(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី១១ ខែមិថុនា បាននិយាយថាបុគ្គលិកមួយចំនួនរបស់រដ្ឋាភិបាលអាមេរិកនឹងត្រូវចាកចេញពីតំបន់មជ្ឈិមបូព៌ា ដោយសារតែ តំបន់នេះអាចនឹងក្លាយជាកន្លែងដ៏គ្រោះថ្នាក់ ជាមួយការប្ដេជ្ញាថាសហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរនោះទេ។ Reuters កាលពីថ្ងៃពុធ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពី ក្រុមមន្ត្រីអ៉ីរ៉ាក់ និងអាមេរិក ក៏បានរាយការណ៍ដែរថាសហរដ្ឋអាមេរិកកំពុងត្រៀមលក្ខណៈជម្លៀសបុគ្គលិករបស់ខ្លួនមួយចំនួនចេញពីស្ថានទូតអាមេរិកប្រចាំប្រទេសអ៉ីរ៉ាក់ ហើយនឹងអនុញ្ញាតឱ្យក្រុមគ្រួសារ របស់យោធាចាកចេញពីមជ្ឈិមបូព៌ា នៅចំពោះមុខការកើនឡើងហានិភ័យសន្តិសុខក្នុងតំបន់។
ប៉ុន្តែ មិនមានការបញ្ជាក់លម្អិតថាតើអ្វីទៅជាហានិភ័យសន្តិសុខដែលជំរុញឱ្យមានការសម្រេចចិត្តខាងលើឡើយ ខណៈសេចក្ដីរាយការណ៍ពីលទ្ធភាពនៃការជម្លៀសបុគ្គលិកអាមេរិកបានធ្វើឱ្យប្រេងឡើងថ្លៃ ៤ភាគរយ។ តាមមន្ត្រីអាមេរិកម្នាក់ ក្រសួងការបរទេសអាមេរិក ក៏បានអនុញ្ញាតឱ្យបុគ្គលិកអាមេរិកដែលមិនមានភារកិច្ចចាំបាច់ស្ម័គ្រចិត្តចាកចេញពីប្រទេសបារ៉ែន និងកូវ៉ែតផងដែរ។ ការសម្រេចចិត្តបែបនេះ របស់សហរដ្ឋអាមេរិក ត្រូវបានក្រុមអ្នកជំនាញមើលឃើញថាជាសញ្ញាមួយនៃការត្រៀមវាយប្រហាររបស់អាមេរិក ឬអ៉ីស្រាអែលលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ ឬក៏អាចជាការបញ្ជូនសារមួយទៅឱ្យអ៉ីរ៉ង់ថា សហរដ្ឋអាមេរិកកំពុងត្រៀមលក្ខណៈធ្វើសកម្មភាពយោធា នៅមុនកិច្ចចរចានុយក្លេអ៊ែរជាមួយតេហេរ៉ង់ត្រូវបានរំពឹងថានឹងប្រព្រឹត្តទៅក្នុងសប្ដាហ៍នេះ។
ការប្រកាសពីជម្លៀសបុគ្គលិកដែលមិនមានភារកិច្ចចាំបាច់ចេញពីតំបន់មជ្ឈិមបូព៌ា កើតឡើងមានចំពេលឱសានវាទរបស់លោក ត្រាំ សម្រាប់កិច្ចចរចានុយក្លេអ៊ែរជិតដល់ពេលវេលាកំណត់ ហើយលោកផ្ទាល់ បានបង្ហាញការខកចិត្តជាសាធារណៈចំពោះភាពរីកចម្រើនតិចតួច ក្នុងកិច្ចចរចាជាមួយអ៉ីរ៉ង់ប៉ុន្មានជុំមកនេះ។ កាសែតអាមេរិក Washington Post បានរាយការណ៍ថាកិច្ចចរចាដែលគ្រោងនឹងធ្វើឡើងក្នុង សប្ដាហ៍នេះហាក់ទំនងជានឹងមិនអាចធ្វើទៅកើតឡើយ។ តាមក្រសួងការបរទេសអាមេរិក បុគ្គលិកស្ថានទូតអាមេរិកប្រចាំប្រទេសអ៉ីរ៉ាក់នឹងត្រូវបានកាត់បន្ថយ រីឯមន្ទីរបញ្ចកោណបានអនុញ្ញាតឱ្យសមាជិក ក្រុមគ្រួសាររបស់យោធាអាមេរិកអាចចាកចេញពីមជ្ឈិមបូព៌ាដោយស្ម័គ្រចិត្ត។ ចំណែក ចក្រភពអង់គ្លេសវិញបានព្រមានពីហានិភ័យនៃកើនឡើងសកម្មភាពយោធា ក្នុងតំបន់មជ្ឈិមបូព៌ា។
