(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla លោក Elon Musk តាមរយៈចូលរួមក្នុងកិច្ចសម្ភាសន៍មួយ បានបញ្ចេញមតិមិនយល់ស្របនឹងសេចក្តីសម្រេចរបស់ប្រធានាធិបតី Joe Biden ដែលបានប្រកាសនាពេលថ្មីៗនេះថា អាមេរិកនឹងដំឡើងពន្ធរហូតដល់១០០% លើរថយន្តអគ្គិសនីនាំចូលពីប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

លោក Elon Musk បញ្ចេញមតិបែបនេះ អំឡុងពេលឆ្លើយទៅនឹងសំណួររបស់ពិធីករក្នុងកម្មវិធីសម្ភាសន៍មួយរបស់ CNBC ដែលធ្វើឡើងនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ។ Musk បាននិយាយថា «Tesla ប្រកួតប្រជែងបានយ៉ាងល្អនៅក្នុងទីផ្សារប្រទេសចិនដោយគ្មានពន្ធគយ និងការគាំទ្រក៏មិនខុសគ្នាដែរ។ ខ្ញុំពេញចិត្តនឹងការមិនយកពន្ធ» ។ លោកបន្ថែមថា «ខ្ញុំមិនយល់ស្របនឹងការលើកទឹកចិត្តឲ្យដំឡើងពន្ធ សម្រាប់រថយន្តអគ្គិសនីនោះទេ»

គួរជម្រាបថា រដ្ឋបាលលោក Biden កាលពីសប្តាហ៍មុនបានប្រកាសថា ខ្លួនកំពុងបង្កើន ពន្ធឲ្យដល់១០០% លើការនាំចូលរថយន្តអគ្គិសនីដែលផលិតដោយចិន ទៅកាន់សហរដ្ឋអាមេរិក ក្នុងគោលបំណងបញ្ឈប់រថយន្តអគ្គិសនីរបស់ចិនដែលមានតម្លៃថោក នៅទីផ្សារសហរដ្ឋអាមេរិក។ សេតវិមាននិយាយថា ការឧបត្ថម្ភធនរបស់ទីក្រុងប៉េកាំង កំពុងជួយក្រុមហ៊ុននានាផលិតផលិតផលថាមពលស្អាត ដែលមានតម្លៃថោកហួសហេតុដូចជាបន្ទះស្រូបពន្លឺព្រះអាទិត្យ និងរថយន្តអគ្គិសនីជាដើម៕