(ភ្នំពេញ)៖ ក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ វ៉េត ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប និងក្រុមហ៊ុន ខូលថល ស៊ីធី ឌីវីឡុបមិន គ្រុប នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ ១០០ហិកតាដំបូង និងភាពជាដៃគូអភិវឌ្ឍន៍គម្រោង វ៉េត អ៊ែរវ៉េ នៅ តំបន់តារាសាគរខេត្តកោះកុង ដើម្បីធម្មជាតិ បរិស្ថាន ភាពសម្បូរបែប និងប្រែក្លាយទីនោះជាតំបន់ ទេសចរណ៍កម្រិតខ្ពស់ អាចទាក់ទាញភ្ញៀវទេសចរណ៍ ទូទាំងពិភពលោកនាពេលអនាគត។
កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ ធ្វើឡើងក្រោមអធិបតីភាពរបស់លោកអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេស និងលោក Li Meng Chen អគ្គនាយកក្រុមប្រឹក្សាភិបាល ក្រុម ហ៊ុនខូលថល ស៊ីធី ឌីវីឡុបមិន គ្រុប ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនទាំងពីរ និងភ្ញៀវកិត្តិយសសំខាន់ៗផងដែរ។
ក្នុងឱកាសនេះ អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងថាកិច្ចសហការដ៏ពិសេសរវាងក្រុមហ៊ុនទាំងពីរ ធ្វើឡើងដោយផ្តោតលើការប្តេជ្ញាអភិវឌ្ឍន៍តំបន់ធម្មជាតិ ប្រែក្លាយភាពសម្បូរបែបតំបន់តារាសាគរឱ្យក្លាយ ជាតំបន់ទេសចរណ៍ដែលមានភាពទាក់ទាញលំដាប់ពិភពលោកនាពេលអនាគត។
អ្នកឧកញ៉ា បានបន្តទៀតថា ចក្ខុវិស័យរួមគ្នារបស់ក្រុមហ៊ុនទាំងពីរ គឺធ្វើការរួមគ្នាដើម្បីអភិវឌ្ឍន៍តំបន់តារាសាគរទៅជា គោលដៅទេសចរណ៍ស្តង់ដារពិភពលោក ដោយបញ្ចូលវប្បធម៌ បរិស្ថានធម្មជាតិ សេវាកម្មទេសចរណ៍ កម្រិតខ្ពស់។ ក្រៅពីការទាក់ទាញផ្នែកទេសចរណ៍ អ្នកឧកញ៉ាបន្តថាគម្រោងនេះក៏ផ្តល់ឱកាសការងារសំខាន់ជាច្រើន រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងរយៈពេលវែងដូចគ្នា។
លោកអ្នកឧកញ៉ា សួរ វីរៈ បានបញ្ជាក់ដែរថា គម្រោងនេះគឺលើសពីការអភិវឌ្ឍ លើទំហំដី ១០០ហិកតា តែវាជាការវិនិយោគដល់អនាគតរុងរឿង ជីវិតល្អប្រសើរ និងសុខុមាលភាពរបស់ប្រជាជននៃតំបន់មួយនេះ។ យើងជឿជាក់ថា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នា និងចក្ខុវិស័យរួមគ្នារបស់យើង តារាសាគរនឹងលេចចេញមុខមាត់ថ្មីនៃការរីកចម្រើន និងជោគជ័យក្នុងរយៈពេលដ៏ខ្លីខាងមុខ។
អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ បញ្ជាក់ទៀតថា ស្ថិតក្នុងគម្រោងនេះសូមប្តេជ្ញាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យមានភាពស្រស់ស្អាត ប្រណិត និងរស់រវើក។ លើសពីនេះ ក៏មានគម្រោងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនដែនអាកាសប្រចាំអាកាសយានដ្ឋានតារាសាគរ តាមរយៈការបង្កើតសាលាហោះហើរ និងចំណតយន្តហោះចុះលើទឹក ដើម្បីឱ្យការធ្វើដំណើរកាន់តែងាយស្រួល។
អ្នកឧកញ៉ា ជឿជាក់ថាតាមរយៈ គម្រោងដ៏អស្ចារ្យនេះ នឹងបង្ហាញឱ្យពិភពលោកឃើញថា តារាសាគរ គឺជាតំបន់ទេសចរណ៍ដែលមាន ភាពរស់រវើក ទំនើប និងជាតំបន់មួយដែលមានភាពទាក់ទាញក្នុងពិភពលោកថែមទៀតផង៕