(វ៉ាស៊ីនតោន)៖ ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ក្នុងការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ ក្រោយតែងតែរិះគន់លើការធ្វើអន្តរាគមន៍យោធាអាមេរិក នៅក្រៅប្រទេស បានបង្កជាបញ្ហាស្មុគស្មាញដល់ការគណនារបស់មេដឹកនាំចិនដែលកំពុងព្យាយាមស្ទាបស្ទង់ថាតើលោក ត្រាំ អាចនឹងដោះស្រាយបញ្ហាតៃវ៉ាន់ដោយរបៀបណា?

ក្រុមមន្ត្រីចិន និងអ្នកជំនាញ បាន និងកំពុងព្យាយាមរួចទៅហើយក្នុងការវិភាគលើយុទ្ធសាស្ត្ររបស់លោក ត្រាំ ចំពោះតៃវ៉ាន់ជាដែនកោះមួយដែលទីក្រុងប៉េកាំងអះអាងថាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ សម្រាប់ចិន លោក ត្រាំ ប្រៀបដូចជាសន្លឹកបៀរដ៏សំខាន់មួយនៅក្នុងសេណារីយ៉ូថាតើសហរដ្ឋអាមេរិកអាចនឹងឆ្លើយតបយ៉ាងដូចម្ដេចទៅនឹងកិច្ចប្រឹងប្រែងរបស់ប៉េកាំងក្នុងការដាក់សម្ពាធឱ្យតៃវ៉ាន់ចុះញ៉ម ក្នុងនោះរួមមានទាំងការប៉ុនប៉ងប្រើកម្លាំងបាយដើម្បីគ្រប់គ្រងតៃវ៉ាន់។ សហរដ្ឋអាមេរិក ជាយូរណាស់មកហើយ បានជួយទប់ទល់នឹងការដាក់សម្ពាធយោធារបស់ចិន និងកំញើញទប់ស្កាត់កុំឱ្យចិនបើកការវាយប្រហារតាមរយៈការលក់អាវុធឱ្យតៃវ៉ាន់ និងទុកជម្រើសធ្វើអន្តរាគមន៍យោធាជួយតៃវ៉ាន់នៅលើតុ។

លោក ​Zack Cooper ជាអ្នកវិភាគម្នាក់មកពីវិទ្យាស្ថាន American Enterprise Institute បាននិយាយថា «នៅបន្ទាប់ពីការវាយប្រហារលើអ៉ីរ៉ង់ ខ្ញុំសង្ស័យថាមេដឹកនាំចិន ក្នុងពេលនេះនឹងកាន់តែមានការប្រុងប្រយ័ត្នជាងមុនអំពីការធ្វើតេស្ដការប្ដេជ្ញាចិត្តរបស់លោក ត្រាំ លើសំណុំរឿងតៃវ៉ាន់»។ តាមអ្នកវិភាគរូបនេះ «ការប្រុងប្រយ័ត្នគឺជារឿងត្រឹមត្រូវ ពីព្រោះលោក ត្រាំ ហាក់មានទំនោរប្រើកម្លាំងយោធាខ្លាំងជាងមនុស្សជាច្រើនរំពឹងទុក តែក៏ដោយសារតែសកម្មភាពរបស់លោកកាន់តែពិបាកព្យាករផងដែរ»។

នៅមុនការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៉ីរ៉ង់ ចិនត្រូវបានគេមើលឃើញថាបានបង្កើនការធ្វើតេស្ដលើការប្ដេជ្ញាចិត្តរបស់លោក ត្រាំ ចំពោះតៃវ៉ាន់។ អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ កាលពីខែមិថុនា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ពីសារៈសំខាន់របស់តៃវ៉ាន់។ លោកបានលើកឡើងថារូបលោក និងលោក ត្រាំ គួរតែធ្វើជាសហកាប់ពីទែនបញ្ជានាវានៃទំនាក់ទំនងរវាងចិន និងអាមេរិក ដែលនេះជាចេតនាមួយត្រូវបានក្រុមអ្នកវិភាគអាមេរិកយល់ថាជាការព្យាយាមបំបែកបំបាក់លោក ត្រាំ និងក្រុមមន្ត្រីអាមេរិកដែលមានជំហរតឹងរ៉ឹងប្រឆាំងចិន។ លោក Cooper បានបន្ថែមថាក្រុមអ្នកស្រាវជ្រាវចិនមួយចំនួនដែលរូបលោកបានជួបកាលពីពេលថ្មីៗនេះ ហាក់ព្យាយាមវាយតម្លៃពី «បន្ទាត់ក្រហម» របស់លោក ត្រាំ។ «ក្រុមអ្នកជំនាញចិនដែលខ្ញុំបានជួប កំពុងសាកល្បងឆ្លើយនឹងសំណួរថាតើលោក ត្រាំ នឹងធ្វើបែបណាប្រសិនបើទីក្រុងប៉េកាំងធ្វើសកម្មភាពប្រឆាំងតៃវ៉ាន់»។ នេះជាការគូសបញ្ជាក់របស់លោក Cooper។