លោកស្រី Dana Stroul ជានាយកស្រាវជ្រាវមកពីវិទ្យាស្ថាន Washington Institute for Near East Policy និងជាអតីតឧបការីរងរដ្ឋមន្ត្រីការពារជាតិអាមេរិកទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ា បាននិយាយថា រដ្ឋបាលលោក ត្រាំ ធ្លាប់បានចេញបទបញ្ជាឱ្យកាត់បន្ថយបុគ្គលិកស្ថានទូតអាមេរិកប្រចាំប្រទេសអ៉ីរ៉ាក់ នៅចុងអាណត្តិទី១របស់លោក ត្រាំ។ «នេះជាផ្នែកមួយនៃយុទ្ធសាស្ត្រគោលនយោបាយអ៉ីរ៉ង់ អំឡុងអាណត្តិទី១ របស់លោក ត្រាំ ដើម្បីបង្កើនការដាក់សម្ពាធលើតេហេរ៉ង់ កុំឱ្យបើកការវាយប្រហារលើកងកម្លាំងអាមេរិក។ ដូច្នេះមនុស្សមួយចំនួនដែលធ្វើការសម្រេចចិត្តទាំងនេះនៅក្នុងផ្ទៃក្នុងនៃរដ្ឋបាលលោក ត្រាំ ប្រហែលជា មើលឃើញថាការកាត់បន្ថយបុគ្គលិកក្នុងតំបន់នៅពេលនេះ គឺជាផ្នែកមួយនៃការបង្កើនការដាក់សម្ពាធប្រឆាំងអ៉ីរ៉ង់តែប៉ុណ្ណោះ»។ នេះជាការកត់សម្គាល់របស់លោកស្រី Dana Stroul។ អ្នកជំនាញរូបនេះយល់ថា ការកាត់បន្ថយចំនួនសមាជិកគ្រួសាររបស់យោធាក្នុងតំបន់ជាជំហានទី១របស់អ្នករៀបចំផែនការយោធា ប្រសិនបើពួកគេកំពុងព្យាយាមកាត់បន្ថយហានិភ័យដល់បុគ្គលិកអាមេរិក មុននឹងប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ណាមួយត្រូវធ្វើឡើង។ លោកស្រី Stroul បានគូសបញ្ជាក់បន្ថែមថា «ប្រសិនបើអ្នកចង់កាត់បន្ថយហានិភ័យ មុននឹងប្រតិបត្តិការយោធាទ្រង់ទ្រាយធំណាមួយធ្វើឡើង នេះជាអ្វីដែលអ្នកត្រូវធ្វើ។ ប៉ុន្តែក្នុងពេលនេះ ការជម្លៀសត្រូវធ្វើឡើងដោយស្ម័គ្រចិត្ត មិនមែនជាបទបញ្ជានោះទេ»។
តាមលោកស្រី Stroul កិច្ចសន្ទនាតាមទូរស័ព្ទថ្មីៗនេះរវាងលោក ត្រាំ និងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu គួបផ្សំជាមួយការអត្ថាធិប្បាយជាសាធារណៈរបស់លោក ត្រាំថារូបលោកខកចិត្ត ចំពោះគោលជំហររបស់អ៉ីរ៉ង់ក្នុងកិច្ចចរចា អាចជាការបញ្ជូនសារមួយទៅឱ្យអ៉ីរ៉ង់ថាការអត់ធ្មត់មានដែនកំណត់។ យល់ឃើញស្រដៀងគ្នានេះដែរ លោក John Hannah ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថាន Jewish Institute for National Security of America និងជាអតីតទីប្រឹក្សាសន្តិសុខជាតិរបស់អតីតអនុប្រធានាធិបតីអាមេរិក លោក Dick Cheney បាននិយាយថារដ្ឋបាលលោក ត្រាំ កំពុងបញ្ជូនសារ មិនច្បាស់លាស់មួយទៅឱ្យអ៉ីរ៉ង់មុនកិច្ចចរចាជុំបន្ទាប់ ថាការអត់ធ្មត់របស់សហរដ្ឋអាមេរិកមានដែនកំណត់ ហើយពេលវេលាសម្រាប់អ៉ីរ៉ង់កាន់តែខើចទៅៗ និងទុកឱ្យអ៉ីរ៉ង់ស្មានថាតើអាមេរិកកំពុង ហើយអាចនឹងធ្វើអ្វី? «ការប្រកាសពីការជម្លៀសបុគ្គលិកទូតចេញពីមជ្ឈិមបូព៌ា អាចមានគោលដៅចម្បងគេ នោះគឺចង់មានឥទ្ធិពលលើគោលជំហររបស់អ៉ីរ៉ង់នៅក្នុងកិច្ចចរចា និងរំឮកថាវាជាឱកាសចុងក្រោយដើម្បីចុះកិច្ចព្រមព្រៀង ឬក៏ ត្រូវប្រឈមមុខនឹងការវាយប្រហារពីសហរដ្ឋអាមេរិក»។ នេះជាការយល់ឃើញរបស់លោក John Hannah ដោយបន្ថែមថាលោក ត្រាំ កំពុងធ្វើឱ្យអ៉ីរ៉ង់ដេកមិនលក់បក់មិនល្ហើយ ព្រោះត្រូវសញ្ជឹងគិត ឬស្មានថាតើអ្វីទៅ ដែលពួកគេនឹងត្រូវប្រឈមមុខ ហើយបើពួកគេស្មាន ឬទាយខុស នោះលទ្ធផលអាចនឹងបង្កទៅជាមហន្តរាយ។
លោក Mark Dubowitz ជា CEO មូលិនិធិ Foundation for Defense of Democracies បានចាត់ទុកថាការជម្លៀសបុគ្គលិកទូតមិនមានភារកិច្ចចាំបាច់ចេញពីតំបន់មជ្ឈិមបូព៌ារបស់រដ្ឋបាលលោក ត្រាំ គឺជាតាក់ទិក មួយនៃកិច្ចចរចា។ លោកបន្ថែមថា «នៅមុនកិច្ចចរចាជុំទី៦ ដែលគេរំពឹងថានឹងត្រូវធ្វើឡើងក្នុងសប្ដាហ៍នេះ សហរដ្ឋអាមេរិកចង់បញ្ជូនសញ្ញាថាបរាជ័យនៅឯកិច្ចចរចានឹងនាំទៅរកផលវិបាកយ៉ាងពិតប្រាកដ និងជាសារមួយប្រាប់ទៅកាន់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Khamenei ថា «អ្នកអាចបញ្ចប់បញ្ហាដោយសន្តិវិធី ឬក៏ចង់ប្រឈមមុខនឹងសង្រ្គាម»។
ក៏ប៉ុន្តែ សម្រាប់លោក Jason Brodsky ជានាយកគោលនយោបាយសម្រាប់អង្គការ United Against Nuclear Iran បាននិយាយថាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនៅពេលនេះ ហាក់ដូចជាសញ្ញានៃការត្រៀម ធ្វើសកម្មភាព ដោយលោកសំអាងលើការផ្ដល់សក្ខីកម្មនៅចំពោះមុខសភាអាមេរិកដោយលោកឧត្តមសេនីយ៍ Erik Kurilla ដែលដឹកនាំទីបញ្ជាការកណ្ដាលយោធាអាមេរិក ឬហៅកាត់ថា Centcom គ្រោងនឹងធ្វើឡើង ព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះត្រូវបានលើកពេល។ តាមលោក Brodsky ប្រសិនបើការជម្លៀសបុគ្គលិកគ្រាន់តែជាការបញ្ជូនសារមួយ តើហេតុអ្វីបានជាការផ្ដល់សក្ខីកម្មរបស់លោក Kurilla ត្រូវបានលើកពេល?
គួរបញ្ជាក់ថា បើទោះជាចង់ដោះស្រាយជាមួយអ៉ីរ៉ង់តាមការទូតក៏ដោយ លោក ដូណាល់ ត្រាំបានព្រមានម្ដងហើយម្ដងទៀតថានឹងប្រើកម្លាំងយោធាលើអ៉ីរ៉ង់ ប្រសិនបើកិច្ចចរចានុយក្លេអ៊ែរមិនអាចសម្រេចបានលទ្ធផល អ្វីទេនោះ ហើយនៅក្នុងបទសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃពុធ លោក ត្រាំ បានព្រលយទៀតថារូបលោកកំពុងបាត់បង់ជំនឿចិត្តថាអ៉ីរ៉ង់នឹងយល់ព្រមបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ខណៈមានសេចក្ដីរាយការណ៍ថាអ៉ីស្រាអែលកំពុងត្រៀមលក្ខណៈវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ ទោះជាមាន ឬគ្មានការគាំទ្រពីសហរដ្ឋអាមេរិកក៏ដោយ៕