(វ៉ាស៊ីនតោន)៖ ក្នុងពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើសង្រ្គាមពាណិជ្ជកម្មនៅជុំវិញពិភពលោក គោលដៅថ្មីមួយរបស់លោកបានលេចមុខឡើងនោះគឺ BRICS។ លោក ត្រាំ កាលពីពេលថ្មីៗនេះ បានគំរាមយកពន្ធគយ ១០ភាគរយលើទំនិញនាំចូលសហរដ្ឋអាមេរិកដោយសមាជិក BRICS បន្ថែមពីលើពន្ធគយបដិការដែលមានស្រាប់។ «ប្រទេសទាំងឡាយណាដែលយកខ្លួន ទៅបៀតនឹងគោលនយោបាយប្រឆំាងអាមេរិករបស់ BRICS នឹងត្រូវប្រឈមនឹងការយកពន្ធដោយគ្មានករណីលើកលែង»។ នេះជាសំណេររបស់លោក ត្រាំ លើបណ្ដាញទំនាក់ទំនងសង្គម កាលពីថ្ងៃអាទិត្យ ទី៦ ខែកក្កដា ខណៈក្រុមមេដឹកនាំ BRICS ជួបប្រជុំគ្នានៅឯកិច្ចប្រជុំកំពូលប្រចាំឆ្នាំក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។ ប៉ុន្មានថ្ងៃក្រោយមក លោក ត្រាំ កាន់តែដំឡើងសំឡេងគំរាម ដោយនិយាយថាលោកចង់បំបែកបាក់ក្រុមប្រទេស BRICS តែម្ដង។

លោក ត្រាំ បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយថាប្រសិនបើពួកគេគឺជាសមាជិក BRICS ពួកគេនឹងត្រូវជាប់ពន្ធបន្ថែម១០ភាគរយ ដូច្នេះថាតើពួកគេចង់ធ្វើជាសមាជិក BRICS ឬក៏អត់? ការផ្តោតរបស់លោក ត្រាំ លើក្រុមប្រទេស BRICS កើតមានឡើងចំពេលដែលឥទ្ធិពលរបស់ប្លុកមួយកំពុងរះឡើង។ BRICS ដែលយកឈ្មោះតាមប្រទេសជាសមាជិកដូចជាប្រេស៊ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង កាលពីឆ្នាំ២០២៤ បានទទួលសមាជិកថ្មីរួមមាន អេហ្ស៉ីប អេត្យូពី ឥណ្ឌូណេស៊ី អ៉ីរ៉ង់ និងអេមីរ៉ាតអារ៉ាប់រួម ហើយប្រទេសមួយចំនួនកំពុងរង់ចាំចូលជាសមាជិក។

* តើ BRICS ចង់បន្សាបឥទ្ធិពលលុយដុល្លារអាមេរិក ឬ?
នៅក្នុងការសម្លុតគំរាមប្រឆាំង BRICS លោក ត្រាំ បានផ្ដោតជាពិសេសលើរូបិយប័ណ្ណ។ អំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ ទី៨ ខែកក្កដា លោក ត្រាំ បានលើកឡើងថា «BRICS ត្រូវបានបង្កើត ឡើងដើម្បីធ្វើឱ្យយើងឈឺចាប់។ BRICS ត្រូវបានបង្កើតដើម្បីបន្សាបលុយដុល្លាររបស់យើង ហើយចង់ដណ្ដើមលុយដុល្លារពីយើង និងយកដុល្លារចេញពីស្ដង់ដាររូបិយប័ណ្ណពិភពលោក»។ នេះមិនមែនជា លើកទី១ទេដែលលោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោត លោកក៏បានគំរាមដែរថានឹងពន្ធគយ ១០០ភាគរយលើក្រុមប្រទេស BRICS រហូតទាល់តែពួកគេប្ដេជ្ញាចិត្តថានឹងមិនបង្កើតរូបិយប័ណ្ណថ្មីមួយរបស់ BRICS ឬក៏មិនគាំទ្ររូបិយប័ណ្ណណាមួយជំនួសឱ្យលុយដុល្លារអាមេរិកដាច់ខាត។ គោលដៅដ៏មហិមារនៃការបង្កើតរូបិយប័ណ្ណ BRICS ត្រូវបានផ្ដួចផ្ដើមដោយប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva កាលពីឆ្នាំ២០២៣។ ប៉ុន្តែក្រុមអ្នកជំនាញយល់ថាជាការអនុវត្តជាក់ស្ដែង ការបង្កើតរូបិយប័ណ្ណថ្មីមួយរបស់ BRICS គឺជារឿងស្មុគស្មាញសឹងតែមិនអាចទៅរួច។

