(វ៉ាស៊ីនតោន)៖ ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើរោងចក្រនុយក្លេអ៊ែរចំនួន៣របស់អ៉ីរ៉ង់ ត្រូវបានក្រុមអ្នកជំនាញមើលឃើញថាអាចនឹងផ្លាស់ប្ដូរការគិតរបស់អ៉ីរ៉ង់ថាតើគួរ ឬមិនគួរផលិតអាវុធនុយក្លេអ៊ែរ? នៅមុនការវាយប្រហារលើអ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនា ទីភ្នាក់ងារស៊ើ​បការណ៍សម្ងាត់អាមេរិកបានវាយតម្លៃថាអ៉ីរ៉ង់មិនទាន់សម្រេចចិត្តផលិត អាវុធនុយក្លេអ៊ែរនោះទេ បើទោះជាបានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមជិតដល់កម្រិតអាចផលិតគ្រាប់បែកនុយក្លេអ៊ែរក៏ដោយ។ មិនតែប៉ុណ្ណោះ សូម្បីតែជាងមួយសប្ដាហ៍នៃការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើអ៉ីរ៉ង់ ក៏មន្ត្រីចារកម្មអាមេរិកជាន់ខ្ពស់ម្នាក់បាននិយាយថាអ៉ីរ៉ង់នៅតែបន្តអនុវត្តតាមច្បាប់ហាមឃាត់ការកាន់កាប់អាវុធនុយក្លេអ៊ែរ។

ក៏ប៉ុន្តែ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកជឿថាការហាមឃាត់បែបនេះនឹងត្រូវបានផ្លាស់ប្ដូរ ប្រសិនបើសហរដ្ឋអាមេរិកចូលរួមក្នុងសង្រ្គាម និងវាយប្រហារលើរោងចក្រនុយក្លេអ៊ែរ Fordow ឬក៏បើអ៉ីស្រាអែលសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក​ Ayatollah Ali Khamenei។ សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ បានទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរ Fordow និងរោងចក្រនុយក្លេអ៊ែរ២ផ្សេងទៀតរបស់អ៉ីរ៉ង គឺ Natanz និង Asfahan។ «ការពិតមួយនៅទីនេះ នោះគឺការវាយប្រហារលើអ៉ីរ៉ង់ដោយសហរដ្ឋអាមេរិកនឹងជំរុញឱ្យអ៉ីរ៉ង់កាន់តែមានចិត្ត ចង់បានអាវុធនុយក្លេអ៊ែរ»។ នេះបើតាមលោកស្រី Rosemary Kelanic ជានាយកម្មវិធីមជ្ឈិមបូព៌ាមកពីវិទ្យាស្ថាន Defense Priorities។ លោកស្រីយល់ថាបើទោះការវាយប្រហារ បានកម្ទេច ឬបង្កការខូចខាតធ្ងន់ធ្ងរដល់រោងចក្រនុយក្លេអ៊ែរក៏ដោយ តែចាប់ពីពេលនេះទៅ អ៉ីរ៉ង់នឹងកាន់តែមានមហិច្ឆតាខ្លាំងជាងពេលណាៗទាំងអស់ ដើម្បីកសាងសមត្ថភាពរបស់ពួកគេ ឡើងវិញដោយមិនត្រឹមតែបន្តចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមប៉ុណ្ណោះទេ ពោលគឺសម្លឹងទៅរកការផលិតអាវុធនុយក្លេអ៊ែរតែម្ដង។

តាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ការវាយប្រហារពីអ៉ីស្រាអែលលើរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់ អាចបង្អាក់ដំណើរការចម្រាញ់អ៊ុយរ៉ាញ៉ូម និងការឆ្ពោះទៅរកការផលិតអាវុធនុយក្លេអ៊ែរ បានរយៈពេល ៦ខែ។ ចំណែក ការវាយប្រហារដោយជោគជ័យណាមួយរបស់សហរដ្ឋអាមេរិកលើរោងចក្រ Fordow ដោយប្រើយន្ដហោះទម្លាក់គ្រាប់បែក​ B-2 ទម្លាក់គ្រាប់បែក GBU-57 ត្រូវបានវាយតម្លៃថាអាចបង្អាក់ដំណើរការនៃកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់រយៈពេល ៥ឆ្នាំ។ តែគេមិនទាន់ច្បាស់ថាតើក្រុមមន្ត្រីអាមេរិកអាចនឹងប្រើពេលលឿនកម្រិតណាដើម្បីវាយតម្លៃពីការខូចខាត នៃរោងចក្រ Fordow និងរោងចក្រនុយក្លេអ៊ែរ២ផ្សេងទៀតនោះទេ។ តាមក្រុមអ្នកជំនាញ អនាគតកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ នឹងអាស្រ័យលើទំហំខូចខាត និងថាតើអ៉ីរ៉ង់នៅមាន ឬក៏នៅសល់ រោងចក្រនុយក្លេអ៊ែរសម្ងាត់ប៉ុន្មានទៀត ព្រមទាំងជំហរចរចារបស់តេហេរ៉ង់ជាមួយសហរដ្ឋអាមេរិក។

