(វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានជ្រើសរើសប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាបេក្ខភាពសម្រាប់ពានរង្វាន់ណូបែលសន្តិភាព ដែលជា ពានរង្វាន់កម្រិតអន្តរជាតិខ្ពស់បំផុតមួយត្រូវប្រគល់ទៅឱ្យបុគ្គល ឬអង្គការស្ថាប័នណាដែលសម្រេចបានលទ្ធផលច្រើនបំផុតក្នុងការជំរុញមិត្តភាពរវាងប្រទេស និងប្រទេស។ ក្នុងលិខិតរបស់លោក ផ្ញើទៅកាន់គណៈកម្មាធិការណូបែល (Nobel Committee) ដែលលោកបានចែករំលែកបន្តលើបណ្ដាញទំនាក់ទំនងសង្គម លោក Netanyahu បាននិយាយថាលោក ត្រាំ បានបង្ហាញពីភាពប្ដូរផ្ដាច់ ក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅជុំវិញពិភពលោក។ លោក ត្រាំ ដែលកំពុងព្យាយាមស្វែងរកបទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សាក៏ធ្លាប់ត្រូវបាន ជ្រើសរើសជាបេក្ខភាពសម្រាប់ពានរង្វាន់ណូបែលសន្តិភាពនាពេលកន្លងមកដែរ។ ប៉ាគីស្ថានកាលពីខែមិថុនា បានប្រកាសថាខ្លួនគាំទ្រលោក ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ចំពោះកិច្ចប្រឹងប្រែងរបស់លោក ជួយដោះស្រាយជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាន។

យ៉ាងណាក៏ដោយ ការជ្រើសរើសលោក ត្រាំ​របស់លោក Netanyahu បានបង្កើតជាការសង្ស័យនៅក្នុងចំណោមឥស្សរជនមួយចំនួនក្នុងនោះរួមមានអតីតនាយករដ្ឋមន្ត្រីស៊ុយអែត លោក Carl Bildt ដែលបានលើកឡើងលើបណ្ដាញទំនាក់ទំនងសង្គម X ថាលោក Netanyahu កំពុងព្យាយាមលើកជើងលោក ត្រាំ។ ប្រសិនបើលោក ត្រាំ ឈ្នះពានរង្វាន់ណូបែលសន្តិភាពពិតមែន នោះលោកនឹងក្លាយជាប្រធានាធិបតីទី៥ របស់សហរដ្ឋអាមេរិកដែលទទួលបានពានរង្វាន់នេះ បន្ទាប់ពីលោក Theodore Roosevelt លោក Woodrow Wilson លោក Jimmy Carter និងលោក Barack Obama។

* តើនរណាខ្លះមានសិទ្ធិទទួលបានពានរង្វាន់ណូបែលសន្តិភាព?
បើតាមពាក្យបណ្ដាំរបស់លោក Alfred Nobel ដែលជាអ្នកស្ថាបនិកពានរង្វាន់ណូបែល ពានរង្វាន់ណូបែលសន្តិភាពត្រូវប្រគល់ទៅឱ្យបុគ្គដែលសម្រេចបានលទ្ធផលច្រើនបំផុត ឬធ្វើការងារបាន ល្អប្រសើរក្នុងការជំរុញមិត្តភាពរវាងប្រទេស និងប្រទេស លុបចោល ឬកាត់បន្ថយកងទ័ពអចិន្ត្រៃយ៍ ព្រមទាំងបង្កើត ក៏ដូចជាលើកកម្ពស់សន្និសីទសន្តិភាព។ និយាយជារួមមនុស្សទាំងអស់ ឬអង្គការ ស្ថាប័នមានសិទ្ធិឈ្នះពាន់រង្វាន់នេះ។ នៅក្នុងបទបង្ហាញមួយនៅលើគេហទំព័រ Nobel ប្រធានគណៈកម្មាធិការពានរង្វាន់ណូបែល លោក Jorgen Watne Frydnes បាននិយាយថា ជាការអនុវត្តជាក់ស្ដែង មនុស្សគ្រប់រូបសុទ្ធតែមានសិទ្ធិទទួលបានពានរង្វាន់ណូបែលសន្តិភាព។ ជ័យលាភីពានរង្វាន់ណូបែលត្រូវបានប្រកាសក្នុងខែតុលាជារៀងរាល់ឆ្នាំ ប៉ុន្តែការតែងតាំងបេក្ខភាព បានបិទបញ្ចប់កាលពីខែមករា ដែលនេះមានន័យថាការតែងតាំងលោក ត្រាំរបស់លោក Netanyahu មិនអាចយកទៅពិចារណាក្នុងឆ្នាំនេះបាននោះទេ។

* តើនរណាអាចតែងតាំងបេក្ខភាពណូបែល?
អ្នកដែលអាចស្នើសុំតែងតាំងបេក្ខភាពពានរង្វាន់ណូបែល មានដូចជាសមាជិករដ្ឋាភិបាល សមាជិកសភា ប្រមុខរដ្ឋកំពុងកាន់អំណាច សាស្ត្រាចារ្យប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រសង្គម ច្បាប់ ទស្សនវិជ្ជា និងអតីតជ័យលាភីណូបែលសន្តិភាពជាដើម។ តែអ្នកមិនអាចតែងតាំងខ្លួនឯងនោះទេ។ បញ្ជីឈ្មោះបេក្ខភាពត្រូវបានរក្សាជាសម្ងាត់អស់រយៈពេលជាង៥០ឆ្នាំមកហើយ បើទោះជាគ្មានអ្វីអាចហាម មិនឱ្យអ្នកដែលធ្វើការតែងតាំងបញ្ចេញឈ្មោះបេក្ខភាពដែលពួកគេបានជ្រើសរើសក៏ដោយ។