តែទោះជាបែបនេះក្ដី ក្រុមប្រទេស BRICS នៅតែចាប់អារម្មណ៍លើការពង្រីកការធ្វើពាណិជ្ជកម្មរបស់ពួកគេដោយប្រើប្រាស់រូបិយប័ណ្ណរបស់ខ្លួនឯងរៀងៗខ្លួន ជាជាងចាយលុយដុល្លារអាមេរិក។ តាមក្រុមអ្នកជំនាញ បើគោលដៅមួយនេះសម្រេចបានជោគជ័យ នោះវាអាចនឹងកាត់បន្ថយការពឹងផ្អែកលើលុយដុល្លារអាមេរិកដែលសព្វថ្ងៃនៅតែជាសរសៃឈាមដ៏សំខាន់មួយនៃសេដ្ឋកិច្ចពិភពលោក។ សមាជិក BRICS ទាំងអស់បូកបញ្ចូលគ្នាត្រូវបានវាយតម្លៃថារ៉ាប់រងច្រើនជាង ១ភាគ៣នៃផលិតផលក្នុងស្រុកសរុបពិភពលោក (GDP ពិភពលោក) ផ្អែកលើអំណាចទិញ។ ក្នុងសេចក្ដីថ្លែងការណ៍រួម ចេញផ្សាយកាលពីថ្ងៃអាទិត្យ ក្រុមមេដឹកនាំ BRICS បានគាំទ្រកិច្ចពិភាក្សាដែលកំពុងធ្វើឡើងស្ដីពីគំនិតផ្ដួចផ្ដើមបង្កើតប្រព័ន្ធទូទាត់ថ្មីមួយរវាងប្រទេសជាសមាជិក។ ក្រុមអ្នកជំនាញបាននិយាយថា ការបង្កើតប្រព័ន្ធបែបនេះ ប្រសិនបើជោគជ័យ នោះវាអាចនឹងក្លាយជាជម្រើសមួយដើម្បីជំនួសប្រព័ន្ធទូទាត់ SWIFT របស់លោកខាងលិច តាមរយៈការប្រើប្រាស់រូបិយប័ណ្ណរបស់ក្រុមប្រទេស BRICS ឬរូបិយប័ណ្ណឌីជីថលរបស់ពួកគេ។ ដោយអាចមិនប្រើប្រាស់ SWIFT ដែលជាប្រព័ន្ធទូទាត់មួយស្ថិតក្រោមឥទ្ធិពលលុយដុល្លារអាមេរិក វាអាចនឹងផ្ដល់ផលចំណេញដល់ប្រទេសជាសមាជិក BRICS មួយចំនួន ដូចជារុស្ស៉ី និងអ៉ីរ៉ង់ ដើម្បីគេចផុតពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច។ ប៉ុន្តែសមាជិកផ្សេងទៀតក៏សម្លឹងឃើញផលប្រយោជន៍ដែរ នោះគឺការមិនពឹងផ្អែកលើលុយដុល្លារអាមេរិកសម្រាប់ ការធ្វើពាណិជ្ជកម្ម។ នៅត្រង់នេះ ចិនបានសម្លឹងឃើញជាយូរមកហើយ និងកំពុងប្រឹងប្រែងប្រែក្លាយរូបបិយប័ណ្ណយ័នរបស់ខ្លួនឱ្យក្លាយជារូបិយប័ណ្ណអន្តរជាតិ សំដៅបន្សាបបន្តិចម្ដងៗនូវអ្វីដែលចិនហៅថា ជាអនុត្តរភាពហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។ លោក Pan Gongsheng ជាប្រធានធនាគារកណ្ដាលចិន បានអំពានាវនៅឯវេទិកាហិរញ្ញវត្ថុមួយកាលពីខែមិថុនា ក្នុងទីក្រុងសៀងហៃ សម្រាប់ការបង្កើត «ប្រព័ន្ធរូបិយវត្ថុអន្តរជាតិពហុប៉ូលមួយ» ឬប្រព័ន្ធមួយដែលគ្មានរូបិយប័ណ្ណណាមួយគ្រប់ដណ្ដប់ផ្ដាច់មុខ។ តែក្រុមអ្នកជំនាញយល់ថាការសម្រេចទៅដល់គោលដៅនេះមិនមែនជារឿងអាចធ្វើបានភ្លាមៗ នោះទេ ហើយណាមួយវាក៏មានទស្សនៈផ្សេងគ្នា និងការប្រជែងផលប្រយោជន៍គ្នានៅក្នុងចំណោមសមាជិក BRICS ថាតើត្រូវទៅដល់គោលដៅនេះដោយរបៀបណា? នេះមិនទាន់រាប់បញ្ចូលទាំង បញ្ហាបច្ចេកទេសផង។ ប្រធានាធិបតីប្រេស៊ីល លោក Lula កាលពីថ្ងៃចន្ទ ទី៧ ខែកក្កដាបាននិយាយថាពាណិជ្ជកម្មពិភពលោកត្រូវការជម្រើសផ្សេងដើម្បីជំនួសលុយដុល្លារ តែវាជារឿងដែលនឹងកើតឡើង សន្សឹមៗ និងដោយប្រុងប្រយ័ត្នជាទីបំផុត។

