(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានជំរុញខេមរសហព័ន្ធតេក្វាន់ដូ WT ឲ្យខិតខិអភិវឌ្ឍន៍បន្ថែម ពិសេសការស្វែងរកធនធានកីឡាករ-កីឡាការិនីមានទេពកោសល្យខ្ពស់ មកសម្រួចសមត្ថភាពឆ្ពោះទៅសម្រេចក្ដីសុបិនធំបំផុត បន្ទាប់ពីកីឡាការិនី ស៊ន សៀវម៉ី ដែលបានសម្រេចក្ដីសុបិនដណ្ដើមមេដាយមាសកីឡាអាស៊ីលើកដំបូងជូនជាតិ កាលពីឆ្នាំ២០២៤ ។

ការលើកឡើងរបស់មន្ដ្រីជាន់ខ្ពស់កីឡាកម្ពុជា បានធ្វើឡើងចំពោះមុខសិក្ខាកាមជាគ្រូបង្វឹកចំនួន ២៥នាក់ ក្នុងពិធីបិទវគ្គសាមគ្គីអូឡាំពិកស្ដីពី គ្រូបង្វឹកកីឡាតេក្វាន់ដូ WT ថ្នាក់ជាតិ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្រោយដំណើរការសិក្សា និងអនុវត្តជាក់ស្ដែងចំនួន ៧ថ្ងៃកន្លងមក ។ វគ្គនេះ រៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយខេមរសហព័ន្ធតេក្វាន់ដូ WT ក្រោមការឧបត្ថម្ភគាំទ្ររបស់អង្គការសាមគ្គីអូឡាំពិក និងសហព័ន្ធកីឡាតេក្វាន់ដូ WT អន្ដរជាតិ ។

អគ្គលេខាធិការ NOCC ដដែលបន្ដថា វគ្គនេះ ពិតជាមានសារៈសំខាន់ សម្រាប់សិក្ខាកាម ក្នុងការសិក្សាស្វែងយល់ជាមួយអ្នកជំនាញអន្ដរជាតិ ដើម្បីវិវឌ្ឍន៍ខ្លួនក្លាយជាធនធានដ៏សំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍវិស័យកីឡាតេក្វាន់ដូ WT កម្ពុជា ។ ក្នុងនោះការងារចាំបាច់របស់គ្រូបង្វឹក ក្រោយបញ្ចប់ការសិក្សាវគ្គនេះ ក្រៅពីការបណ្ដុះបណ្ដាលប្រកបធនធានបន្ដវេន អ្វីដែលសំខាន់បំផុត គឺការស្វែងរកកីឡាករ-កីឡាការិនីមានទេពកោសល្យឲ្យបាន ដើម្បីរុញពួកគេឲ្យដល់ក្ដីសុបិន ដែលលោកចង់ឃើញ គឺការដណ្ដើមមេដាងអូឡាំពិក ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា «តាមការគិតរបស់ខ្ញុំ ក្នុងនាមអ្នកជំនាញ ខ្ញុំចង់ឲ្យមានសុបិនមួយសម្រាប់ខេមរៈសហព័ន្ធតេក្វាន់ដូ WT របស់យើង ។ សុបិនយើង ក៏ដូចជាផែនការយុទ្ធសាស្ដ្ររបស់ខ្ញុំ បានទទួលជោគជ័យម្ដងមកហើយ កាលពីឆ្នាំ២០១៤ ក្រោយពីកីឡាការិនី ស៊ន សៀវម៉ី ដណ្ដើមបានមេដាយមាសកីឡាអាស៊ី ក្នុងនាមប្រភេទកីឡាអូឡាំពិក និងជាមេដាយកីឡាអាស៊ីដំបូងឲ្យកម្ពុជា ។ អ៊ីចឹងក្ដីស្រម៉ៃធំរបស់ខ្ញុំមួយទៀត ក៏ដូចជាលោកគ្រូជម្រើសជាតិ(លោក ឆយ យ៉ុងសុក) គឺចង់ឃើញតេក្វាន់ដូឈ្នះមេដាយដំបូង នៅកីឡាអូឡាំពិក»

«តេក្វាន់ដូបានដឹកនាំគេ ដឹកនាំកីឡា ក្រោយ សៀវម៉ី ឈ្នះមេដាយមាសកីឡាអាស៊ីដំបូង បានធ្វើឲ្យប្រទេសជាតិ និងវិស័យកីឡារីកចម្រើន ធ្វើឲ្យគេចាប់អារម្មណ៍ ។ ប្រសិនជាកីឡាករ-កីឡាការិនីតេក្វាន់ដូ WT ណាម្នាក់ ដណ្ដើមបានមេដាយអូឡាំពិក មិនថាមេដាយសំរឹទ្ធ ប្រាក់ ឬមេដាយមាស ខ្ញុំនឹងឆ្លាក់រូបសំណាក់ឲ្យធំ ក្លាយទៅជាវីរបុរស-វីរនារីខ្មែរប្រចាំប៉ុន្មានសតវត្សន៍ទៅមុខទៀត ដើម្បីបង្ហាញពីការចងចាំអ្នកដែលដណ្ដើមបានមេដាយអូឡាំពិកដំបូងជូនជាតិ» ។

គួរដឹងថា យោងតាមរបាយការណ៍លោក ជាតិ ខេមរា អគ្គលេខាធិការសហព័ន្ធ និងជាគ្រូបង្វឹកជម្រើសជាតិកម្ពុជា បានបញ្ជាក់ថា វគ្គសាមគ្គីអូឡាំពិកស្ដីពីគ្រូបង្វឹកតេក្វាន់ដូ WT ថ្នាក់ជាតិនេះ បង្រៀនដោយអ្នកស្រី Byung Hee Kim អ្នកជំនាញអន្ដរជាតិមកពីសហព័ន្ធកីឡាតេក្វាន់ដូអន្ដរជាតិ និងលោក ឆយ យ៉ុងសុក គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ។ ជាលទ្ធផលមានសិក្ខាកាម ១៥នាក់ ទទួលបាននិទ្ទេសល្អ និង ១០នាក់ ទទួលបាននិទ្ទេសមធ្យម ។ យ៉ាងណាមិញ អ្នកស្រី Byung Hee Kim បានវាយតម្លៃខ្ពស់ ចំពោះសិក្ខាកាមដែលបានខិតខំសិក្សារៀនសូត្ររយៈពេល ១សប្ដាហ៍កន្លងមក ៕