គឺរៀបចំការបោះឆ្នោតដកសេចក្ដីទុកចិត្តពីរដ្ឋាភិបាលចម្រុះដឹកនាំដោយ គណបក្សភឿថៃ ហើយបើជោគជ័យ នោះរដ្ឋសភានឹងត្រូវបានរំលាយ រីឯការបោះឆ្នោតមុនអាណត្តិនឹងត្រូវធ្វើឡើងមុនកាលកំណត់ ២ឆ្នាំ។ ខាងក្រោមនេះគឺជាសេណារីយ៉ូសំខាន់ៗគួរដឹង៖
* បក្សកាន់អំណាចបន្តដឹកនាំ ដោយមានមេដឹកនាំថ្មី
គណបក្សភឿថៃ បានចុះឈ្មោះបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួនចំនួន ៣នាក់ជាមួយគណៈកម្មការរៀបចំការបោះឆ្នោតថៃសម្រាប់ការបោះឆ្នោតកាលពីឆ្នាំ២០២៣ ក្នុងនោះរួមមានលោក Srettha លោកស្រី Paetongtarn និងលោក Chaikasem Nitisiri។ ខណៈលោក Srettha ត្រូវបានតុលាការធម្មនុញ្ញដកតំណែង ហើយលោកស្រី Paetongtarn កំពុងស្ថិតលើគន្លងដូចលោក Srettha ដែរនោះ ដូច្នេះលោក Chaikasem គឺជាជម្រើសចុងក្រោយ។ លោក Chaikasem ដែលនឹងមានអាយុ៧៧ឆ្នាំនៅខែសីហាខាងមុខ ជាអ្នកនយោបាជើងចាស់ម្នាក់ធ្លាប់កាន់តំណែងជាច្រើនក្នុងជួរ រដ្ឋាភិបាលថៃ។ តួយ៉ាងលោកធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៅក្រោមរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី Yingluck Shinwatra ជាប្អូនស្រីបង្កើតរបស់លោក Thaksin និងជាម្ដាយមីងរបស់លោកស្រី Paetongtarn រហូតដល់រដ្ឋាភិបាលនេះត្រូវបានទម្លាក់ចេញពីអំណាចក្នុងរដ្ឋប្រហារកាលពីឆ្នាំ២០១៤។
ប៉ុន្តែវាមានបញ្ហាជាច្រើនកំពុងរួមរឹតលោក Chaikasem ដែលអាចទុកឱកាសឱ្យគូប្រជែងរបស់លោកកេងចំណេញ។ នេះបើតាមលោក Napon Jatusripitak ជាអ្នកសម្របសម្រួលបណ្ដោះអាសន្ន ម្នាក់នៃកម្មវិធីសិក្សាអំពីថៃ នៃវិទ្យាស្ថាន ISEAS-Yusof Ishak Institute ក្នុងប្រទេសសិង្ហបុរី។ លោក Chaikasem កន្លងមកធ្លាប់បានបង្ហាញការគាំទ្រដោយបើចំហចំពោះការធ្វើវិសោធនកម្មច្បាប់ ការពារព្រះមហាក្សត្រថៃពីការជេរប្រមាថដែលជា «បន្ទាត់ក្រហមមួយ» សម្រាប់អ្នកមានភក្ដីភាពនឹងរបបរាជានិយមថៃ។ លោក Chaikasem ក៏មានបញ្ហាសុខភាពផងដែរ បន្ទាប់ពីលោកមាន ជំងឺសសៃឈាមខួរក្បាលអំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០២៣។
* ក្រុមអ្នកអភិរក្សនិយមជំរុញឱ្យយោធាម្នាក់ត្រឡប់ទៅកាន់អំណាចជាថ្មី