* តើនរណាជាអ្នកសម្រេចអ្នកឈ្នះ?
គណៈកម្មាធិការណូបែលន័រវែស (Norwegian Nobel Committee) ដែលមានសមាជិក៥រូប ត្រូវបានតែងតាំងដោយសភាន័រវែស គឺជាអាជ្ញាកណ្ដាល។ សមាជិកគណៈកម្មាធិការនេះជាធម្មតាជា អ្នកនយោបាយចូលនិវត្តន៍ តែមិនទាំងអស់ទេ។ គណៈកម្មាធិការនេះសព្វថ្ងៃស្ថិតក្រោមការដឹកនាំដោយប្រធានសមាគម PEN International ដែលផ្តោតលើកិច្ចការការពារសេរីភាពបញ្ចេញមតិ។

* តើគណៈកម្មាធិការនេះធ្វើការសម្រេចចិត្តដូចម្ដេច?
កិច្ចប្រជុំដំបូងនៃគណៈកម្មាធិការណូបែល ធ្វើឡើងក្នុងខែកុម្ភៈជារៀងរាល់ឆ្នាំ ជាពេលដែលសមាជិកគណៈកម្មាធិការអាចធ្វើការសម្រេចចិត្តតែងតាំងបេក្ខភាពដោយខ្លួនឯងបន្ថែមចូលបញ្ជីឈ្មោះ បេក្ខភាព។ កាលពីឆ្នាំ២០២៤ មានបេក្ខភាពចំនួន ២៨៦នាក់ ហើយក្នុងឆ្នាំ២០២៥នេះមានបេក្ខភាព ៣៣៨នាក់សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ក្នុងនោះមាន ២៤៤នាក់ ជាបុគ្គល និង៩៤នាក់ជាអង្គការស្ថាប័ន។ គណៈកម្មាធិការនេះនឹងធ្វើការជម្រុះបេក្ខជនដើម្បីចេញបញ្ជីឈ្មោះបេក្ខជននៅដំណាក់កាលចុងក្រោយ ហើយក្រោយមកទៀត បេក្ខជនម្នាក់ៗនឹងត្រូវបានវាយតម្លៃ ដោយទីប្រឹក្សាអចិន្ត្រៃយ៍មួយក្រុម និងអ្នកជំនាញផ្សេងទៀត។ ជាធម្មតា គណៈកម្មាធិការណូបែលមានបំណងធ្វើការសម្រេចចិត្តជាឯកច្ឆន្ទ តែសំឡេងភាគច្រើនក៏អាចកំណត់ពីឈ្នោះបានដែរ។ ការសម្រេចចិត្តចុងក្រោយតែងតែត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនម្ចាស់ជ័យលាភីត្រូវបានប្រកាស។

* ភាពចម្រូងចម្រាស
ពានរង្វាន់ណូបែលសន្តិភាពជាទម្លាប់ត្រូវបានគេមើលឃើញថាមានបង្កប់នូវសារនយោបាយ។ តាមគេហទំព័រ Nobel ជ័យលាភីមួយចំនួនគឺជាតួអង្គនយោបាយដ៏មានភាពចម្រូងចម្រាស ខណៈពានរង្វាន់នេះផ្តោតលើជម្លោះអន្តរជាតិ ឬជម្លោះស៊ីវិល។ អតីតប្រធានាធិបតីអាមេរិក លោក អូបាម៉ា ទទួលបានពានរង្វាន់ណូបែលសន្តិភាពប៉ុន្មានខែប៉ុណ្ណោះ ក្រោយចូលកាន់អំណាច។ សមាជិក២រូបនៃគណៈកម្មាធិការណូបែលបានលាលែងចេញពីតំណែងជុំវិញការសម្រេចចិត្តក្នុងឆ្នាំ១៩៧៣ ដើម្បីប្រគល់ពានរង្វាន់ណូបែលសន្តិភាពទៅឱ្យអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger និងអ្នកនយោបាយវៀតណាម លោក Le Duc Tho សម្រាប់កិច្ចចរចាបញ្ចប់សង្រ្គាមវៀតណាម។ សមាជិកម្នាក់ ក៏ធ្លាប់បានលាលែងពីតំណែងដែរក្នុងឆ្នាំ១៩៩៤ នៅពេលដែល អតីតមេដឹកនាំប៉ាឡេស្ទីន លោក Yasser Arafat ទទួលបានពានរង្វាន់ណូបែលសន្តិភាពរួមជាមួយមេដឹកនាំអ៉ីស្រាអែល លោក Shimon Peres និងលោក Yitzhak Rabin។

គួរបញ្ជាក់ថា ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពនឹងទទួលបានមេដាយ១ វិញ្ញាបនបត្រមួយសន្លឹក និងប្រាក់រង្វាន់ ១.១៥លានដុល្លារ ហើយនឹងទទួលបានភាពល្បីល្បាញភ្លាមៗ ប្រសិនបើមិនធ្លាប់ ត្រូវបានគេស្គាល់។ ការប្រកាសពីជ័យលាភីក្នុងឆ្នាំនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី១០ ខែតុលា នៅវិទ្យាស្ថាន Norwegian Nobel Institute ក្នុងទីក្រុង Oslo។ ចំណែក ពិធីប្រគល់ពានរង្វាន់នឹងត្រូវធ្វើ ឡើងនៅសាលាក្រុង Oslo នៅថ្ងៃទី១០ ខែធ្នូ ដែលជាថ្ងៃខួបទទួលមរណភាពរបស់លោក Alfred Nobel៕