(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra នឹងត្រូវឡើងសវនាការជំនុំជម្រះជុំវិញការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រនៅសប្ដាហ៍ក្រោយ ក្នុងពេលដែលថៃកំពុងរួមរឹបដោយ វិបត្តិនយោបាយ ហើយកូនស្រីរបស់លោកកំពុងប្រឈមនឹងការទម្លាក់ចេញពីតំណែងជានាយករដ្ឋមន្ត្រី ខណៈក្រុមសកម្មជនគំរាមធ្វើបាតុកម្មទ្រង់ទ្រាយធំ។

ថៃបាន និងកំពុងប្រឈមនឹងភាពចលាចលនយោបាយសាជាថ្មី ដោយនៅប៉ុន្មានសប្ដាហ៍ខាងមុខ សវនាការជាបន្តបន្ទាប់អាចនឹងនាំទៅរកការបិទបញ្ចប់មុខតំណែងជានាយករដ្ឋមន្ត្រីរបស់លោកស្រី Paetongtarn Shinawatra រីឯលោក Thaksin ដែលជាឪពុករបស់លោកស្រីអាចនឹងត្រូវជាប់ពន្ធនាគារ។ សវនាការជំនុំជម្រះលើលោក Thaksin គ្រោងនឹងផ្ដើមធ្វើឡើងចាប់ពីថ្ងៃអង្គារ ទី១ ខែកក្កដា ជុំវិញការចោទប្រកាន់ថា រូបលោកបានប្រមាថព្រះមហាក្សត្រ ជាទោសធ្ងន់ធ្ងរបំផុតមួយក្នុងប្រទេសថៃ ដោយអ្នកប្រព្រឹត្តទោសព្រហ្មទណ្ឌនេះអាចប្រឈមជាប់ពន្ធនាគារអតិបរាមា ១៥ឆ្នាំ។ ការចោទប្រកាន់ប្រឆាំងលោក Thaksin ធ្វើឡើងដោយសំអាងលើបទសម្ភាសន៍របស់អតីតនាយករដ្ឋមន្ត្រីរូបនេះជាមួយប្រព័ន្ធផ្សព្វផ្សាយមួយរបស់កូរ៉េខាងត្បូង ក្នុងឆ្នាំ២០១៥។

សវនាការរបស់លោក Thaksin អាចនឹងមានរយៈពេល៣សប្ដាហ៍ ហើយការចេញសាលក្រមសម្រេចអាចនឹងត្រូវចំណាយពេលយ៉ាងហោច១ខែបន្ទាប់ពីការបិទបញ្ចប់សវនាការ។ ច្បាប់​ស្តី​ពីការជេរ​ប្រមាថ​ព្រះមហាក្សត្រគឺជាខែលការពារព្រះមហាក្សត្រថៃ Maha Vajiralongkorn និងសែរាជ្យវង្សជិតស្និទ្ធនឹងព្រះអង្គការពីការជេរប្រមាថ ឬបំពាន។ ប៉ុន្តែក្រុមអ្នករិះគន់បាននិយាយថាច្បាប់នេះត្រូវបានអ្នកមានអំណាច ប្រើដើម្បីរារាំងការបញ្ចញមតិ និងការជជែកដេញដោលស្របច្បាប់។ វិបត្តិនយោបាយបានកើតឡើងចំពេលថៃជាប្រទេសពឹងផ្អែកលើវិស័យទេសចរណ៍កំពុងព្យាយាមស្ដារសេដ្ឋកិច្ចរបស់ខ្លួន ខណៈកំពុងទប់ទល់ ការខូចខាតបង្កឡើងដោយការគំរាមយកពន្ធគយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ថៃក៏កំពុងមានជម្លោះព្រំដែនជាមួយកម្ពុជាផងដែរ។

