(វ៉ាស៊ីនតោន)៖ អ៊ុយក្រែន កាលពីថ្ងៃទី១ ខែមិថុនា បានបើកការវាយប្រហារដោយប្រើដ្រូនទ្រង់ទ្រាយធំមួយលើមូលដ្ឋានទ័ពអាកាសចំនួន៤ ស្ថិតនៅយ៉ាងជ្រៅក្នុងទឹកដីរុស្ស៉ី ក្នុងនោះរួមមានទាំង មូលដ្ឋានទ័ពអាកាសមួយក្នុងតំបន់ស៊ីបេរី ដែលស្ថិតនៅចម្ងាយជាង ៤៨០០គីឡូម៉ែត្រពីទីក្រុងកៀវ។ នេះជាការវាយប្រហាររយៈចម្ងាយឆ្ងាយបំផុតមួយរបស់អ៊ុយក្រែនចាប់តាំងពីរុស្ស៉ី បើកការឈ្លានពានកាលពីឆ្នាំ២០២២មក។ តាមចារកម្មយោធាអ៊ុយក្រែន ប្រតិបត្តិការខាងលើមានឈ្មោះថា «សំណាញ់ពីងពាង» ដោយអ៊ុយក្រែនបានប្រើដ្រូន១១៧គ្រឿងដែលត្រូវបានលួចលាក់ នាំចូលទៅកាន់រុស្ស៉ី។ ការវាយប្រហារនេះបានបំផ្លាញយន្ដហោះទម្លាក់គ្រាប់បែករុស្ស៉ី ៤១គ្រឿង ក្នុងនោះមានទាំងយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រនុយក្លេអ៊ែរផងដែរ ហើយគិតជាទឹកប្រាក់ រុស្ស៉ីខាតអស់ ៧ពាន់លានដុល្លារ។
ប្រតិបត្តិការសំណាញ់ពីងពាងរបស់អ៊ុយក្រែនបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសពីនៅលើបណ្ដាប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច។ ប៉ុន្តែសម្រាប់អ្នកវិភាគ ដូចជាលោក George Beebe ជាអតីតនាយកស្ថាប័នវិភាគពីរុស្ស៉ីមកពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើមូលដ្ឋានយន្ដហោះទម្លាក់គ្រាប់បែករុស្ស៉ី នឹងមិនបង្កផល ប៉ះពាល់ធ្ងន់ធ្ងរដល់សមត្ថភាពនុយក្លេអ៊ែររបស់រុស្ស៉ីឡើយ។ តែអ្វីដែលគេត្រូវបារម្ព នោះគឺថាតើរុស្ស៉ីនឹងសងសឹកអ៊ុយក្រែនវិញយ៉ាងដូចម្ដេច? រុស្ស៉ីកាលពីពេលថ្មីៗនេះបានកែប្រែគោលនយោបាយ ស្ដីពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយក្នុងនោះមានចំណុចមួយចែងថាការវាយប្រហារពីសំណាក់សត្រូវ លើហេដ្ឋារចនាសម្ព័ន្ធរដ្ឋ ឬយោធាសំខាន់ៗនឹងជំរុញឱ្យរុស្ស៉ីប្រើអាវុធនុយក្លេអ៊ែរ ហើយ ការវាយប្រហារ ឬឈ្លានពានដោយប្រទេសមួយមិនមានអាវុធនុយក្លេអ៊ែរ តែត្រូវបានគាំទ្រដោយរដ្ឋមានអាវុធនុយក្លេអ៊ែរនឹងត្រូវបានចាត់ទុកថាជាការចូលដៃគ្នាវាយប្រហារលើរុស្ស៉ី។
ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនបានបង្ហាញពីកម្សោយខាងសន្តិសុខរបស់រុស្ស៉ី និងជាដ៏អាម៉ាសមួយសម្រាប់លោក ពូទីន។ ក្នុងន័យនេះ លោក ពូទីន អាចកំពុងប្រឈមមុខនឹងសម្ពាធឱ្យ ចាត់វិធានការឆ្លើយតបក្រោមទម្រង់ណាមួយ រីឯទីប្រឹក្សារបស់លោកជាច្រើនអាចនឹងកំពុងផ្ដល់យោបល់ថា «យើងមិនអាចនៅស្ងៀមបាននោះទេ ពីព្រោះបើយើងនៅស្ងៀមមិនធ្វើអ្វីសោះ នោះវាជា ការបញ្ជូនសារមួយថាអ៊ុយក្រែន និងសម័្ពន្ធលោកខាងលិចរបស់ខ្លួនអាចបន្តវាយប្រហារឆ្លងដែនលើទឹកដីរុស្ស៉ី។ ឥលូវពួកគេបានឆ្លងបន្ទាត់ក្រហមរបស់ពួកយើង ដែលនេះច្បាស់ណាស់វាបានចូល ទៅក្នុងគោលនយោបាយនុយក្លេអ៊ែរថ្មីរបស់ពួកយើង»។ នេះជាការយល់ឃើញរបស់លោក George Beebe។
ទីនេះឯងជាអ្វីដែលក្រុមអ្នកវិភាគកំពុងព្រួយបារម្ភ។ បច្ចុប្បន្ន លោក ពូទីនគឺជាសម្រេចចិត្តចុងក្រោយថាតើលោកនឹងទទួលយកយោបល់បែបនេះដែរឬក៏យ៉ាងណា? តាមលោក George Beebe ការវាយប្រហារដោយប្រើដ្រូនរបស់អ៊ុយក្រែនទំនងជានឹងមិនបង្កឱ្យមានការប្រឈមមុខដោយផ្ទាល់ភ្លាមៗរវាងសហរដ្ឋអាមេរិក និងរុស្ស៉ីនោះទេ។ ប៉ុន្តែ គេក៏មិនពិបាកស្រមៃដែរថាលោក ពូទីន នឹងចាត់វិធានការសងសឹកឬក៏អត់? លោក ពូទីនប្រហែលជាអាចនឹងប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik ដើម្បីវាយប្រហារលើមូលដ្ឋានស្ថិតនៅយ៉ាងជ្រៅទៅក្នុងដី ទីបញ្ជាការគ្របគ្រង់របស់យោធាអ៊ុយក្រែន។
យ៉ាងណាក៏ដោយ លោក George យល់ថា ថាតើរុស្ស៉ីនឹងឆ្លើយតបវិញបែបណានោះ វាក៏អាស្រ័យទៅលើលោក ដូណាល់ ត្រាំផងដែរ។ ថាតើលោក ត្រាំនឹងទំនាក់ទំនងទៅកាន់លោក ពូទីន ដើម្បី ជជែកពីអ្វីដែលបានកើតឡើង និងបញ្ជាក់ប្រាប់លោក ពូទីនឱ្យបានច្បាស់ថាសហរដ្ឋអាមេរិកមិនបានចូលរួម ឬក៏គាំទ្រការវាយប្រហាររបស់អ៊ុយក្រែននោះទេ ហើយថាវាជារឿងដែលអាមេរិកមិនចង់ ឃើញកើតឡើងសាជាថ្មី ដែរឬក៏យ៉ាងណា? ដូច្នេះប្រសិនបើលោក ពូទីន មិនបានទទួលការធានាយ៉ាងរឹងមាំពីលោក ត្រាំថាសហរដ្ឋអាមេរិកក៏ជំទាស់នឹងការវាយប្រហាររបស់អ៊ុយក្រែនដែរទេ នោះលោក ពូទីន អាចនឹងសងសឹកយ៉ាងចាស់ដៃវិញលើអ៊ុយក្រែន៕