(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (K6) និង ការិយាល័យមេធាវី Always Solutions & Associates (ASA) បានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្រអាជីវកម្មយូរអង្វែង នៅទីស្នាក់ការកណ្តាលនៃ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (K6)។
កិច្ចព្រមព្រៀងនេះ បានប្រារព្ធឡើងក្រោមអធិបតីលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (K6)។ កិច្ចសហការនេះ ត្រូវបានរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗជាច្រើនដល់អតិថិជនរបស់ក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា (K6) និងអតិថិជនរបស់ខ្លួន។
សូមជម្រាបថា ការិយាល័យមេធាវី Always Solutions & Associates (ASA) គឺជាការិយាល័យមេធាវីឈានមុខគេនៅកម្ពុជា ក្លាយជាការិយាល័យមេធាវីដំបូងគេនៅក្នុងប្រទេស ដែលមានជំនាញខ្ពស់ផ្តោតលើវិស័យអាកាសចរណ៍។ ASA គឺជាការិយាល័យមេធាវីជាទីទុកចិត្ត ក្នុងការផ្តល់សេវាកម្មផ្នែកច្បាប់ និងសេវាកម្មធុរកិច្ចយុទ្ធសាស្ត្រ ដែលទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (K6) និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។
លោក ព្រូ សៅនី នាយកគ្រប់គ្រង នៃការិយាល័យមេធាវី Always Solutions & Associates (ASA) បានថ្លែងថា៖
«ក្នុងនាមជាការិយាល័យមេធាវី ដែលមានឯកទេសផ្នែកអាកាសចរណ៍ឈានមុខគេនៅកម្ពុជា ខ្ញុំមានកិត្តិយសយ៉ាងខ្លាំង ដែលបានចុះហត្ថលេខាជាដៃគូយុទ្ធសាស្រ្តអាជីវកម្ម ជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (K6) ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិដ៏ឈានមុខគេ ។ ក្នុងរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (K6) បានបោះជំហានទៅមុខយ៉ាងប្រសើរ ជាមួយនឹងការដាក់ចេញនូវគោលដៅហោះហើរដ៏មានសក្តានុពលនាពេលអនាគតខាងមុខនេះ ដូចជាជើងហោះហើរផ្ទាល់ឆ្ពោះទៅកាន់ទីក្រុងហុងកុង, ប្រទេសឥណ្ឌា រួមទាំងទៅកាន់ប្រទេសជប៉ុនផងដែរ។ ជាមួយនឹងសកម្មភាពថ្មីៗ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (K6) ដាក់ផែនការនាំយកយន្តហោះទំនើបថ្មីៗ ដូចនេះហើយ វាគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ ការិយាល័យមេធាវី ASA ដើម្បីផ្តល់ដំណោះស្រាយផ្លូវច្បាប់ ដែលសមស្របនឹងទិសដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (K6)»។
លោក David Zhan អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (K6) ក៏បានថ្លែងថា៖ «ថ្ងៃនេះ គឺជាថ្ងៃដ៏សំខាន់មួយ ដែលយើងបានចាប់ដៃគូសហការយុទ្ធសាស្ត្រយូរអង្វែងជាមួយ ASA ដែលជាការិយាល័យមេធាវីដែលមានឯកទេសផ្នែកអាកាសចរណ៍ឈានមុខគេនៅកម្ពុជា។ ខ្ញុំជឿជាក់យ៉ាងខ្លាំងថា ក្រោមកិច្ចសហការនេះ នឹងផ្តល់ដំណោះស្រាយផ្នែកច្បាប់ដ៏ពិសេសមួយ សម្រាប់វិស័យអាកាសចរណ៍ ដែលវិស័យនេះទៀតសោត ទាមទារនូវចំណេះដឹងច្បាស់លាស់ និងមានបទពិសោធន៍ខ្ពស់ផងដែរ។ ការគាំទ្រឥតងាករេ របស់ ASA នឹងរួមចំណែកយ៉ាងសំខាន់ដល់កំណើនអាជីវកម្ម និងភាពជោគជ័យរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (K6) ទាំងនៅក្នុងតំបន់ និងកម្រិតអន្តរជាតិ ស្របតាមទិសដៅយុទ្ធសាស្ត្ររយៈពេលវែងរបស់យើង»។
គួរបញ្ជាក់ផងដែរថា កិច្ចសហការនេះ បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ស្ថាប័នទាំងពីរ ទៅលើកិច្ចអភិវឌ្ឍ ភាពច្នៃប្រឌិត និងការធ្វើទំនើបកម្មឱ្យកាន់តែប្រសើរលើវិស័យអាកាសចរណ៍នៅកម្ពុជា ព្រមទាំងនៅលើឆាកអន្តរជាតិ ប្រកបដោយស្តង់ដា និងគោរពទៅតាមបទបញ្ញត្តិយ៉ាងខ្ជាប់ខ្ជួន៕