(ម៉ាឌ្រីដ)៖ Toni Kroos បានប្រារព្ធវិធីលាមិត្តរួមក្រុម អ្នកគាំទ្រ គ្រូបង្វឹក និងថ្នាក់ដឹកនាំក្លិប Real Madrid នៅថ្ងៃប្រកួតបិទរដូវកាលលីគកំពូលអេស្ប៉ាញ La Liga នារាត្រីថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ក្នុងពិធីលាគ្នានោះដែរ Kroos បានបន្សល់ទុកនូវការបង្ហាញខ្លួនបាន ៤៦៤ប្រកួតជាមួយក្រុមស្ថិតនៅតំបន់ Los Blancos ជាមួយនឹងការឈ្នះពានសរុបបានចំនួន ២២ពានទៀតផង មុនពេលចូលនិវត្តន៍ពីបាល់ទាត់ជាផ្លូវការនៅក្រោយបញ្ចប់ព្រឹត្តិការណ៍ជើងឯកអឺរ៉ុប Euro 2024 នៅអាល្លឺម៉ង់។

ទន្ទឹមគ្នានោះ ខ្សែបម្រើឆ្នើមសញ្ជាតិអាល្លឺម៉ង់រូបនេះ ក៏បានកំពុងផ្តោតអារម្មណ៍ក្នុងការឈ្នះពានអឺរ៉ុប UEFA Champions League ជាលើកទី១៥ របស់ Real Madrid ផងដែរ ដែលត្រូវប្រជែងទល់នឹង Borussia Dortmund នារាត្រីថ្ងៃសៅរ៍សប្តាហ៍ក្រោយ នៅកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស និងចូលរួមចុងក្រោយជាមួយជម្រើសជាតិឥន្រ្ទីដែកអាល្លឺម៉ង់ នៅពាន Euro 2024 ចាប់ផ្តើមនាខែក្រោយទៀតផង។

Kross ក៏បានចូលលេង ១ប្រកួតចុងក្រោយជាមួយ Real Madrid នៅកីឡដ្ឋាន Santiago Bernabeu គិតចាប់តាំងពីចូលរួមជាមួយពួកគេនាឆ្នាំ២០១៤ នៃជំនួបដែលក្រុមអធិរាជសមួយនេះបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ ទល់នឹងក្រុមភ្ញៀវ Real Betis ដ្បិតកីឡាករវ័យ ៣៤ឆ្នាំរូបនេះ ត្រូវបានប្តូរចេញនៅនាទី៨៦៕