* វិបត្តិកើតចេញពីកិច្ចសន្ទនាតាមទូរស័ព្ទ
រដ្ឋាភិបាលរបស់លោកស្រី Paetongtarn កំពុងប្រឈមនឹងការដួលរលំ។ រដ្ឋាភិបាលចម្រុះរបស់លោកស្រីនៅសល់សំឡេងភាគច្រើនតិចតួចប៉ុណ្ណោះ បន្ទាប់ពីគណបក្សអភិរក្សនិយម Bhumjaithai ដកខ្លួនចេញ កាលពីសប្ដាហ៍មុន ក្រោយផ្ទុះរឿងអាស្រូវកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកស្រី Paetongtarn និងសម្ដេចតេជោ ហ៊ុន សែន។ ប៉ុន្តែក្រុមអ្នកវិភាគនិយាយថាការចាកចេញពីរបស់ Bhumjaithai គឺដោយសារតែ ជម្លោះដណ្ដើមក្រសួងមហាផ្ទៃជាមួយគណបក្សភឿថៃឯណោះទេ ហើយ Bhumjaithai បានយករឿងកិច្ចសន្ទនានេះមកធ្វើជាហេតុផលនៃការដកខ្លួនចេញដើម្បីទាញយកប្រជាប្រិយភាពពីក្រុមយោធា និងអ្នកជាតិនិយមថៃ។ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទស្ដីពីជម្លោះព្រំដែន លោកស្រី Paetongtarn ត្រូវបានគេស្ដាប់ឮថាបានរិះគន់មេបញ្ជាការយោធាថៃភូមិភាគ២ ខណៈហៅសម្ដេចតេជោ ហ៊ុន សែន ថាពូ។ ក្រុមអ្នករិះគន់បានបន្ទោសនាយករដ្ឋមន្ត្រីវ័យ៣៨ឆ្នាំរូបនេះថាបានប្រមាថយោធាដែលជាស្ថាប័នមានឥទ្ធិពលមួយនៅក្នុងនយោបាយថៃ និងធ្វើឱ្យប្រទេសជាតិបាក់មុខជាមួយការអំពាវនាវឱ្យលោកស្រី ចុះចេញពីតំណែង។

លោកស្រី Paetongtarn កាលពីសប្ដាហ៍មុនបានចេញមុខសូមទោស និងប្រមូលបានការគំាទ្រពីគណបក្សជាដៃគូសេសសល់ក្នុងក្រុមចម្រុះ។ ប៉ុន្តែសមាជិកព្រឹទ្ធសភាអភិរក្សនិយមមួយក្រុមបានដាក់ញត្តិមួយ ទៅកាន់តុលាការធម្មនុញ្ញ ដើម្បីទាមទារឱ្យបណ្ដេញលោកស្រីចេញពីតំណែង។ តុលាការធម្មនុញ្ញថៃត្រូវបានរាយការណ៍ថានឹងធ្វើការសម្រេចចិត្តនៅថ្ងៃអង្គារ ទី១ ខែកក្កដា ថាតើត្រូវទទួលយកញត្តិ ឬក៏យ៉ាងណា? ខណៈប្រធានតុលាការមួយនេះគឺលោក Nakharin Mektrairat បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងសប្ដាហ៍នេះថាវាអាស្រ័យទៅលើចៅក្រមទាំង៩រូប ក្នុងការសម្រេចចិត្តលើកាលបរិច្ឆេទ។ ក្នុងករណីតុលាការ ទទួលយកញត្តិ នោះលោកស្រី Paetongtarn អាចនឹងត្រូវបានព្យួរពីតំណែងជានាយករដ្ឋមន្ត្រី ក្នុងពេលតុលាការធ្វើការពិចារណា ហើយការចេញសាលក្រមអាចនឹងត្រូវចំណាយពេលច្រើនខែ។