ខណៈសមត្ថភាពរបស់អ៉ីរ៉ង់ដើម្បីផលិតអាវុធនុយក្លេអ៊ែរប្រហែលជាត្រូវបានធ្វើឱ្យចុះខ្សោយ មន្ត្រីចារកម្មអាមេរិកជាច្រើនជឿថាការតាំងចិត្តរបស់អ៉ីរ៉ង់នឹងកើនឡើង។ ក៏ព្រោះតែការការពារខ្លួន ដោយអាវុធទូទៅធម្មតាទប់ទល់នឹងការវាយប្រហារពីអ៉ីស្រាអែលកន្លងមកនេះ បានបង្ហាញពីភាពទន់ខ្សោយ ក្នុងបរិបទអាវុធនុយក្លេអ៊ែរត្រូវបានគេមើលឃើញថានៅតែជាមធ្យោបាយកំញើញ សត្រូវដ៏ប្រសើរបំផុត។ ដូច្នេះ ក្រុមមន្ត្រីអាមេរិកយល់ថាមេដឹកនាំអ៉ីរ៉ង់អាចនឹងឈានដល់ការសន្និដ្ឋានមួយថាការផលិត ឬការកាន់កាប់អាវុធនុយក្លេអ៊ែរ គឺជាមធ្យោបាយតែមួយគត់ដើម្បី ទប់ស្កាត់ការវាយប្រហារនៅពេលអនាគត ឬក៏ដើម្បីធានាអាយុជីវិតនៃរបបដឹកនាំរបស់ខ្លួន។

ម្យ៉ាងវិញទៀត បើសហរដ្ឋអាមេរិកបរាជ័យក្នុងការបំផ្លាញសមត្ថភាពនុយក្លេអ៊ែររបស់អ៉ីរ៉ង់ អ៉ីរ៉ង់អាចនឹងព្យាយាមបង្កើនល្បឿនឆ្ពោះទៅរកការផលិតគ្រាប់បែកនុយក្លេអ៊ែរ ដោយប្រើប្រាស់ អ៊ុយរ៉ាញ៉ុមចម្រាញ់រួចដែលស្ដុកទុកជាសម្ងាត់។ Centrifuges ដែលជាម៉ាស៊ីនចម្រាញ់អ៊ុយរ៉ាញ៉ូមនឹងត្រូវបានប្រើជាចំាបាច់ដើម្បីចម្រាញ់អ៊ុយរ៉ាញ៉ូមឱ្យដល់កម្រិតផលិតគ្រាប់បែកនុយក្លេអ៊ែរ ហើយអ៉ីរ៉ង់ត្រូវបានគេជឿថាប្រហែលជាបានលាក់ទុកម៉ាស៊ីន Centrifuges នៅកន្លែងសម្ងាត់។ ក្រុមអ្នកជំនាញ កាលពីពេលថ្មីៗនេះបាននិយាយថា វានឹងក្លាយជាកិច្ចការមួយដ៏លំបាកសម្រាប់ អ៉ីស្រាអែល ឬសហរដ្ឋអាមេរិកក្នុងការស្វែងរកអ៊ុយរ៉ាញ៉ូមចម្រាញ់រួច និងម៉ាស៊ីន Centrifuges ដែលអ៉ីរ៉ង់បានលាក់ទុក។ ដើម្បីធ្វើកិច្ចការនេះអាមេរិក និងអ៉ីស្រាអែលត្រូវបញ្ជូនកុម្ម៉ង់ដូរ ចូលទៅក្នុងប្រទេសអ៉ីរ៉ង់ដោយផ្ទាល់តែម្ដង ដើម្បីតាមរក និងបំផ្លាញចោល។ ប្រសិនបើបរិក្ខារនៅឯរោងចក្រនុយក្លេអ៊ែរ Fordow និងរោងចក្រ២ផ្សេងទៀត ត្រូវបានបំផ្លាញ នោះសមត្ថភាព អភិវឌ្ឍនុយក្លេអ៊ែររបស់អ៉ីរ៉ង់នឹងត្រូវបានលុបបំបាត់មួយផ្នែកធំ ដែលធ្វើឱ្យអ៉ីរ៉ង់ពិបាកនឹងស្ដារសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនបានឡើងវិញភ្លាមៗ។

នៅមុនការវាយប្រហាររបស់សហរដ្ឋអាមេរិក ការវាយតម្លៃថាតើអ៉ីរ៉ង់ត្រូវចំណាយពេលប៉ុន្មានខែ ឬប៉ុន្មានឆ្នាំដើម្បីផលិតអាវុធនុយក្លេអ៊ែរ គឺខុសៗគ្នា។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថាអ៉ីរ៉ង់អាចនឹងផលិតបានអាវុធនុយក្លេអ៊ែរដោយប្រើពេល ២សប្ដាហ៍ ហើយការវាយតម្លៃនេះស្របគ្នាទៅនឹងការវាយតម្លៃរបស់លោក Michael E.Kurilla ជាមេបញ្ជានៃទីបញ្ជាការកណ្ដាលអាមេរិក។ ក្រុមមន្ត្រីអាមេរិកបានបញ្ជាក់ថាអ៉ីស្រាអែលក៏បានធ្វើការវាយតម្លៃដូចគ្នានេះដែរ។ ប៉ុន្តែ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានធ្វើការសន្និដ្ឋាន ថាអ៉ីរ៉ង់នឹងត្រូវប្រើពេលយ៉ាងហោចមួយឆ្នាំ ដើម្បីចម្រាញ់អ៊ុយរ៉ាញ៉ូមឱ្យដល់កម្រិតផលិតក្បាលគ្រាប់ និងបង្រួមក្បាលគ្រាប់នុយក្លេអ៊ែរដើម្បីបំពាក់លើមីស៊ីល៕