* តើ BRICS ត្រូវបានបង្កើតឡើងដើម្បីប្រឆាំងអាមេរិក ឬ?
ក្រុមចម្រុះសេដ្ឋកិច្ចរបស់ប្រទេសសមាជិកស្ថាបនិករួមមានប្រេស៊ីល រុស្ស៉ី ឥណ្ឌា និងចិន ត្រូវបានបង្កើតក្នុងឆ្នាំ២០០៩ ក្នុងពេលដែលវិបត្តិហិរញ្ញវត្ថុអាមេរិកបានបំផ្លាញកេរ្តិ៍ឈ្មោះហិរញ្ញវត្ថុរបស់អាមេរិក និងបានផ្ដល់ទំនុកចិត្តថ្មីមួយដល់ប្រទេសដែលមានសេដ្ឋកិច្ចកំពុងរះឡើងអំពីតួនាទីរបស់ពួកគេនៅក្នុងសេដ្ឋកិច្ចពិភពលោក។ ក្រុមចម្រុះសេដ្ឋកិច្ចនេះដែលក្រោយមកត្រូវបានគេហៅថា BRICS បានបបួលអាហ្វ្រិកខាងត្បូងឱ្យចូលរួមក្នុងឆ្នាំ២០១០។ នៅក្នុង BRICS មានប្រទេសខ្លះជាមិត្ត ​និងខ្លះជាសត្រូវរបស់សហរដ្ឋអាមេរិក។ ក្នុងនោះឥណ្ឌា និងអេមីរ៉ាតអារ៉ាប់រួមត្រូវបានចាត់ទុកជាមិត្តរបស់អាមេរិក រីឯអ៉ីរ៉ង់ ត្រូវបានចាត់ទុកជាសត្រូវរបស់អាមេរិក ខណៈចិន និងឥណ្ឌាកំពុងប្រជែងដណ្ដើមឥទ្ធិពលគ្នា។ ការណ៍នេះធ្វើឱ្យ BRICS មើលទៅល្អគន់ពីខាងក្រៅតែប៉ុណ្ណោះ។ ក្រុមប្រទេស BRICS អាចរួបរួមគ្នាបានដោយ មានទស្សនៈយ៉ាងសាមញ្ញ នោះគឺយល់ថាតុល្យភាពអំណាចពិភពលោកបានផ្អៀងខ្លាំងពេកទៅខាងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុប ហើយការល្អៀងនេះបានមើលរំលងក្រុមប្រទេសមានសេដ្ឋកិច្ច កំពុងរះឡើងដូចជាពួកគេ។ ដូច្នេះទើបពួកគេស្រុះសម្រួលគ្នាថាប្រព័ន្ធបែបនេះគួរតែត្រូវបានធ្វើកំណែទម្រង់។ សមាជិក BRICS តែងតែច្រានចោលការចោទប្រកាន់ដែលថាប្លុករបស់ខ្លួនត្រូវបានបង្កើតឡើង ដើម្បីប្រឆាំងនឹងលោកខាងលិច។ ប៉ុន្តែជាក់ស្ដែង ចិន និងរុស្ស៉ី ក្នុងរយៈពេលជាងមួយទសវត្សរ៍មានទំនាក់ទំនងកាន់តែប្រេះឆាជាមួយលោកខាងលិច ហើយក្រុមអ្នកជំនាញជឿថាប្រទេសទាំង២កំពុងជំរុញឱ្យ BRICS ក្លាយជាមធ្យោបាយមួយទប់ទល់នឹងឥទ្ធិពលអាមេរិក។

ម្យ៉ាងវិញទៀត មិនមែនសមាជិក BRICSទាំងអស់សុទ្ធតែមានគំនិតដូចគ្នានោះទេ។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅឯកិច្ចប្រជុំកំពូល BRICS កាលពីឆ្នាំ២០២៤ បាននិយាយថាគេត្រូវតែ មានការប្រុងប្រយ័ត្នដើម្បីធានាឱ្យបានថា BRICS នឹងមិនតម្រូវឱ្យក្លាយទៅជាអង្គការមួយដើម្បីជំនួសស្ថាប័នអន្តរជាតិណាមួយនោះទេ។ ទន្ទឹមនឹងនេះ កិច្ចប្រជុំ BRICS ក្នុងឆ្នាំ២០២៥នេះ មិនមានវត្តមានមេដឹកនាំកំពូលៗមកពីចិន អេមីរ៉ាតអារ៉ាប់រួម និងអេហ្ស៉ីបចូលរួមនោះទេ ដែលនេះអាចសន្មត់បានថា BRICS មិនស្ថិតនៅលើរបៀបវារៈកំពូលបន្ទាន់របស់ពួកគេឡើយ៕