បច្ចុប្បន្ន រដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃនៅតែបន្តក្ដាប់សំឡេងតិចតួចនៅក្នុងរដ្ឋសភា ទោះក្រោយចែកផ្លូវគ្នាជាមួយគណបក្ស Bhumjaithai។ ប៉ុន្តែគណបក្សចំនួន៣ គឺ United Thai Nation Klatham Party និងគណបក្ស Democrat Party មានសំឡេងគ្រប់គ្រាន់ដែលអាចធ្វើឱ្យរដ្ឋាភិបាលចម្រុះដួលរលំបើពួកគេដកខ្លួនចេញ។ ក្នុងចំណោមបក្សទាំង៣ នេះគេឃើញមានតែ គណបក្ស United Thai Nation ប៉ុណ្ណោះដែលលទ្ធភាពខ្ពស់ឆ្ពោះទៅរកតំណែងនាយករដ្ឋមន្ត្រី។ United Thai Nation ដែលជាគណបក្សរបស់អតីតនាយករដ្ឋមន្ត្រី លោក Prayut Chan-o-cha គឺជាបក្សគាំទ្រយោធា និងរាជានិយមថៃ។ គណបក្សនេះបានចុះបញ្ជីបេក្ខជននាយករដ្ឋមន្ត្រី២នាក់ ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២៣ រួមមានលោក Prayut និងលោក Pirapan Salirathavibhaga ដែលសព្វថ្ងៃជាមេដឹកនាំគណបក្ស United Thai Nation ហើយជាឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាមពលក្នុងរដ្ឋាភិបាលចម្រុះ។
ខណៈក្រុមអ្នកជំនាញខ្លះយល់ថាលោក Pirapan អាចសាកល្បងប្រជែងយកតំណែងនាយករដ្ឋមន្ត្រី លោក Napon បាននិយាយថាលោក Pirapan មិនទទួលបានការគាំទ្រគ្រប់គ្រាន់ពីជួរផ្ទៃក្នុងបក្ស របស់លោកនោះទេ។ លោក Pirapan ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់គណៈកម្មការជាតិប្រឆាំងអំពើពុករលួយជុំវិញការចោទប្រកាន់ពីការបំពានក្រមសីលធម៌ដែរ។ តាមលោក Napon លោក Prayut អាចនឹងលេចមុខជាថ្មីក្នុងនាមជាបេក្ខជនម្នាក់ដែលទទួលបានការគំាទ្រពីក្រុមអ្នកអភិរក្សនិយម ប្រសិនបើមានភាពជាប់គាំងណាមួយនៅរដ្ឋសភា។ ក្រោយបរាជ័យរបស់គណបក្ស United Thai Nation ក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ លោក Prayut បានប្រកាសចូលនិវត្តន៍ពីនយោបាយ តែរូបលោកត្រូវបានតែងតាំងជាសមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រថៃក្នុងឆ្នាំដដែល។ លោក Titipol Phakdeewanich វិញ ជាអ្នកវិទ្យាសាស្ត្រនយោបាយម្នាក់មកពីសាកលវិទ្យាល័យ Ubon Ratchathani University បាននិយាយថាលោក Prayut អាចចាប់យកឱកាសដើម្បីត្រឡប់មក ដឹកនាំប្រទេសសាជាថ្មី រហូតដល់ការបោះឆ្នោតសកលនៅឆ្នាំ២០២៧ ដោយការប្រើឥទ្ធិពលនៃទំនាក់ទំនងរបស់លោកជាមួយយោធា និងក្រុមអ្នកអភិរក្សនិយម ដើម្បីបង្ហាញខ្លួនឯងថាជា «ជម្រើស ដ៏ល្អប្រសើរមួយក្នុងក្រុមចម្រុះ» សម្រាប់លោក Thaksin ដែលគេដឹងថាជាចៅហ្វាយពិតរបស់បក្សភឿថៃ និងដែលកំពុងប្រឈមនឹងសំណុំរឿងក្ដីក្ដាំប្រមាថព្រះមហាក្សត្រ។ នៅត្រង់នេះមានន័យថា «អំណាចនៅតែបន្តស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រុមឥស្សរជន និងអ្នកអភិរក្សនិយមថៃ ដែលនេះអាចនឹងក្លាយជារឿងវិជ្ជមានមួយសម្រាប់លោក Thaksin»។ នេះបើតាមលោក Titipol ដោយបន្ថែមថាតែវាមិនមែនជារឿងល្អសម្រាប់អនាគតនៃប្រជាធិបតេយ្យថៃនោះទេ។
* សត្រូវត្រឡប់មកក្លាយជាមិត្តជាថ្មី ឬដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្នមួយដោយមានការគាំទ្រពីគណបក្សប្រឆាំង
ការដកខ្លួនរបស់គណបក្ស Bhumjaithai កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះបានធ្វើឱ្យរដ្ឋាភិបាលចម្រុះដឹកនាំដោយភឿថៃរង្គោះរង្គើរ។ Bhumjaithai ជាគណបក្សធំលំដាប់ទី៣ ក្នុងរដ្ឋសភាថៃបន្ទាប់ពី អតីតគណបក្ស Move Forward ដែលបានប្ដូរឈ្មោះមកជា People’s Party និងគណបក្សភឿថៃ។ មេដឹកនាំគណបក្ស People’s Party ដែលជាបក្សប្រឆាំងធំជាងគេក្នុងប្រទេសថៃ លោក Natthaphong Ruengpanyawut បានលើកឡើងថាដើម្បីបញ្ចៀសការជាប់គាំងនយោបាយ សេណារីយ៉ូមួយដែលអាចទៅរួចសម្រាប់គណបក្សប្រឆាំង នោះគឺគាំទ្ររដ្ឋាភិបាលបណ្ដោះអាសន្នមួយ រហូតដល់មានរៀបចំការបោះឆ្នោតសកលជាថ្មី។ «ខ្ញុំមិនអាចនិយាយដោយឯកតោភាគីទេ។ ជាការពិតណាស់ ភាគីម្ខាងទៀត គឺ Bhumjaithai និងលោក Anutin (Charnvirakul) ផ្ទាល់ត្រូវ ព្រមព្រៀងជាមួយពួកយើង»។ នេះជាការគូសបញ្ជាក់របស់លោក Natthaphong។ លោក Anutin បានច្រានចោលការឯកភាពលើផែនការបែបនេះ ដោយនិយាយថា «ខ្ញុំមិនដែលស្នើឱ្យខ្លួនឯងធ្វើជា នាយករដ្ឋមន្ត្រីបណ្ដោះអាសន្ននោះទេ។ ការអះអាងនេះគឺជារឿងមិនពិត»។ តែយ៉ាងណា លោកបានបញ្ជាក់ថាកិច្ចពិភាក្សាបន្ថែមនឹងត្រូវធ្វើឡើង។
លោក Napon មានការសង្ស័យថាសម្ព័ន្ធភាពរវាងគណបក្ស Bhumjaithai និង People’s Party អាចនឹងដំណើរការ។ ពីព្រោះថាប្រសិនបើ People’s Party ជួយឱ្យលោក Anutin ទទួលបានតំណែងជា នាយករដ្ឋមន្ត្រី ប៉ុន្តែបន្តស្ថិតនៅជាគណបក្សប្រឆាំងជាជាងចូលរួមក្នុងក្រុមចម្រុះដូចដែលខ្លួនបានសន្យាកន្លងមក នោះជាលទ្ធផល វានឹងបង្កើតបានជារដ្ឋាភិបាលសំឡេងភាគតិចមួយមិនមានស្ថិរភាព ដែលពិបាកក្នុងការអនុម័តច្បាប់សំខាន់ៗ។ លើសពីនេះទៅទៀត ទោះបីជា People’s Party បានដកថយចេញពីការជំរុញឱ្យធ្វើវិសោធនកម្មច្បាប់ការពារព្រះមហាក្សត្រពីការជេរប្រមាថក៏ដោយ ក៏ការចុះកិច្ចព្រមព្រៀងណាមួយជាមួយគណបក្សនេះអាចនឹងនៅតែជារឿងមិនអាចទទួលយកបានសម្រាប់ក្រុមអ្នកអភិរក្សនិយម។ លោក Napon បន្ថែមថាការចងសម្ព័ន្ធភាពជាមួយ People’s Party អាចនឹងជះផលអាក្រក់ដល់ Bhumjaithai និងបំផ្លាញកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុងការតាំងខ្លួនឯងជាអ្នកការពារផលប្រយោជន៍របស់ក្រុមអ្នកអភិរក្សនិយម និងជាសម្ព័ន្ធមិត្ត ដ៏គួរឱ្យទុកចិត្តរបស់ពួកគេ។ លោក Napon ជឿថាលោក Anutin ប្រហែលជាអាចនឹងប្រើប្រាស់ផលប្រយោជន៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយ People’s Party ដើម្បីបង្ហាញថារូបលោកមានតម្លៃ និងសំខាន់ចំពោះក្រុមអ្នកអភិរក្សនិយម និងគណបក្សភឿថៃ។ តាមអ្នកជំនាញរូបនេះ គឺគណបក្សភឿថៃ មិនមែន People’s Party ទេដែលអាចផ្ដល់សំឡេងគាំទ្រគ្រប់គ្រាន់ដល់លោក Anutin។ «ខ្ញុំ មើលឃើញសេណារីយ៉ូដែលគណបក្សភឿថៃ អាចនឹងត្រូវបង្ខំចិត្តគាំទ្រលោក Anutin ជានាយករដ្ឋមន្ត្រី។ ពីព្រោះគ្មានជម្រើសផ្សេងដែលអាចរក្សារដ្ឋាភិបាលចម្រុះរបស់ពួកគេឱ្យបន្តកាន់អំណាចបានទេ»។
លោក Titipol ក៏យល់ឃើញស្រដៀងគ្នានឹងលោក Napon ដែរ។ ពោលគឺលទ្ធភាពនៃកិច្ចចរចាឡើងវិញរវាងគណបក្សភឿថៃ និង Bhumjaithai មិនអាចត្រូវបានច្រានចោលទេ។ «គណបក្សទាំង២ធ្លាប់ មានប្រវតិ្តធ្វើជាមិត្តនឹងគ្នាផង និងជាសត្រូវនឹងគ្នាផង ហើយក្រៅពីមិនត្រូវគ្នាលើគោលនយោបាយកញ្ឆា ពួកគេមិនមានជម្លោះនយោបាយជាមូលដ្ឋានដែលរារាំងពួកគេពីការផ្សះផ្សាគ្នានោះទេ»។
គួរបញ្ជាក់ថា ការស្ទង់មតិមួយចេញផ្សាយដោយវិទ្យាស្ថានជាតិនៃរដ្ឋបាលអភិវឌ្ឍន៍របស់ថៃ ឬ NIDA កាលពីខែមិថុនា បានបង្ហាញថាមនុស្ស១ ក្នុងចំណោម៣នាក់ បានជ្រើសរើសលោក Natthaphong ជាមេដឹកនាំគណបក្ស People’s Party ជានាយករដ្ឋមន្ត្រីបន្ទាប់ ខណៈ១៣ភាគរយជ្រើសរើសលោក Prayut និង១០ភាគរយជ្រើសរើសលោក Anutin។ ប៉ុន្តែបើតាមការស្ទង់មតិរបស់វិទ្យាស្ថាន នេះដដែលកាលពីពេលថ្មីៗនេះ នៅពេលត្រូវបានសាកសួរថាតើនរណាគួរតែធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ បើអស់ពីលោកស្រី Paetongtarn អ្នកសម្ភាសន៍ ៣២.៨២ភាគរយបានឆ្លើយថាពួកគេគាំទ្រលោក Prayut។ ប៉ុន្តែ ការបោះឆ្នោតកាលពីឆ្នាំ២០២៣ បានបង្ហាញថាថៃមិនមែនជាប្រទេសប្រជាធិបតេយ្យទេ ហើយអ្នកដែលប្រជាជនថៃ បោះឆ្នោតគាំទ្រក៏មិនប្រាកដថានឹងក្លាយជានាយករដ្ឋមន្ត្រីនោះដែរ។ នៅក្នុងនយោបាយថៃ រឿងអ្វីក៏អាចកើតឡើងដែរ បើទោះជាមើលពីក្រៅទៅ វាជារឿងមិនអាចទៅរួចក៏ដោយ៕