(បរទេស)៖ របាយការណ៍ពីក្រុមហ៊ុនវិភាគទីផ្សារស្មាតហ្វូន Canalys បានបង្ហាញថា នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ នេះទីផ្សារស្មាតហ្វូនអាស៊ីអាគ្នេយ៍បានកើនឡើងចំនួនលក់រហូតដល់ ១២ភាគរយ និងគិតជាចំនួននាំចេញសរុបមានប្រហែល ២៣.៥លានគ្រឿងឯណោះ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

នេះគឺជារបាយការណ៍ដំបូង ដែលបង្ហាញពីសន្ទុះនៃទីផ្សារស្មាតហ្វូនអាស៊ីអាគ្នេយ៍ បន្ទាប់ពីមានការប្រកួតប្រជែងខ្លាំងកាលពីឆ្នាំ២០២៣ កន្លងទៅ។ កត្តាជំរុញដ៏សំខាន់មួយនៃភាពជោគជ័យក្នុងត្រីមាសទី១ នេះត្រូវបានប្រភពឱ្យដឹងថា ដោយសារបុណ្យ Ramadan (រ៉ាម៉ាដាន) នៅក្នុងទីផ្សារដូចជា ប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ីបានជំរុញឱ្យការលក់កើនឡើងខ្លាំងសម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូនមួយចំនួន។ ខណៈដែលក្រុមហ៊ុនផ្សេងទៀតដូចជា Transsion ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតស្មាតហ្វូនតម្លៃទាប បានទទួលអត្ថប្រយោជន៍ពីទីផ្សារមួយចំនួនរួមមាន ហ្វីលីពីន និងឥណ្ឌូនេស៊ី ទទួលបានសន្ទុះដោយសារ ស្មាតហ្វូនដែលមានតម្លៃខ្ទង់ ១០០ដុល្លារ និងបានកាន់កាប់ចំណែកទីផ្សារខ្ពស់ឈរនៅចំណាត់ថ្នាក់លេខ២។

យោងតាមតារាងស្មាតហ្វូនរបស់ Canalys បានបង្ហាញថា ក្រុមហ៊ុនផលិតស្មាតហ្វូនកូរ៉េខាងត្បូង Samsung បានឈរនៅលេខរៀងទី១ និងនៅតែបន្តនាំមុខគេជាមួយនឹងចំណែកទីផ្សារ ១៩ភាគរយ។ ដោយឡែកក្រុមហ៊ុនចិន TRANSSION បានឈរនៅលេខរៀងទី២ កានកាប់ចំណែកទីផ្សារ ១៨ភាគយ ជាមួយនឹងកំណើនខ្ពស់ ១៩៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលក្រុមហ៊ុន Xiaomi និង Oppo កាន់កាប់ចំណែកទីផ្សារ ១៦ភាគរយដូចគ្នា និងក្រុមហ៊ុន Vivo ទទួលបានចំណាត់ថ្នាក់លេខ ៥ នឹងកាន់កាប់ចំណែកទីផ្សារ ១២ភាគរយ។

គួរជម្រាបថា ពេញមួយឆ្នាំ២០២៤ នេះអ្នកវិភាគបានធ្វើការព្យាករណ៍ថា នឹងមានកំណើនទីផ្សារសរុប ៤ភាគរយនៅទូទាំងអាស៊ីអាគ្នេយ៍ ប៉ុន្តែភាពមិនប្រាកដប្រជានាពេលអនាគតអាចនឹងប្រែប្រួលជុំរូបិយប័ណ្ណ តម្លៃសមាសភាគ និងកត្តាប្រែប្រួលផ្សេងទៀតអាចនឹងរារាំងកំណើនទីផ្សារ៕