(ភ្នំពេញ)៖ ក្រុមអត្តពលិកកីឡាកម្ពុជា ៣រូប រួមមានកីឡាអត្តពលកម្ម ឈុន ប៊ុនថន និងកីឡាហែលទឹក ២រូប គឺកីឡាករកូនកាត់ខ្មែរ-បារាំង កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័ន ម៉ាតាំងក្លូដ និងកីឡាការិនីខ្មែរ-អាមេរិក សាក់ប៊ុន អប្សរា កាតារីណា បានបញ្ចប់ភារកិច្ចក្នុងការប្រកួតកីឡាអូឡាំពិករដូវក្ដៅ លើកទី៣៣ នាទីក្រុងប៉ារីស ប្រទេសបារាំង (Paris Olympics Games 2024) ដែលមាន ៣២ប្រភេទកីឡា ខណៈបានត្រឹមបំបែកកំណត់ត្រាអូឡាំពិករបស់រាមច្បង តែមិនអាចបំបែកកំណត់ត្រាចាស់របស់ខ្លួនបានឡើយ ។
សូមជម្រាបផងថា ព្រឹត្តិការណ៍កីឡាចម្រុះអូឡាំពិករដូវក្តៅ Paris Olympics Games 2024 បានចាប់ផ្តើមបើកការប្រកួតជាផ្លូវការកាលពីថ្ងៃទី២៦ ខែកក្កដា និងបិទបញ្ចប់នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ដែលមានអត្តពលិកចូលរួមសរុបប្រមាណ ១០,៧១៤នាក់មកពី ២០៦ប្រទេស បួករួមតែប្រទេសស្ថិតក្រោមទង់អព្យាក្រឹង (Individual Neutral Athletes) និងមកពី (Refugee Olympic Team) ។
គួរដឹងថា ក្នុងនាមអត្តពលិក ដែលទទួលបានសិទ្ធអនុគ្រោះចូលរួមព្រឹត្តិការណ៍កម្រិតពិភពលោក ៤ឆ្នាំម្ដងនេះ គោលដៅសំខាន់ ដែលថ្នាក់ដឹកនាំកីឡាជាតិ ក៏ដូចជាកីឡាករ-កីឡាការិនីផ្ទាល់ចង់បាន គឺការបង្កើតនូវកំណត់ត្រាថ្មី ឬបំបែកកំណត់ត្រាចាស់របស់ខ្លួន តែសោកស្ដាយពួកគេ មិនអាចបង្កើតកំណត់ត្រាថ្មីលើវិញ្ញាសា ដែលខ្លួនធ្លាប់ធ្វើបានល្អបំផុតនាពេលកន្លងមកនោះទេ ។
សម្រាប់ កីឡាករហែលទឹក អង់ត្វ័ន បានបញ្ចប់ត្រឹមលេខ៣ ក្នុង Heat 2 ដោយប្រើថិរវេលា ៥២.៩៥វិនាទី លើវិញ្ញាសា ១០០ម៉ែត្រហែលសេរី ។ លទ្ធផលនេះ នាំឲ្យកីឡាករខ្មែរ-បារាំងរូបនេះ ធ្លាក់ត្រឹមវគ្គជម្រុះ និងទទួលបានចំណាត់ថ្នាក់រួមលេខ៦៧ ក្នុងចំណោម ៧៩នាក់ (សរុប ១០ Heat) ហើយថិរវេលានេះដែរ រូបគេបានបំបែកកំណត់ត្រាកីឡាករខ្មែរ-អាមេរិក ពូ សុវិជ្ជា ដែលបានបញ្ចប់ក្នុងថិរវេលា ៥៤.៥៥វិនាទី លើវិញ្ញាសាដូចគ្នា ក្នុងកីឡាអូឡាំពិក ទីក្រុងរីយ៉ូ កាលពីឆ្នាំ២០១៦ តែមិនអាចបំបែកកំណត់ត្រាចាស់ខ្លួន ដែលធ្លាប់ធ្វើបានក្នុងថិរវេលា ៥២.៨៦វិនាទី ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា និងថិរវេលា ៥២.៥៣ ក្នុងព្រឹត្តិការណ៍ IMSD លើកទី៣០ នៅបារាំងឡើយ ។
រីឯកីឡាការិនីហែលទឹក សាក់ប៊ុន អប្សរាកាតារីណា វិញ បានបញ្ចប់ត្រឹមលេខ៦ ក្នុង Heat 6 លើវិញ្ញាសា ៥០ម៉ែត្រហែលសេរី ដោយប្រើថិរវេលា ២៦.៩០វិនាទី និងទទួលបានចំណាត់ថ្នាក់រួមលេខ៣៨ ក្នុងចំណោមអត្តពលិកមកពី ៧៩ប្រទេស ដោយមិនអាចឡើងទៅវគ្គបន្ដនោះទេ ។ យ៉ាងណាមិញថិរវេលានេះដែរ បានបំបែកកំណត់ត្រាអូឡាំពិករបស់អតីតកីឡាការិនី ហែមថុន វិទិនី ដែលបច្ចុប្បន្នកំពុងដឹកនាំកីឡាហែលទឹកកម្ពុជានៅប៉ារីស ក្នុងនាមគ្រូបង្វឹក ដ្បិត វិទិនី ធ្លាប់ធ្វើបានថិរវេលា ២៩.៣៧វិនាទី នៅអូឡាំពិកទីក្រុងរីយ៉ូ ឆ្នាំ២០១៦ ។ ប៉ុន្ដែលទ្ធផលនេះ មិនល្អដូចកាលស៊ីហ្គេម ឆ្នាំ២០២៣ ដែលកីឡាការិនីខ្មែរ-អាមេរិករូបនេះ ធ្លាប់ប្រើថិរវេលា ២៦.៤១វិនាទីប៉ុណ្ណោះ ។
ចំណែកកីឡាករអត្តពលកម្ម ឈុន ប៊ុនថន គឺបានបញ្ចប់ត្រឹមលេខ៩ ក្នុង Heat 5 ដោយប្រើថិរវេលា ១នាទី និង ៥៣.៣១វិនាទី លើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ ដែលនាំឲ្យម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នេះ ទួលបានចំណាត់ថ្នាក់រួមលេខ៥៣ ក្នុងចំណោមអត្តពលិក ៥៤ប្រទេស ។
ចំពោះលទ្ធផលនេះដែរ កីឡាករ ប៊ុនថុន បានបំបែកកំណត់ត្រារបស់រាមច្បង គៀង សាម៉ន ដែលធ្លាប់ប្រើថិរវេលា ១នាទី និង ៥៥.៤៦វិនាទី ក្នុងកីឡាអូឡាំពិកទីក្រុងឡុងដ៍ កាលពីឆ្នាំ២០១២ ។ តែសោកស្ដាយ ប៊ុនថន មិនអាចបំបែកកំណត់ត្រាចាស់របស់ខ្លួនបាន ដែលធ្លាប់ប្រើថិរវេលាត្រឹម ១នាទី និង ៥០.០៩វិនាទី ក្នុងការប្រកួតជើងឯកអាស៊ី ឆ្នាំ២០២៣ នៅប្រទេសថៃឡើយ ៕