(ភ្នំពេញ)៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នឹងបញ្ជូនកីឡាករ-កីឡាការិនីថ្នាលវ័យក្មេង ៩រូប ចូលរួមការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៣ (The 13th ASEAN School Game) ឆ្នាំ២០២៤ នៅទីក្រុងដាណាង ប្រទេសវៀតណាម ចាប់ពីថ្ងៃទី០១-០៩ ខែមិថុនាខាងមុខ ខណៈប្រធានសហព័ន្ធលោក អ៊ូ រតនា បានចាត់ទុកវេទិកានេះ គឺជាឱកាសបង្ហាញពីសក្ដានុពលទំពាំងស្នងឬស្សី នៃកីឡាវ៉ូវីណាមកម្ពុជា ។

ការលើកឡើងនេះ បន្ទាប់ពីប្រធានសហព័ន្ធខាងលើ រួមជាមួយមន្ដ្រី និងគ្រូបង្វឹក បានជួបសំណេះសំណាលជាមួយក្រុមជម្រើសជាតិវ៉ូវីណាមកម្ពុជា ដែលទើបធ្វើការប្រមូលផ្ដុំហ្វឹកហាត់កាលពីថ្មីៗ ក្រោយរំសាយអស់រយៈពេលជាយូរ ក្រោយបញ្ចប់ភារកិច្ចធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាការផ្ដល់មតិផ្ដាំផ្ញើ និងលើកទឹកចិត្តដល់ក្រុមកីឡាករ-កីឡាការិនីថ្នាល ដែលត្រៀមការប្រកួតក្នុងព្រឹត្តិការណ៍ The 13th ASEAN School Game កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ ។

លោក អ៊ូ រតនា បានបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលកីឡាវ៉ូវីណាម ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីប្រកួតកីឡាសិស្សអាស៊ាន ហើយក៏ជាលើកដំបូង ដែលសហព័ន្ធបានបញ្ជូនអត្តពលិកវ័យក្មេង ចូលរួមព្រឹត្តិការណ៍កីឡាក្របខណ្ឌសិស្សប្រចាំតំបន់នេះដែរ បន្ទាប់ពីសហព័ន្ធបានខិតខំបណ្ដុះបណ្ដាលពួកគេ ដែលសុទ្ធសឹងជាធនធានថ្នាលបន្ដវេនអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ។

លោកបន្ដថា «ការចូលរួមនេះ ល្អមែនទែន ដោយសារសហព័ន្ធបានសម្រួចថ្នាលរយៈពេល ២-៣ឆ្នាំមកហើយ ដោយសារយើងពិនិត្យឃើញកីឡាករ-កីឡាការិនីរាមច្បងរបស់យើងមួយចំនួន អាយុច្រើន ។ អ៊ីចឹងអនាគតយើងនឹងមានការផ្លាស់ប្ដូរឲ្យថ្នាលឡើងជំនួស ។ ដូច្នេះស្របពេលយើងកំពុងធ្វើការសម្រួចថ្នាល ក៏មានការប្រកួតកីឡាសិស្សអាស៊ាននេះឡើង គឺជារឿងដ៏សំខាន់ សម្រាប់ពួកគាត់ ដែលត្រូវចូលរួម ទី១-ដើម្បីទទួលបានបទពិសោធន៍ពីការប្រកួតលក្ខណៈអន្ដរជាតិ ទី២-យើងក៏នឹងជំរុញក្នុងការប្រជែងមេដាយជូនជាតិដែរ»

ប្រធានសហព័ន្ធដដែល បានសង្កត់ធ្ងន់ថា «បេសកកម្មលើកនេះ អាស្រ័យបានការជឿជាក់ពីក្រសួងអប់រំ យុវជន និងកីឡា ។ ដូច្នេះយើងត្រូវខំប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីស្វែងរកមេដាយជាការតបស្នង ទោះមេដាយអ្វីក៏ដោយ ។ អ្វីដែលពិសេស គឺដើម្បីបង្ហាញនូវសក្ដានុពល នៃទំពាំងស្នងឬស្សី ក្នុងប្រភេតកីឡាវ៉ូវីណាមរបស់យើង ដែលជាអ្នកបន្ដវេននាថ្ងៃអនាគត ។ ខ្ញុំបានប្រាប់ និងលើកទឹកចិត្តពួកគេ ដែលមានជាតិនៅពីក្រោយ មានថ្នាក់ដឹកនាំនៅពីក្រោយជានិច្ច ។ ដូច្នេះទោះបីឈ្នះ ឬចាញ់ ត្រូវប្រកួតឲ្យល្អមើល ។ តែខ្ញុំជឿជាក់លើពួកគេនឹងអាចធ្វើបាន គ្រាន់តែកម្រិត យើងមិនទាន់អាចវាយតម្លៃបានទេ»

គួរដឹងថា ការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៣ នៅវៀតណាម នាដើមខែក្រោយ កម្ពុជាបានត្រៀមបញ្ជូនប្រតិភូ និងអត្តពលិកសរុប ៤០នាក់ លើ ៤ប្រភេទកីឡាចូលរួមប្រកួត គឺមានកីឡាអត្តពលកម្ម, ហែលទឹក, វ៉ូវីណាម និងកីឡាវាយសី ៕