* សមរភូមិ ២៥ឆ្នាំ
សំណុំរឿងរបស់លោកស្រី Paetongtarn និងសវនាការជំនុះជម្រះលើឪពុករបស់លោកស្រី គឺជាសមរភូមិនយោបាយចុងក្រោយបំផុតមួយ នៃសមរភូមិនយោបាយ ២៥ឆ្នាំមកនេះរវាងក្រុមអ្នកអភិរក្សនិយម អ្នកស្មោះស្ម័គ្រនឹងយោធា និងក្រុមអ្នកមានភក្ដីភាពចំពោះព្រះមហាក្សត្រ និងរដ្ឋាភិបាលដឹកនាំដោយត្រកូល Shinawatra។ លោក Thaksin ធ្លាប់ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃចំនួន២លើក នៅអំឡុងទសវត្សរ៍ ឆ្នាំ២០០០ និងនៅតែទទួលបានការស្រឡាញ់ពីប្រជាជនរស់នៅតាមជនបទដែលជីវភាពរបស់ពួកគេបានផ្លាស់ប្ដូរដោយសារនយោបាយរបស់លោក។ ក៏ប៉ុន្តែ លោក Thaksin ត្រូវបានបណ្ដេញចេញពីអំណាច ដោយការធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០០៦ ហើយប្អូនស្រីបង្កើតរបស់លោក គឺលោកស្រី Yingluck Shinawatra មានវាសនាដូចរូបលោកដែរក្នុងឆ្នាំ២០១៤។ រីឯនាយករដ្ឋមន្ត្រីផ្សេងទៀតមកចលនានយោបាយរបស់ លោក Thaksin ត្រូវបានបណ្ដេញចេញពីតំណែងតាមរយៈសាលក្រមតុលាការ។ ១៥ឆ្នាំក្រោយរស់នៅនិរទេសខ្លួននៅឯបរទេស លោក Thaksin បានត្រឡប់ចូលប្រទេសថៃវិញ នៅខែសីហា ឆ្នាំ២០២៣។ ភ្លាមៗ ក្រោយការធ្វើមាតុភូមិនិវត្តន៍ លោកត្រូវបាននាំខ្លួនទៅកាន់មន្ទីរឃុំឃាំងដើម្បីអនុវត្តទោសជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ពីបទពុករលួយ និងរំលោភអំណាច។ តែមិនយូរប៉ុន្មាន លោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោមហេតុផលសុខភាព និងក្រោយមកទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។ លោក Thaksin បច្ចុប្បន្នក្រៅពីប្រឈមនឹងសវនាការពីបទប្រមាថព្រះមហាក្សត្រ លោកក៏កំពុងស្ថិតក្រោមការស៊ើបអង្កេត ដាច់ដោយឡែកមួយទៀតថាតើលោកពិតមានបញ្ហាសុខភាពអំឡុងពេលត្រូវឃុំខ្លួននោះមែនដែរឬទេ? ហើយការបង្ហាញខ្លួនជាសាធារណៈជាប្រចាំរបស់លោក Thaksin ហាក់បានធ្វើឱ្យគូសត្រូវចាស់របស់លោក ខឹងសម្បារ និងមិនអស់ចិត្ត។

លោក Paradorn Pattanatabut ជាអតីតអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិថៃ បានលើកឡើងថា «សត្រូវរបស់លោក Thaksin មិនបានបាត់ទៅណានោះទេ។ ពួកគេនៅតែតាមក្រវែលជុំវិញលោក Thaksin ហើយសត្រូវថ្មីរបស់លោកចាប់ផ្ដើមលេចមុខ រីឯមិត្តបានក្លាយជាសត្រូវ»។ នៅក្នុងប្រទេសមួយដូចជាថៃដែលជួបប្រទះរដ្ឋប្រហាររាប់សិបលើកចាប់តាំងពីបិទបញ្ចប់របបរាជានិយមផ្ដាច់ការក្នុងឆ្នាំ១៩៣២ វិបត្តិដែល កំពុងកើតឡើងបានបង្កើតជាការសង្ស័យពីលទ្ធភាពដែលយោធាធ្វើអន្តរាគមន៍បណ្ដេញលោកស្រី Paetongtarn ពីអំណាច។ មិនតែប៉ុណ្ណោះ Facebook pages ដែលមានសម្ព័ន្ធភាពជាមួយយោធាថៃ ក៏បាន បង្ហោះសារគាំទ្រឱ្យយោធាធ្វើអន្តរាគមន៍ដែរ។ តែក្រុមអ្នកវិភាគ និងមន្ត្រីសន្តិសុខថៃបាននិយាយថាការធ្វើរដ្ឋប្រហារដោយការដាក់ពង្រាយរថក្រោះនៅតាមដងផ្លូវ មានភាគរយតិចណាស់ថានឹងកើតឡើង ពីព្រោះ យោធាអាចធ្វើរដ្ឋប្រហារដ៏ស្ងៀមស្ងាត់ តាមរយៈសាលក្រមតុលាការធម្មនុញ្ញ ឬស្ថាប័នផ្សេងទៀតដូចជាគណៈកម្មការរៀបចំបោះឆ្នោត។

គួរបញ្ជាក់ថា តុលាការធម្មនុញ្ញថៃធ្លាប់បានព្យួរតំណែងរបស់អតីតនាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា ក្នុងឆ្នាំ២០២២​ និងបានប្រគល់អំណាចឱ្យរូបលោកវិញ។ ក៏ប៉ុន្តែ តុលាការនេះដដែលបានចេញសាលក្រម ទម្លាក់លោក Srettha Thavisin ក្នុងឆ្នាំ២០២៤ និងលោកស្រី Yingluck ក្នុងឆ្នាំ២០១៤៕