(បរទេស)៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Dell Technologies (DELL.N) បានឈាន កំណត់ត្រាខ្ពស់មួយនៅថ្ងៃសុក្រសប្តាហ៍នេះ ចំពេលក្រុមហ៊ុននានាកំពុងមានសន្ទុះងើបឡើងខ្លាំង ដោយសាររលកនៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI ដែលជំរុញឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំ កាន់តែប្រកួតប្រជែងទ្វេដងលើវិស័យនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។

គេនៅចាំបានថា ក្រៅពីតម្លៃភាគហ៊ុនរបស់ Dell កើនឡើង ងាកមក Nvidia វិញក៏មិនធម្មតាដែរ ដោយក្រុមហ៊ុននេះទើបតែបង្ហាញលទ្ធផលប្រចាំត្រីមាសដ៏រឹងមាំ និងព្យាករណ៍ប្រាក់ចំណូលប្រចាំត្រីមាសបច្ចុប្បន្នលើសពីការរំពឹងទុករបស់ Wall Street ។ កត្តាកើនឡើងនេះ គឺស្របពេលសម័យកាលកាន់តែវិវត្តន៍ខ្លាំង ទៅលើ genAI ហើយនឹងបន្តទៅមុខប្រកបដោយការប្រកួតប្រជែង។

សន្ទុះវិជ្ជមាននេះ បានពង្រីកដល់ Dell ដែលថ្មីៗនេះ បានបើកដំណើរការកុំព្យូទ័រផ្ទាល់ខ្លួន ដំណើរការជាមួយ AI និងម៉ាស៊ីនមេដែលមានអនុភាពជាងមុនដោយសហការជាមួយ Nvidia ដែលនេះជាពេលវេលាដ៏សំខាន់មួយរបស់ Dell ក្នុងការក្តោបទីផ្សារបច្ចេកវិទ្យា។ ភាគហ៊ុនរបស់ក្រុមហ៊ុន Dell បានកើនឡើង ៦% ដល់ ១៦២.៨២ នៅថ្ងៃសុក្រសប្តាហ៍នេះ ដែលបានកើនឡើងច្រើនជាងពីរដង ពីមួយឆ្នាំទៅមួយឆ្នាំ។

គួរជម្រាបថា កាលពីថ្ងៃសុក្រភាគហ៊ុនរបស់ក្រុមហ៊ុនបន្ទះឈីបធំៗ បានកើនឡើងជាបន្តបន្ទាប់ ទាំង Nvidia និងក្រុមហ៊ុន Qualcomm សុទ្ធសឹងតែបង្ហាញពីកំណើនវិជ្ជមាន ដោយសារតម្រូវការមាស៉ីនមេ និងបន្ទះឈីប AI៕