(ហ្សាកាតា)៖ Milkfish គឺជាប្រភេទត្រីដ៏ពេញនិយមសម្រាប់ប្រជាជនក្នុងប្រទេសឥណ្ឌូណេស៊ី យកទៅធ្វើជាម្ហូបដូចជាចៀន អាំង និងធ្វើជាសម្ល។ សាច់ត្រីនេះមានឱជារសផ្អែមស្រស់ឈ្ងុយឆ្ងាញ់។ ក៏ប៉ុន្តែអ្វីដែលមិនមានឱជារសនៅក្នុងខ្លួនត្រីនេះ នោះគឺមីក្រូប្លាស្ទិក (Microplastic)។ ការសិក្សាមួយកាលពីឆ្នាំ២០២៤ បានរកឃើញថា៩៤ភាគរយនៃសំណាកត្រីប្រភេទនេះ យកមកពីសមុទ្រនៃ រដ្ឋធានីហ្សាការតា ស្រកី និងគ្រឿងក្នុងរបស់វា រុំព័ទ្ធទៅដោយបំណែកជាតិពុលតូចៗ។
ដោយឡែក ការសិក្សារបស់សាកលវិទ្យាល័យ Cornell កាលពីឆ្នាំមុន ក៏បានឱ្យដឹងដែរថាប្រជាជនឥណ្ឌូណេស៉ី បានបរិភោគចំណីអាហារដោយទៅជាមួយមីក្រូប្លាស្ទិក ច្រើនជាងប្រជាជនដទៃ ពោលគឺ ១៥ក្រាមក្នុងមួយខែ សម្រាប់មនុស្សម្នាក់។ ចំណែក ប្រជាជនម៉ាឡេស៉ីវិញ ជាប់ចំណាត់ថ្នាក់លេខ២គឺ ១២ក្រាមក្នុងមួយខែ ខណៈប្រជាជនហ្វីលីពីន និងវៀតណាម បរិភោគចំណីអាហារដោយទៅ ជាមួយមីក្រូប្លាស្ទិក ១១ក្រាមសម្រាប់មនុស្សម្នាក់។ ប្រទេសក្នុងតំបន់អាស៉ីអាគ្នេយ៍ ឬអាស៊ាន រងផលប៉ះពាល់ខ្លាំងជាងគេពីមីក្រូប្លាស្ទិក ដោយការសិក្សាកាលពីឆ្នាំ២០២១ រកឃើញថា ៦ក្នុងចំណោម ១០ប្រទេសនៃប្លុកនេះ បានបញ្ចេញបាស្ទិកពុលទៅក្នុងសមុទ្រ។
* ពីកន្លែងចាក់សំរាមរហូតដល់តុបាយ
កាលពីឆ្នាំ២០២៤ ការសិក្សាមួយធ្វើឡើងនៅសហរដ្ឋអាមេរិក បានរកឃើញមីក្រូប្លាស្ទិកនៅក្នុងចំណីអាហារដូចជា សាច់ជ្រូក សាច់គោ មាន់ និងគ្រឿងសមុទ្រ។ មីក្រូប្លាស្ទិក ឬ Microplastic គឺជាប្រភេទកាកសំណល់ដែលមានសមាសភាគល្អិតតូចៗស្ទើរតែមើលមិនឃើញផ្ទាល់នឹងភ្នែកទទេ។ នៅក្នុងករណីគ្រឿងសមុទ្រ ត្រីត្រូវបានគេរកឃើញថាជាញឹកញាប់តែងតែស៊ីជាប់មីក្រូប្លាសិ្ទគ ដោយសារពួកវាច្រឡំថាជាចំណី។ «ជាធម្មតា ត្រីតូចៗត្រូវបានបំពង...ដូច្នេះយើងអាចហូបវាទាំងមូល»។ នេះជាការគូសបញ្ជាក់របស់លោក Mufti Petala Patria ជាសាស្ត្រាចារ្យម្នាក់ផ្នែកភាវរស់ ក្នុងសមុទ្រមកពីសាកលវិទ្យាល័យ University of Indonesia។ លោកបន្ថែមថា «នេះបានន័យថាមីក្រូបា្លស្ទិកនៅក្នុងខ្លួនត្រី ដូចជានៅក្នុងស្រកី និងគ្រឿងក្នុង ក៏នឹងត្រូវបានបរិភាគជាប់ទៅជាមួយ ដែរ»។
ភាគច្រើននៃមីក្រូបា្លស្ទិក គឺមានប្រភពមកពីផលិតផលប្រើប្រាស់ប្រចាំថ្ងៃក្នុងនោះរួមមានដបទឹកផលិតមកពីសារធាតុ polyethylene terephthalate ឬ PET និងថង់ប្លាស្ទិក។ ជាឧទាហរណ៍ PET នឹងត្រូវបំបែកជាភាគល្អិតតូចៗ នៅពេលត្រូវកម្ដៅព្រះអាទិត្យ ហើយវានឹងកាន់តែបំបែកខ្លួនតូចទៅទៀតដោយសារចរន្តទឹកសមុទ្រ និងកម្រិតអាស៊ីតនៅក្នុងទឹក។ បើតាមកម្មវិធី United Nations Environment Programme ៨០ភាគរយនៃសំណល់បាស្ទិកក្នុងសមុទ្រ មានប្រភពមកពីដីគោក ហើយក្នុងចំណោមកាកសំណល់នេះទៀតសោត សម្បូរច្រើនជាងគេ គឺផលិតផលប្លាស្ទិកប្រើបាន តែម្ដង។ កាលពីឆ្នាំ២០២០ អង្គការ Greenpeace បានរាយការណ៍ថាថង់បាស្ទិកជាង ៨៥៥ពាន់លានថង់ត្រូវបានលក់នៅជុំវិញពិភពលោក ក្នុងនោះមានពាក់កណ្ដាលត្រូវបានលក់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោក Mohammad Alaika Rahmatullah មកពីអង្គការ Ecological Observation and Wetlands Conservation (Ecoton) បាននិយាយថា «មនុស្សជាច្រើន នៅក្នុងប្រទេសឥណ្ឌូណេស៊ី ចូលចិត្តប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែម្ដង ពីព្រោះវាមានតម្លៃថោក និងងាយស្រួលយកជាប់ខ្លួនទៅកាន់គ្រប់ទីកន្លែង។
* ជះផលអាក្រក់ដល់ខួរក្បាល បេះដូង និងទារក
អ្នកជំនាញខាងសិក្សាពីសារធាតុពុលក្នុងប្រទេសហ្វីលីពីន លោក John Paul Ner ដែលធ្វើការនៅមន្ទីរពេទ្យ Bataan General Hospital and Medical Centre បាននិយាយថាមីក្រូប្លាស្ទិកតូចៗ ដែលចូលទៅក្នុងប្រព័ន្ធសរសៃឈាមអាចនឹងត្រូវបានច្រោះដោយតម្រងនោម ហើយប្រព័ន្ធភាពសុំាក៏អាចនឹងរងផលប៉ះពាល់ដោយសារមីក្រូបា្លស្ទិកផងដែរ។ ការសិក្សាមួយកាលពីឆ្នាំ២០២៤ ចុះផ្សាយ លើទស្សនាវដ្ដី Toxicology បានរកឃើញថាប្រភេទណាណូបាស្ទិគដែលមានទំហំប្រហាក់ប្រហែលនឹង DNA និងវីរុស អាចឆ្លងកាត់រនាំងឈាម និងខួរក្បាល ដែលជាកោសិកាការពារខួរក្បាលពី សារធាតុបង្កគ្រោះថ្នាក់ ខណៈអនុញ្ញាតឱ្យសារធាតុចិញ្ចឹមឆ្លងកាត់។
ក្រុមអ្នកស្រាវជ្រាវថែមទាំងបានសន្មត់ទៀតផងពីទំនាក់ទំនងរវាងមីក្រូបាស្ទិក និងការថយចុះការចងចាំ។ «ជាឧទាហរណ៍ អ្នកដែលប៉ះពាល់មីក្រូបាស្ទិកក្នុងកម្រិតខ្ពស់ គឺមានអត្រាងាយរងគ្រោះនឹង ការថយចុះការចងចាំ ច្រើនជាងអ្នកប៉ះពាល់ក្នុងកម្រិតទាប ដល់ទៅ៣៦.២៥ដង។ នេះជាការលើកឡើងរបស់លោក Pukovisa Prawiroharjo ជាអ្នកជំនាញប្រព័ន្ធប្រសាទមកពីមហាវិទ្យាវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ University of Indonesia។ ការសិក្សាពីសត្វវិញ ក៏បានរកឃើញលទ្ធផលស្រដៀងគ្នានេះដែរ។ ក្នុងឆ្នាំ២០២៣ ក្រុមអ្នកស្រាវជ្រាវបានសង្កេតឃើញថាសត្វកណ្ដុរប៉ះពាល់នឹង មីក្រូប្លាសិកក្នុងរយៈពេល ៣សប្ដាហ៍ បានបង្ហាញពីរោគសញ្ញាថយចុះការចងចាំ ស្រដៀងគ្នានឹងជំងឺវង្វេងវង្វាន់របស់មនុស្ស។
ប្រព័ន្ធបេះដូងវិញ ក៏មិនអាចរួចខ្លួនដែរ។ ការសិក្សាមួយកាលពីឆ្នាំមុន បានពិនិត្យខ្លាញ់កកក្នុងសរសៃអាទែរបស់អ្នកជំងឺមានបញ្ហាបេះដូង ដោយរកឃើញស្លាកស្នាមនៃមីក្រូប្លាស្ទិក នៅក្នុងខ្លាញ់កក សរសៃអាទែនៃអ្នកជំងឺមួយចំនួន។ អ្នកជំងឺទាំងនេះមានអត្រាប្រឈមនឹងជំងឺគាំងបេះដូង ឬដាច់សសៃឈាមខួរក្បាលខ្ពស់ជាងអ្នកជំងឺដែលគ្មានមីក្រូបាស្ទិកក្នុងសសៃអាទែដល់ទៅ ៥ដង។
