(បរទេស)៖ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Nvidia បានកើនឡើងដល់ ១,០០០ដុល្លារក្នុងមួយហ៊ុនជាលើកដំបូង ក្នុងការជួញដូរកាលពីថ្ងៃពុធកន្លងទៅនេះ បន្ទាប់ពីក្រុមហ៊ុនផលិតបន្ទះឈីបមួយនេះ បានរាយការណ៍ពីលទ្ធផលសារពើពន្ធក្នុងត្រីមាសទី១ ដែលបានកើនឡើងដល់កម្រិតកំពូលមួយលើសការប៉ាន់ស្មានរបស់អ្នកវិភាគ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

របាយការណ៍ប្រាក់ចំណូលប្រចាំត្រីមាសរបស់ Nvidia បានក្លាយជាមធ្យោបាយមួយសម្រាប់វិនិយោគិន ដើម្បីវាស់ស្ទង់ភាពខ្លាំងនៃការរីកចម្រើនរបស់បច្ចេកវិទ្យា AI ដែលបានផ្លាស់ប្តូរទីផ្សារយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ លទ្ធផលដ៏រឹងមាំរបស់ Nvidia កាលពីថ្ងៃពុធនេះ បានបង្ហាញថាតម្រូវការសម្រាប់បន្ទះឈីប AI ពី Nvidia នៅតែរឹងមាំ ហើយនាយកប្រតិបត្តិ Jensen Huang បាននិយាយថា ក្រុមហ៊ុននឹងមើលឃើញប្រាក់ចំណូលពីបន្ទះឈីប AI ជំនាន់ក្រោយរបស់ខ្លួន ដែលមានឈ្មោះថា Blackwell នៅចុងឆ្នាំនេះ។

Nvidia រំពឹងថាការលក់មានចំនួន ២៨ពាន់លានដុល្លារនៅក្នុងត្រីមាសបច្ចុប្បន្ន។ ក្រុមហ៊ុនផលិតបន្ទះឈីបនេះ បានរាយការណ៍ពីប្រាក់ចំណូលសុទ្ធសម្រាប់ត្រីមាសដែលបានបញ្ចប់នៅថ្ងៃទី២៨ ខែមេសា ទទួលបាន១៤.៨៨ពាន់លានដុល្លារ ស្មើនឹង ៥.៩៨ ដុល្លារក្នុងមួយហ៊ុន បើធៀបនឹង ២.០៤ពាន់លានដុល្លារ ឬ ៨២សេន ក្នុងមួយហ៊ុន កាលពីឆ្នាំមុន។

គួរជម្រាបថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការលក់បន្ទះឈីបរបស់ Nvidia បានកើនឡើងយ៉ាងខ្លាំង ស្របពេលក្រុមហ៊ុនដូចជា Google , Microsoft, Meta, Amazon និង OpenAI ទិញគ្រឿងដំណើរការក្រាហ្វិកពី Nvidia ជាបន្តបន្ទាប់ មានតម្លៃរាប់ពាន់លានដុល្លារ ដែលជាបន្ទះឈីបកម្រិតខ្ពស់ និងមានតម្លៃថ្លៃ ដែលត្រូវការសម្រាប់ការបង្កើត និងប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត AI៕