(ភ្នំពេញ)៖ សហគ្រិនខ្មែរ(Khmer Enterprise)និងផ្សារទំនើបអ៊ីអន​​បានសហការគ្នារៀបចំពិព័រណ៍ផលិតផលក្នុងស្រុក ដែលនឹងដំណើរការចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅតាមបណ្តាផ្សារទំនើបអ៊ីអនរាជធានីភ្នំពេញ ផ្សារទំនើបបអ៊ីអនសែនសុខនិងផ្សារទំនើបអ៊ីអនមានជ័យ។

ការតាំងពិព័រណ៍រយៈពេល៣សប្តាហ៍នេះមានគោលបំណង លើក កម្ពស់ ផលិតផលក្នុងស្រុក លើកកម្ពស់ជីវភាពរបស់ប្រជាកសិករក្នុងស្រុក និងបើកឱកាសទីផ្សារថ្មី ទាំងក្នុងស្រុក និងអន្តរជាតិ សម្រាប់ផលិតផលក្នុងស្រុក ។ នេះជាលើកទី៧ហើយ ដែលសហគ្រិនខ្មែរ និងផ្សារទំនើបអ៊ីអនបានចាប់ដៃគូ ក្នុងការលើកកម្ពស់ផលិតផល និងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញផលិតផលក្នុងស្រុកឱ្យកាន់តែ មានទីផ្សារ។ ​ពាក្យស្លោករបស់ពិព័រណ៍ គឺ «គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ»។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា ៖ «សហគ្រិនខ្មែរមានសេចក្តីសោមនស្សរីករាយ ពីការកើនឡើងដ៏គួរឱ្យកត់សម្គាល់នៃការគាំទ្ររបស់អតិថិជនចំពោះផលិតផលក្នុងស្រុក។ ភាពជាដៃគូជាមួយ AEON សម្រាប់ពិព័រណ៍ ផលិតផលក្នុងស្រុកនេះ នឹងពង្រីកការលក់និងគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម ដែលស្របតាមបេសកកម្មរបស់សហគ្រិនខ្មែរក្នុងការផ្សព្វផ្សាយផលិតផលក្នុងស្រុកនៅក្នុងផ្សារទំនើបនិងទីផ្សារផ្សេងៗទៀត។ សហគ្រិនខ្មែរនឹងបន្តបេសកកម្មក្នុងការលើកកម្ពស់លទ្ធភាពទទួលបានទីផ្សារសម្រាប់សហគ្រាសធុនតូចនិងមធ្យមតាមរយៈដៃគូក្នុងតំបន់និងបណ្តាញអន្តរជាតិ​។

​លោក ស៊ិន ពិសី អគ្គនាយក ក្រុមហ៊ុន អ៊ីអន (ខេមបូឌា) មានប្រសាសន៍ថា​ ផ្សារទំនើបអ៊ីអននៅតែបន្តចូលរួមយ៉ាងសកម្ម និងគាំទ្រយ៉ាងពេញទំហឹងក្នុងន័យជំរុញការផ្សព្វផ្សាយ ពង្រីកទីផ្សារបន្ថែមសម្រាប់ផលិតផលខ្មែរ និងគាំទ្រដល់កសិករខ្មែរ។

លោកបន្តថា «យើងយកចិត្តទុកដាក់ខ្ពស់ទៅលើសុវត្ថិភាពចំនីអាហារ គុណភាព សេវាកម្ម និងផ្ដល់ជូននូវតម្លៃសមរម្យជូនដល់អតិថិជន។ ដូច្នេះកុំភ្លេចចូលរួមគាំទ្រទាំងអស់គ្នា នៅផ្សារទំនើបអ៊ីអនទាំង៣សាខាដើម្បីលើកជួយលើកស្ទួយនិងពង្រីកទីផ្សារផលិតផលខ្មែរគ្រប់ប្រភេទឱ្យកាន់តែធំទូលាយ។»

សូមកុំភ្លេចចូលរួមគាំទ្រ ផលិតផលក្នុងស្រុកជាច្រើនដែលបំពេញតាមស្តង់ដារ គុណភាព និង សុវត្ថិភាព មានដូចជាគ្រឿងទេស របស់ប្រើប្រាស់ប្រចាំថ្ងៃ បន្លែស្រស់ ទឹកដោះគោ អង្ករ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ លើសពីនេះអ្នកនឹងទទួលបានការបញ្ចុះតម្លៃលើគ្រប់ផលិតផល និងមានឱកាសឈ្នះរង្វាន់រាល់ការជាវចាប់ពី១៥ដុល្លារឡើងទៅ។ ការផ្តល់ជូនពិសេសទាំងនេះសម្រាប់តែអតិថិជនដែលគាំទ្រផលិតផលក្នុងស្រុក ក្នុងអំឡុងពេលការតាំងពិព័រណ៍នេះតែប៉ុណ្ណោះ ៕