(ប៊ែកឡាំង)៖ កីឡាករវ័យក្មេងៗ លេងល្អក្នុងក្លិបនាពេលបច្ចុប្បន្ននេះ បានកំពុងត្រូវបានគេតាមដានពីការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុប Euro 2024 នាខែក្រោយនេះ ដ្បិតពួកគេទាំងនោះបានស្ថិតក្នុងបញ្ជីជម្រើសជាតិរួចរាល់ផងដែរ។

Euro 2024 ជំនាន់ទី១៧ នេះ នឹងក្លាយជាឱកាសក្នុងការបង្ហាញសមត្ថភាពរបស់ពួកគេជាមួយជម្រើសជាតិលើឆាកអន្តរជាតិ ដ្បិតកន្លងមកមានឱកាសតិចតួចក្នុងការបង្ហាញខ្លួនក្នុងក្លិប ដែលត្រូវប្រជែងជាមួយរៀមច្បង បើទោះបីជាធ្វើបានល្អក៏ដោយ។

ជាបន្តទៅទៀតនេះ Fresh News Plus សូមលើកយកកីឡារកវ័យក្មេងលេងល្អ ៥នាក់ ដែលអាចនឹងធ្វើបានល្អនៅពាន ៤ឆ្នាំម្តង តាមរយៈគេហទំព័រ FFT មានដូចខាងក្រោម៖

១៖ យុវជន Warren Zaire-Emery នៃក្រុមជម្រើសជាតិមាន់គកបារាំង ដែលត្រូវបានជ្រើសរើសចេញពីក្លិបក្នុងស្រុកគឺ Paris Saint Germain។ កីឡាករវ័យទើបតែ ១៨ឆ្នាំរូបនេះ ទើបបានចូលលេង ២ប្រកួតប៉ុណ្ណោះក្នុងឈុតធំបារាំង ជាមួយនឹងការចូលលេងបានជាង ៧០ប្រកួតផងដែរ ជាមួយក្រុមធំ PSG។

២៖ Lamine Yamal ស្ថិតក្នុងក្រុមគោជល់អេស្ប៉ាញ ដែលត្រូវបានជ្រើសរើសចេញពីក្លិប FC Barcelona។ Yamal ត្រូវបានកោះហៅចូលឈុតធំអេស្ប៉ាញនាឆ្នាំទៅ ពេលរូបគេទើបមានអាយុ ១៦ឆ្នាំប៉ុណ្ណោះ។ រូបគេលេងក្នុងតំណែងខ្សែបម្រើស្តាំ និងស៊ុតបញ្ចូលទីបាន ៧គ្រាប់ផងដែរ ក្នុងចំណោម ៤៩ប្រកួតជាមួយ Barcelona នារដូវកាលនេះ។

៣៖ Kenan Yildiz កីឡាករយុវជនរបស់តួកគី ដែលត្រូវបានជ្រើសរើសចេញពីក្លិប Juventus។ គ្រូបង្វឹកតួកគីមានក្តីរំពឹងខ្ពស់ចំពោះ Yildiz ក្នុងការជួយជម្រើសជាតិគេចចេញពីហាលអាវក្នុងពូលជាលើកដំបូង គិតចាប់តាំងពីឆ្នាំ Euro 2008 មក។ កីឡាករវ័យ ១៩ឆ្នាំរូបនេះ មានជំនាញស៊ុតបាល់ឆ្ងាយ និងរកបានគ្រាប់ដំបូងឱ្យជម្រើសជាតិតួកគីកាលលេងឈ្នះអាល្លឺម៉ង់ក្នុងមិត្តភាពនាខែវិច្ឆិកា ឆ្នាំ២០២៣ ទៀតផង។

៤៖ Antonio Silva ជាខ្សែការពារកណ្តាលរបស់ជម្រើសជាតិព័រទុយហ្គាល់ ដែលធ្លាប់បង្ហាញខ្លួនកាលនៅ World Cup 2022 ទៀតផង។ កីឡាករវ័យ ២០ឆ្នាំរូបនេះ ជាជញ្ជាំងការពារដ៏រឹងមាំមួយរូបរបស់ក្លិប Benfica ដែលជួយពួកគេរបូតគ្រាប់បាល់តែ ២៨គ្រាប់ប៉ុណ្ណោះ ក្នុងចំណោម ៣៤ប្រកួតក្នុងលីគនារដូវកាលនេះ។

៥៖ Arthur Bermeeren កីឡាករយុវជន វ័យ ១៩ឆ្នាំរបស់ក្រុមបិសាចក្រហមប៊ែលហ្សិក ដែលលេងក្នុងតំណែងបម្រើការពារក្នុងក្លិប Atletico Madrid។ កន្លងមក Arthur ទើបតែបានបង្ហាញខ្លួន ៣លើកប៉ុណ្ណោះក្នុងជម្រើសជាតិឈុតធំ៕