(សេអ៊ូល)៖ បេក្ខជនប្រធានាធិបតីសេរីនិយមរបស់កូរ៉េខាងត្បូង លោក Lee Jae-myung បាននិយាយនៅក្នុងការបង្ហោះមួយលើ Facebook នៅថ្ងៃចន្ទ ទី២៦ ខែឧសភាថាលោកនឹង ព្យាយាមស្ដារឡើងវិញនូវការទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង ក្នុងនោះរួមមានការទំនាក់ទំនងគ្នាតាមរយៈខ្សែទូរស័ព្ទយោធាបន្ទាន់ ប្រសិនបើរូបលោកជាប់ឆ្នោតជា ប្រធានាធិបតី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Lee Jae-myung ដែលជាបេក្ខជនប្រធានាធិបតីឈានមុខគេនៅក្នុងការស្ទង់មតិមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងនៅថ្ងៃទី៣ ខែមិថុនា ក៏បាននិយាយ ដែរថាលោកនឹងគ្រប់គ្រងទំនាក់ទំនងឱ្យមានស្ថិរភាពជាមួយចិន ដោយសង្កត់ធ្ងន់ថាទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងចិន បានស្ថិតក្នុងស្ថានភាពអាក្រក់បំផុត អំឡុងការដឹកនាំរបស់ អតីតប្រធានាធិបតីលោក Yoon Suk Yeol។

ពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកវិញ លោកបានប្ដេជ្ញាថានឹងលើកកម្ពស់ទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនទៅជាសម្ព័ន្ធភាពយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយឆ្លើយតបជាគោលការណ៍ទៅនឹងបញ្ហាប្រវត្តិសាស្រ្ត និងបញ្ហាទឹកដីជាមួយជប៉ុន ខណៈពង្រឹងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន៕