(វ៉ាស៊ីនតោន)៖ ប្រអប់ខ្មៅទាំងពីររបស់យន្ដហោះ Boeing 737 MAX ដែលធ្លាក់នៅឯប្រទេសអេត្យូពីត្រូវបានបញ្ជូនទៅកាន់ទីក្រុងប៉ារីស នៃប្រទេសបារាំងហើយ ដើម្បីធ្វើការវិភាគ និងស៊ើបអង្កេតមូលហេតុពិតប្រាកដ ដែលបានធ្វើឱ្យយន្ដហោះដ៏ទំនើបមួយនេះធ្លាក់ និងផ្តាច់ជីវិតមនុស្ស ១៥៧នាក់។ នេះបើតាមក្រុមហ៊ុន Ethiopian Airlines ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុន Ethiopian Airlines បានបញ្ជាក់ថា ប្រតិភូអេត្យូពីមួយក្រុមដឹកនាំដោយក្រុមអ្នកស៊ើបអង្កេតលើករណីធ្លាក់យន្ដហោះនេះ បាននាំយកប្រអប់ខ្មៅទាំងពីរចេញពីទីក្រុង អេដឌីស អាបាបា (Addis Ababa) ទៅកាន់ទីក្រុងប៉ារីស ដើម្បីធ្វើការស៊ើបអង្កេតហើយ។ ចំណែកឯ ក្រុមអ្នកជំនាញបារាំងវិញក៏បានអះអាងដែរថាពួកគេ នឹងវិភាគលើប្រអប់ខ្មៅទាំង២នេះ ដែលមានមួយស្ដុកទុកទិន្នន័យ និងមួយទៀតស្ដុកទុកសំឡេង។
គួរបញ្ជាក់ថា ក្រោយសោកនាដកម្មធ្លាក់យន្ដហោះ Boeing 737 MAX 8 នៅអេត្យូពីកាលពីថ្ងៃអាទិត្យប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិក បានសម្រេចចិត្តផ្អាកជាបណ្ដោះអាសន្ន នូវប្រតិបត្តិការយន្ដហោះត្រកូល 737 MAX ខណៈការសន្និដ្ឋានបឋមបង្ហាញថា យន្ដហោះនេះបានធ្លាក់ដោយសារជួបបញ្ហាបច្ចេកទេស ដែលស្រដៀងគ្នាទៅការធ្លាក់យន្ដហោះប្រភេទនេះនៅឥណ្ឌូណេស៊ី ដោយផ្ដាច់ជីវិតមនុស្ស ១៨៩នាក់ កាលពីខែតុលា ឆ្នាំ២០១៨។
យន្ដហោះ Boeing 737 MAX 8 របស់ក្រុមហ៊ុន Ethiopian Airlines បានធ្លាក់កាលពីថ្ងៃអាទិត្យ នៅពេលហោះឡើងបានតែបន្តិចចេញពីទីក្រុង Addis Ababa ប្រទេសអេត្យូពី សំដៅទៅកាន់ប្រទេសកេនយ៉ា។ សោនាដកម្មនេះបានសម្លាប់មនុស្សសរុប ទាំងអស់ ១៥៧នាក់ និងបង្កឲ្យវិស័យអាកាសចរណ៍ជាសកលរងភាពរង្គោះរង្គើខ្លាំង៕