ការធ្វើតេស្ដរបស់ចិនបានលេចចេញជាសកម្មភាពជាក់ស្ដែងកាន់ច្បាស់ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ចិនជារឿយៗតែងតែបញ្ជូនយន្ដហោះចម្បាំង និងនាវាចម្បាំងឱ្យធ្វើសកម្មភាព ក្បែរកោះតៃវ៉ាន់ ដើម្បីធ្វើតេស្ដថាតើតៃវ៉ាន់ និងសហរដ្ឋអាមេរិក រួមទាំងសម្ព័ន្ធមិត្តនឹងបញ្ចេញប្រតិកម្ម ឬធ្វើការឆ្លើយតបបែបណា ហើយណាមួយចិនក៏ចង់បំបាក់ស្មារតីយោធាតៃវ៉ាន់ ផងដែរ។ ក្រុមអ្នកជំនាញមួយចំនួននៅតៃវ៉ាន់បានកោតសរសើរការវាយប្រហាររបស់អាមេរិកលើអ៉ីរ៉ង់ថាជាការបញ្ជូនសារព្រមានដោយប្រយោលមួយទៅកាន់ចិន។ លោក Ou Si Fu ជាអ្នកស្រាវជ្រាវម្នាក់មកពីវិទ្យាស្ថានសម្រាប់ការស្រាវជ្រាវយោធា និងសន្តិសុខជាតិគាំទ្រដោយរដ្ឋាភិបាលតៃវ៉ាន់ បានកត់សម្គាល់ថា «ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៉ីរ៉ង់ ប្រៀបដូចជាការវាយប្រហារលើប្អូនប្រុសពៅ ដែលជាសារព្រមានទៅកាន់បងធំទាំង២ គឺចិន និងរុស្ស៉ី»។

លោក Xin Qiang ជានាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាពីតៃវ៉ាន់ មកពីសាកលវិទ្យាល័យ Fudan ក្នុងទីក្រុងសៀងហៃ យល់ថាបញ្ហាអីរ៉ង់គឺខុសគ្នាស្រឡះពីបញ្ហាតៃវ៉ាន់ ហើយកត្តាជាច្រើនដែលអាចមានឥទ្ធិពលលើការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក៏ខុសគ្នាដែរ។ តែយ៉ាងណាក៏ដោយ ការវាយប្រហារលើអ៉ីរ៉ង់បានផ្ដល់មេរៀនមួយ នោះគឺនៅពេលលោក ត្រាំ មើលឃើញថាវាជារឿងចាំបាច់ លោកនឹងប្រើកម្លាំងយោធាដើម្បីជំរុញផលប្រយោជន៍នៃគោលនយោបាយការបរទេសអាមេរិក។ ចំណែក លោកស្រី Stacie Pettyjohn វិញ ជាអ្នកវិភាគម្នាក់មកពីមជ្ឈមណ្ឌលសម្រាប់សន្តិសុខអាមេរិកថ្មី បាននិយាយថាមេដឹកនាំចិនបានត្រៀមលក្ខណៈរួចរាល់សម្រាប់ជម្លោះ ឬសង្រ្គាមនៅតៃវ៉ាន់ ហើយពួកគេមានទំនុកចិត្តថា យោធារបស់ពួកគេមានសមត្ថភាពខ្លាំងជាងអ៉ីរ៉ង់ឆ្ងាយ។ ចិនមានឃ្លាំងអាវុធនុយក្លេអ៊ែរដែលកំពុងកើនឡើងជាលំដាប់ និងមានកងទ័ពជើងទឹកធំជាងគេនៅលើពិភពលោក។

សម្រាប់លោកស្រី Pettyjohn ក្នុងករណីសង្រ្គាមតៃវ៉ាន់ផ្ទុះឡើង យន្ដហោះចម្បាំងអាមេរិកមិនអាចទៅទម្លាក់គ្រាប់បែក ឬវាយប្រហារណាមួយលើចិន រួចហើយត្រឡប់ទៅបន្ទាយវិញ ធ្វើដូចជាមិនមានរឿងអ្វីកើតឡើងបាននោះទេ ហើយនេះជារឿងដែលប៉េកាំងដឹងច្បាស់ជាងនរណាៗទាំងអស់៕