(ភ្នំពេញ)៖ ជីវភាពប្រចាំថ្ងៃរបស់ជនគ្រប់រូប តែងតែមានការប្រាស្រ័យទាក់ទងគ្នា តាមរយៈការលក់ទិញ ជួល ខ្ចី និងការសហការគ្នាជាដើម ។ សកម្មភាពទាំងនោះចៀសមិនផុតនឹងការមានវិវាទរដ្ឋប្បវេណីជាមួយគ្នានោះទេ ហេតុដូចនេះទើបប្រទេសកម្ពុជាបានកំណត់នូវភាពស្មើគ្នាចំពោះមុខច្បាប់ ហើយជនគ្រប់រូបត្រូវបានធានានូវសិទ្ធិពឹងពាក់តុលាការក្នុងការដោះស្រាយវិវាទរដ្ឋប្បវេណី ដោយផ្អែកលើច្បាប់ ដើម្បីការពារសិទ្ធិរបស់បុគ្គលឯកជន ។

ចំពោះវិវាទរដ្ឋប្បវេណីត្រូវធ្វើតាមបញ្ញត្តិក្រមនីតិវិធីរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា លើកលែងតែក្នុងករណីដែលច្បាប់ផ្សេងបានកំណត់ពិសេស ។ ជាក់ស្តែង ក្រមនីតិវិធីរដ្ឋប្បវេណី បានកំណត់យ៉ាងច្បាស់អំពីសិទ្ធិក្នុងការប្តឹងជំទាស់ចំពោះដីកាសម្រេចរបស់សាលាដំបូង ឬសាលាឧទ្ធរណ៍ ទៅតុលាការជាន់ខ្ពស់ ដោយបណ្តឹងជំទាស់នេះជាប្រភេទនៃបណ្តឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់ ។

សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «បណ្តឹងជំទាស់ក្នុងរឿងក្តីរដ្ឋប្បវេណី» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ឱ្យបានជ្រាបកាន់តែច្បាស់ដូចតទៅ។

ជាគោលការណ៍ បណ្តឹងជំទាស់អាចធ្វើឡើងបាន លុះត្រាតែមានបញ្ញត្តិក្នុងច្បាប់ ប៉ុន្តែចំពោះដីកាសម្រេចលើបណ្តឹងជំទាស់ មិនអាចប្តឹងជំទាស់ទៀតបានឡើយ (មាត្រា ២៥៩ នៃក្រមនីតិវិធីរដ្ឋប្បវេណី) មានន័យថា ភាគីណាមួយអាចប្តឹងជំទាស់ចំពោះដីកាសម្រេចរបស់តុលាការបាន លុះត្រាតែច្បាប់បើកសិទ្ធិឱ្យភាគីនោះប្តឹងជំទាស់ ។ ក្នុងករណីភាគីនោះបានប្ដឹងជំទាស់ចំពោះដីកាសម្រេចរបស់សាលាដំបូង (តុលាការដើម) ទៅសាលាឧទ្ធរណ៍ (តុលាការនៃបណ្ដឹងជំទាស់) ដោយសាលាឧទ្ធរណ៍បានសម្រេចទៅលើបណ្តឹងជំទាស់រួចរាល់ ប៉ុន្តែភាគីដែលជាម្ចាស់បណ្ដឹងជំទាស់ នៅតែមិនសុខចិត្តទៅនឹងការសម្រេចរបស់សាលាឧទ្ធរណ៍ទៀត ដូចនេះភាគីនោះ មិនអាចបណ្តឹងជំទាស់ចំពោះដីកាសម្រេចនោះ (ដីកាសម្រេចលើបណ្តឹងជំទាស់) ទៅតុលាការកំពូលទៀតបានឡើយ ។

