(ភ្នំពេញ)៖ កម្ពុជា បានទទួលសិទ្ធិធ្វើម្ចាស់ផ្ទះជាថ្មី នៃការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (BA SEA Regional Junior Championships) នាឆ្នាំ២០២៥ ខាងមុខ ខណៈថ្នាក់ដឹកនាំសហព័ន្ធ រំពឹងពេលធ្វើម្ចាស់ផ្ទះ ក្រុមកីឡាវាយសីវ័យក្មេងកម្ពុជា នឹងដណ្ដើមបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត។

នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល អនុប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ក្នុងឱកាសអញ្ជើញទទួលស្វាគមន៍ដំណើរមកដល់មាតុភូមិវិញ នៃក្រុមប្រតិភូកីឡាវាយសីកម្ពុជា នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្រោយបញ្ចប់បេសកកម្មនៃការប្រកួត BA SEA Regional Junior Championships ឆ្នាំ២០២៤ នៅប្រទេសឡាវ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយដណ្ដើមបានមេដាយសរុប ១៤គ្រឿងជូនជាតិមាតុភូមិ។

ឆ្លៀតឱកាសនោះ អនុប្រធានសហព័ន្ធខាងលើបានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់អត្តពលិកវ័យក្មេងកម្ពុជា រហូតដណ្ដើមបានលទ្ធផលគួជាទីមោទនៈជូនជាតិ។ ទោះទទួលបានត្រឹមមេដាយប្រាក់ និងសំរឹទ្ធ តែលោកបានចាត់ទុកជាសមិទ្ធផលដ៏ល្អមួយ សម្រាប់ក្រុមក្មេងខ្ចី ដូចជាក្រុមកីឡាវាយសីកម្ពុជា ដែលទើបចេញទៅប្រកួតអន្ដរជាតិក្រៅប្រទេសលើកដំបូង ស្របតាមផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធ ដែលបានជំរុញការហ្វឹកហាត់ និងស្វែងរកការប្រកួតឲ្យបានញឹកញាប់ជូនពួកគេ។

ក្រោយបញ្ចប់បេសកកម្មនេះ សហព័ន្ធនឹងបន្ដរៀបចំការហ្វឹកហាត់ដល់ពួកគេ ក៏ដូចជស្វែងរកនូវធនធានកីឡាករ-កីឡាការិនីមានទេពកោសល្យថ្មីៗបន្ថែមទៀត ដើម្បីត្រៀមការប្រកួតជាតិ និងអន្ដរជាតិនាពេលខាងមុខ ជាក់ស្ដែងឆ្នាំ២០២៥ ដែលកម្ពុជាត្រូវបានសហព័ន្ធកីឡាវាយសីអាស៊ី (BA) អនុញ្ញាតឲ្យធ្វើម្ចាស់ផ្ទះរៀបចំការប្រកួត BA SEA Regional Junior Championships ជាថ្មី ក៏ដូចជាការសម្រួចធនធានកីឡាវាយសីវ័យក្មេងកម្ពុជា ឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ខាងមុខផងដែរ។

លោក កុសល សុវណ្ណវិសាល បន្ដថា «ដោយសារមីយ៉ាន់ម៉ា ពុំទាន់អាចទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួត BA SEA Regional Junior Championships នាឆ្នាំ២០២៥ ដូច្នេះកម្ពុជានឹងធ្វើម្ចាស់ផ្ទះម្តងទៀត បន្ទាប់ពីកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះលើកដំបូង កាលពីឆ្នាំ២០២៣។ ខ្ញុំសង្ឃឹមថា យើងនឹងទទួលបានលទ្ធផលកាន់តែល្អប្រសើរ តាមរយៈការខិតខំពុះពារក្នុងការរៀបចំ និងការបណ្តុះបណ្តាលធនធានកីឡាករ-កីឡាការិនី ហើយសហព័ន្ធ ក៏កំពុងសម្រិតសម្រាំងធនធានត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ផងដែរ»។

គួរដឹងថា កម្ពុជាបានបញ្ជូនអត្តពលិកកីឡាវាយសីចំនួន ៨រូប ចូលរួមការប្រកួត BA SEA Regional Junior Championships 2024 នៅឡាវ ចាប់ពីថ្ងៃទី២២-២៦ ខែឧសភា ដោយមានអត្តពលិក ៥ប្រទេសចូលរួម រួមមានកម្ពុជា មីយ៉ាន់ម៉ា ទីម័រខាងកើត ប្រ៊ុយណេ និងម្ចាស់ផ្ទះឡាវ។ ជាលទ្ធផលក្រុមកីឡាវាយសីថ្នាលកម្ពុជា ដណ្ដើមបានមេដាយសរុប ១៤គ្រឿង (មេដាយប្រាក់ ៤ និងមេដាយសំរឹទ្ធ ១០)។ សមិទ្ធផលនេះ ក៏ទទួលបានសារអបអរសាទរពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាផងដែរ៕