(បរទេស)៖ ក្រុមហ៊ុន OpenAI បានបញ្ជាក់នៅថ្ងៃពុធនេះថា ខ្លួនមិនបានចាប់ដៃគូជាមួយវេទិកាជួញដូរ Robinhood សម្រាប់ «stock tokens» ដែល Robinhood បានប្រកាសនៅដើមសប្ដាហ៍នេះទេ។ នេះគឺជាការឆ្លើយតបទៅនឹងការប្រកាសរបស់ Robinhood នៅថ្ងៃច័ន្ទថា ខ្លួននឹងផ្តល់ token មូលបត្រ នៃក្រុមហ៊ុន OpenAI និង SpaceX ក្នុងតម្លៃ ៥ អឺរ៉ូ ដល់អ្នកប្រើប្រាស់ដែលមានសិទ្ធិនៅសហភាពអឺរ៉ុប ដែលចុះឈ្មោះដើម្បីជួញដូរ វា ត្រឹមថ្ងៃទី ៧ ខែកក្កដា។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥។

នៅក្នុងការបង្ហោះមួយនៅលើបណ្ដាញសង្គម X, OpenAI បានលើកឡើងយ៉ាងច្បាស់ថា ខ្លួនមិនគាំទ្រចំពោះ stock tokens ទាំងនេះទេ ហើយក៏មិនបានពាក់ព័ន្ធនឹងការផ្តល់ជូននេះដែរ។ ជាការឆ្លើយតប អ្នកនាំពាក្យរបស់ Robinhood បានថ្លែងថា ការផ្តល់ជូន stock token នេះគឺជាការផ្តល់ជូន «មានកំណត់» ហើយត្រូវបានធ្វើឡើងតាមរយៈភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុនដែលមានគោលបំណងពិសេស (special purpose vehicle) ប៉ុន្តែមិនបានបញ្ជាក់អត្តសញ្ញាណរបស់ក្រុមហ៊ុននោះទេ។

Stock tokens បានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងថា ជាមធ្យោបាយមួយដែលអាចផ្លាស់ប្តូរការវិនិយោគមូលបត្រ ប៉ុន្តែការបង្កើត token ដែលភ្ជាប់ទៅនឹងភាគហ៊ុនរបស់ក្រុមហ៊ុនឯកជនគឺមានភាពស្មុគស្មាញជាង ដោយសារតែការត្រួតពិនិត្យតឹងរ៉ឹងលើរបៀបដែលភាគហ៊ុនទាំងនោះអាចត្រូវបានជួញដូរ។

ទាក់ទងនឹងបញ្ហានេះ ក្រុមហ៊ុន SpaceX មិនបានឆ្លើយតបភ្លាមៗចំពោះសំណួររបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នោះទេ៕