(បាងកក)៖ តុលាការធម្មនុញ្ញថៃ នៅថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៥ បានសម្រេចចិត្តព្យួរលោកស្រី Paetongtarn Shinawatra ពីតំណែងនាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន ជុំវិញរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនា តាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។ ការសម្រេចចិត្តខាងលើរបស់តុលាការធម្មនុញ្ញថៃ ធ្វើឡើងតាមរយៈការទទួលយកញត្តិមួយពីសមាជិកព្រឹទ្ធសភា៣៦រូប ដែលបាន ចោទប្រកាន់លោកស្រីថាគ្មានភាពស្មោះត្រង់ និងបំពានក្រមសីលធម៌ស្ដង់ដារ ដោយបំពានលើរដ្ឋធម្មនុញ្ញ។
ចៅក្រមទាំង៩រូបនៃតុលាការធម្មនុញ្ញថៃបានបង្គាប់ឱ្យលោកស្រី Paetongtarn ផ្អាកការបំពេញតួនាទីជានាយករដ្ឋមន្ត្រី ក្នុងសំឡេងគាំទ្រ ៧ ទល់ ២សំឡេងប្រឆាំង។ «តុលាការធម្មនុញ្ញជាមួយសំឡេងគាំទ្រភាគច្រើន ៧ ទល់នឹង២សំឡេងប្រឆាំង បានសម្រេចព្យួរចុងចោទ (លោកស្រី Paetongtarn) ពីតំណែងជានាយករដ្ឋមន្ត្រីចាប់តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះតទៅ រហូតដល់តុលាការចេញសាលក្រមសម្រេចចុងក្រោយ»។ នេះជា ការបញ្ជាក់របស់តុលាការធម្មនុញ្ញថៃ ក្នុងសេចក្ដីថ្លែងការណ៍មួយ។ ក្រោយទទួលយកញត្តិ តុលាការធម្មនុញ្ញថៃនឹងចាប់ផ្ដើមពិចារណាថាតើលោកស្រី Paetongtarn បានបំពានរដ្ឋធម្មនុញ្ញដែរឬក៏យ៉ាងណា ជុំវិញការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទដែលលោកស្រីបានប្រាប់ សម្ដេចតេជោថាមេបញ្ជាការភូមិភាគ២ គឺជាពួកប្រឆាំងនឹងលោកស្រី និងសម្ដេចតេជោ។ លោកស្រី Paetongtarn មានពេល១៥ថ្ងៃ ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Suriya Jungrungreangkit (មកពីគណបក្សភឿថៃ) នឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីស្ដីទី។ តុលាការធម្មនុញ្ញថៃនឹងត្រូវចេញ សាលក្រមសម្រេចថាតើត្រូវដក ឬក៏ប្រគល់តំណែងជានាយករដ្ឋមន្ត្រីឱ្យលោកស្រី Paetongtarn វិញ ហើយការចេញសាលក្រមអាចនឹងចំណាយពេលច្រើនខែ ឬលឿនជាងរំពឹងទុក។
* ទីបញ្ចប់នៃអំណាចគ្រួសារ Shinawatra?