លើសពីនេះទៅទៀត មីក្រូប្លាសិ្ទកថែមជះផលអាក្រក់ដល់ទារកមុនពេលកើតទៀតផង។
* ប្ដូរផ្នត់កំណត់ ដោះស្រាយបញ្ហាឱ្យចំគោលដៅ
នៅក្នុងប្រទេសហ្វីលីពីន បណ្ដាទីក្រុងជាច្រើនបានដំណើរការកម្មវិធី «Trash to Cashback» ដែលជាកម្មវិធីមួយអនុញ្ញាតឱ្យប្រជាជនដោះដូរសំរាមប្លាស្ទិកដែលអាចផលិតឡើងវិញជាមួយចំណីអាហារ ឬសម្ភារៈសំខាន់ៗ។ កម្មវិធីនេះបានដំណើរការក្នុងឆ្នាំ២០២១ ជាមួយគោលដៅកាត់បន្ថយគំនរសំរាមផលិតផលបាស្ទិកប្រើបានតែម្ដងនៅទីតាំងចាក់សំរាម។ កម្មវិធីនេះប្រមូលសំរាមប្លាស្ទិកបានជាង ៣០០ ០០០គីឡូក្រាម កាលពីឆ្នាំ២០២៤។ នៅឯប្រទេសឥណ្ឌូណេស៊ីវិញក៏ដូចគ្នាដែរ។ ក្រុមអ្នកពាក់ព័ន្ធបានពង្រីកកម្មវិធីកែច្នៃសំរាមឡើងវិញ។ ប៉ុន្តែការកែច្នៃសំរាមតែមួយមុខ មិនអាចដោះស្រាយ បញ្ហាបានគ្រប់រឿងនោះទេ។ ពីព្រោះបាស្ទិកអាចត្រូវបានកែច្នៃឡើងវិញពី២ ទៅ៣ដងតែប៉ុណ្ណោះ ហើយបន្ទាប់ពីនោះវានឹងត្រូវគេបោះចោលនៅកន្លែងចាក់សំរាមជាដដែល។
ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរបានបង្វែរការផ្ដោតរបស់ពួកគេទៅលើការពិចារណាឡើងវិញពីរបៀបដែលប្លាស្ទិកត្រូវបានផលិត និងប្រើប្រាស់។ ឥណ្ឌូណេស៊ីបានសន្យាថានឹងចាប់ផ្ដើមបញ្ឈប់ ការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែម្ដងជាដំណាក់កាលៗ នៅត្រឹមដំណាច់ឆ្នាំ២០២៩ ខណៈអាជ្ញាធរបានអនុវត្តគោលនយោបាយរឹតត្បិតការប្រើប្រាស់ផលិតផលបាស្ទិកប្រើបានតែម្ដង។ ការផ្លាស់ប្ដូរផ្នត់គំនិតក៏ជារឿងសំខាន់ដែរ។ បន្ទាប់ពីទីក្រុងហ្សាការតាហាមឃាត់ការប្រើប្រាស់ថង់ប្លាស្ទិកប្រើបានតែម្ដងនៅតាមផ្សារទំនើបៗ ក្នុងឆ្នាំ២០២០ ការប្រើប្រាស់ថង់ប្លាស្ទិក ប្រចាំឆ្នាំបានធ្លាក់ចុះ៤២ភាគរយក្នុងពេលមួយឆ្នាំ។
ប្រទេសកាន់តែច្រើនឡើងបានស្វែងរកវិធីសាស្ត្រជំរុញឱ្យអ្នកផលិតចូលរួមចំណែកទទួលខុសត្រូវ លើអាយុកាលនៃការកៃច្នៃឡើងវិញនៃផលិតផលរបស់ពួកគេ ក្នុងនោះរួមមានសំរាមនៅក្រោយ ការប្រើប្រាស់ជាដើម។ តែយ៉ាងណាក៏ដោយ លោក Deo Florence L Onda ជាសាស្ត្រាចារ្យរង មកពីវិទ្យាស្ថាន Marine Science Institute នៃសាកលវិទ្យាល័យ University of the Philippines Diliman យល់ថាប្លាស្ទិកគឺជាបញ្ហាដ៏សាំញ៉ាំ។ «ហេតុអ្វីមនុស្សប្រើប្រាស់ប្លាស្ទិក នោះក៏ដោយសារតែចាំបាច់សម្រាប់ដាក់ចំណីអាហារ ហើយអាហារដែលពួកគេមានលទ្ធភាពទិញ គឺជាអាហារខ្ចប់ ក្នុងកញ្ចប់បាស្ទិកតូចៗ»។ នេះជាការយល់ឃើញរបស់លោក Onda ដោយបន្ថែមថា «ប្រសិនបើយើងមិនអាចដោះស្រាយបញ្ហាសង្គមសេដ្ឋកិច្ចទេ វាជារឿងដ៏ពិបាកក្នុងការដោះស្រាយបញ្ហាបរិស្ថាន»៕