ដើម្បីប្តឹងជំទាស់ឱ្យត្រឹមត្រូវស្របតាមច្បាប់ ភាគីត្រូវដាក់ពាក្យបណ្តឹងជំទាស់ទៅតុលាការដើម ក្នុងអំឡុងពេល ១ (មួយ) សប្តាហ៍ ដោយគិតចាប់ពីថ្ងៃដែលបានទទួលដំណឹងអំពីដីកាសម្រេច ហើយអំឡុងពេលនៃការធ្វើបណ្តឹងជំទាស់នេះមិនអាចពន្យារបានឡើយ ។ ភាគីជាម្ចាស់បណ្តឹងជំទាស់គប្បីសរសេរឱ្យច្បាស់លាស់អំពីមូលហេតុនៃការទាមទារឱ្យលុបចោល ឬផ្លាស់ប្តូរនូវដីកាសម្រេចដើម ក្នុងពាក្យបណ្តឹងជំទាស់ ។ ក្នុងករណីដែលពុំបានសរសេរច្បាស់លាស់អំពីមូលហេតុនៃការទាមទារឱ្យលុបចោល ឬផ្លាស់ប្តូរនូវដីកាសម្រេចដើម ក្នុងពាក្យបណ្តឹងជំទាស់ទេ ភាគីជាម្ចាស់បណ្តឹងជំទាស់គប្បីដាក់លិខិតជាលាយលក្ខណ៍អក្សរ ដែលសរសេរអំពីចំណុចនោះ ទៅតុលាការនៃបណ្តឹងជំទាស់ នៅក្នុងអំឡុងពេល ២ (ពីរ) សប្តាហ៍ គិតចាប់តាំងពីថ្ងៃដែលបានដាក់ពាក្យបណ្តឹងជំទាស់នោះ (មាត្រា ៣០១ និងមាត្រា ៣០៣ នៃក្រមនីតិវិធីរដ្ឋប្បវេណី) ។

បណ្តឹងជំទាស់ត្រូវផ្អាកអានុភាពនៃដីកាសម្រេចដើម ដោយតុលាការនៃបណ្តឹងជំទាស់ ឬតុលាការដែលបានចេញដីកាសម្រេចដើម អាចបង្គាប់ឱ្យផ្អាកជាបណ្តោះអាសន្ននូវការអនុវត្តដោយបង្ខំ ដោយផ្អែកលើដីកាសម្រេចដើម ឬបង្គាប់ឱ្យចាត់ចែងជាចាំបាច់ផ្សេងទៀតបាន រហូតដល់ពេលមានដីកាសម្រេចអំពីបណ្តឹងជំទាស់ (មាត្រា ៣០៥ នៃក្រមនីតិវិធី
រដ្ឋប្បវេណី) ។

សរុបមក បណ្តឹងជំទាស់ ជាប្រភេទនៃបណ្តឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់ដែលជានីតិវិធីមួយ ដែលមានកំណត់យ៉ាងច្បាស់លាស់នៅក្នុងក្រមនីតិវិធីរដ្ឋប្បវេណីសម្រាប់នីតិវិធីបណ្តឹងនៃរឿងក្តីរដ្ឋប្បវេណី ។ ក្នុងករណីភាគីណាមួយដែលមិនអនុវត្តតាមបញ្ញត្តិដែលមានចែងនៅក្នុងក្រមនីតិវិធីរដ្ឋប្បវេណីទេនោះ នឹងធ្វើឱ្យភាគីនោះថ្លោះសិទ្ធិក្នុងការធ្វើសកម្មភាពបណ្តឹងជំទាស់នោះ ពោលគឺចាញ់ក្តី ដោយពុំទាន់ឆ្លងកាត់តាមការទាញហេតុផលដោយផ្ទាល់មាត់ ឬការសួរជាមិនខាន ។

រៀបរៀងដោយ៖ លោកមេធាវី លឹ ម សុវណ្ណារ៉ុង និងកញ្ញា ឃាន លក្ខិណា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com (http://www.cicfirm.com/) ហ្វេសបុកផេក៖ Cambodia International Cooperation Law Firm ៕