ក្រុមអ្នកជំនាញមួយចំនួនយល់ថាលោកស្រី Paetongtarn ទំនងនឹងក្លាយជានាយករដ្ឋមន្ត្រីចុងក្រោយគេមកពីគ្រួសារ Shinawatra។ «វាអាចនឹងក្លាយជាទីបញ្ចប់នៃអំណាចគ្រួសារ Shinawatra»។ នេះជាការលើកឡើងរបស់លោក Titipol Phakdeewanich ជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយម្នាក់មកពីសាកលវិទ្យាល័យ Ubon Ratchathani University ដោយបន្ថែមថា «ការសម្រេចចិត្តរបស់ តុលាការធម្មនុញ្ញថៃមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ក៏ព្រោះថាកម្លាំងប្រឆាំងនឹងលោកស្រី Paetongtarn កាន់តែរីកធំឡើង បូករួមទាំងមូលហេតុនៃការចោទប្រកាន់ប្រឆាំងនឹងលោកស្រី»។
ការព្យួរតំណែងរបស់លោកស្រី Paetongtarn កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្រុមបាតុកររាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នាតវ៉ាក្នុងទីក្រុងបាងកក ដើម្បីទាមទារឱ្យលោកស្រីចុះចេញពីតំណែង និងតែប៉ុន្មានម៉ោង ក្រោយលោកស្រីបានបញ្ចេញសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដោយក្នុងនោះលោកស្រីនឹងកាន់តំណែងបន្ថែមជារដ្ឋមន្ត្រីក្រសួងវប្បធម៌ នៅពេលគណៈរដ្ឋមន្ត្រីថ្មីរបស់លោកស្រីស្បថចូលកាន់តែតំណែង នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។ វិបត្តិនយោបាយបានធ្វើឱ្យនាយករដ្ឋមន្ត្រីវ័យ ៣៨ឆ្នាំរូបនេះ បាត់បង់ប្រជាប្រិយភាពយ៉ាងកំហុគ។ ពោលគឺការស្ទង់មតិធ្វើឡើងដោយស្ថាប័ន National Institute of Development Administration ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមិថុនា បានបង្ហាញថាមានតែ ៩.២ភាគរយប៉ុណ្ណោះនៃអ្នកដែលត្រូវបានសម្ភាសន៍បានគាំទ្រលោកស្រី។
តាមក្រុមអ្នកជំនាញ ខណៈការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញថៃប្រហែលជាអាចនឹងបន្ធូរបន្ថយកំហឹងក្រុមបាតុករ តែវាអាចនឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ អ្នកវិនិយោគក្នុងប្រទេសថៃ ដែលកំពុងមានកំណើនសេដ្ឋកិច្ចយឺតយ៉ាវស្រាប់ ក្រោយការឆ្លងរាតត្បាតកូវីដ១៩។ មិនតែប៉ុណ្ណោះ ស្ថានការណ៍នយោបាយមិនច្បាស់លាស់ក៏អាចជះឥទ្ធិពលដល់កិច្ចចរចាអំពីបញ្ហាពន្ធគយជាមួយសហរដ្ឋអាមេរិកក្នុងសប្ដាហ៍នេះផងដែរ។
ក្រោយត្រូវបានតុលាការធម្មនុញ្ញព្យួរតំណែង លោកស្រី Paetongtarn បាននិយាយថាលោកស្រីទទួលយកការសម្រេចចិត្តរបស់តុលាការ ហើយនៅតែអះអាងថា លោកស្រីបានបំពេញភារកិច្ចដើម្បីផលប្រយោជន៍របស់ថៃ ចេញពីក្រអៅបេះដូង។ យ៉ាងណាក៏ដោយ ការប្រឈមនឹងផ្លូវច្បាប់របស់លោកស្រី មិនទាន់អស់នោះទេ។ ក្រុមអ្នកប្រឆាំង និងរិះគន់លោកស្រី ក៏បានដាក់ញត្តិទៅកាន់អជ្ញាធរប្រឆាំងអំពើពុករលួយ និងគណៈកម្មការជាតិរៀបចំការបោះឆ្នោតថៃផងដែរ ក្នុងកិច្ចប្រឹងប្រែងបង្ខំឱ្យលោកស្រីចុះចេញពីតំណែង។ ព្រមពេលជាមួយគ្នា ជម្លោះព្រំដែនជាមួយកម្ពុជាបាន និងកំពុងឡើងកម្ដៅ ដោយប្រទេសទាំង២ បានដាក់ចេញវិធានការសងសឹកគ្នាទៅវិញទៅមក ក្នុងការរឹតត្បិតលើការធ្វើពាណិជ្ជកម្ម និងបិទព្រំដែន។ កាលពីសប្ដាហ៍មុន សម្ដេចតេជោហ៊ុន សែន ក៏បានលើកឡើងផងដែរ ពីលទ្ធភាពនៃការផ្លាស់ប្ដូរមេដឹកនាំ ក្នុងប្រទេសថៃ៕