(ប៊ែកឡាំង)៖ នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតសម្ភារៈកីឡា Adidas បានបញ្ចេញបាល់ផ្លូវការ ដែលត្រៀមប្រើប្រាស់ក្នុងការប្រកួតពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2024 នៅប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា goal.com។

បាល់នោះដែរ មានឈ្មោះផ្លូវការថា «Fussballliebe» ជាភាសាអាល្លឺម៉ង់ដែលបកប្រែទៅជាភាសាអង់គ្លេសមានន័យថា «Football Love» នឹងត្រូវប្រើទាំង ៥១ប្រកួតសរុបក្នុងព្រឹត្តិការណ៍ Euro 2024 ដោយចាប់ចេញដំណើរពី ១ប្រកួតដំបូងពីកីឡដ្ឋាន Allian Arena ស្ថិតក្នុងទីក្រុង Munich នារាត្រីថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍ ទី១៥ ខែមិថុនា (ម៉ោងនៅកម្ពុជា)។

បើនិយាយពីតម្លៃបាល់ Fussballliebe វិញ លោកអ្នកក៏អាចរកទិញបាននៅលើវេបសាយក្រុមហ៊ុនយក្សអាល្លឺម៉ង់ Adidas នេះផ្ទាល់តែម្តងជាមួយតម្លៃខុសៗគ្នាផងដែរដូចជា ប្រសិនបើអ្នកនៅអាមេរិក បាល់ហ្ស៊ីន ១គ្រាប់តម្លៃ ១៦៥ដុល្លារ គ្រាដែលនៅអស់គ្លេសថ្លៃ ១៣០ផោនក្នុង ១គ្រាប់ ហើយនៅអឺរ៉ុប (EU) វិញ ១គ្រាប់ថ្លៃ ១៥០អឺរ៉ូ។

ជារួមតម្លៃបាល់ដែលប្រើនៅ Euro 2024 ដែលជាព្រឹត្តិការណ៍កីឡាបាល់ទាត់ឈរនៅលំដាប់លេខ២ ពិភពលោក បន្ទាប់ពី World Cup គឺ Adidas បានដាក់លក់ក្នុងតម្លៃប្រហាក់ប្រហែលគ្នាតែម្តង ដូចទៅនឹងតម្លៃបាល់នៅ World Cup នាប្រទេសរុស្ស៊ីក្នុងឆ្នាំ២០១៨ និង ៤ឆ្នាំបន្ទាប់ធ្វើនៅកាតាដែរ៕