(អឺរ៉ុប)៖ ក្លិបលីគអាល្លឺម៉ង់ Bayern Munich នៅពេលនេះកំពុងតែពិភាក្សានៅកម្រិតខ្ពស់ជាមួយ Burnley ជុំវិញការតែងតាំងលោក Vincent Kompany ជាគ្រូបង្វឹកថ្មីរបស់ពួកគេ ការជំនួសកន្លែងលោក Thomas Tuchel ចាប់ពីរដូវកាលក្រោយ, នេះបើតាមប្រភពពី BBC ឱ្យដឹងនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

តាមរយៈនេះក្លិបរងជើងឯក Bundesliga រដូវកាលនេះ Bayern Munich មានការជឿជាក់ថា លោក Kompany ចង់ចូលរួមជាមួយពួកគេ ហើយក្លឹបទាំងពីរមានបំណងយល់ព្រមលើតម្លៃសំណងនៃកិច្ចសន្យាបច្ចុប្បន្នដែលអ្នកចាត់ការរូបនេះបានចូលដឹកនាំក្រុម Burnley កាលពីឆ្នាំ២០២២ ជាមួយស្ថិតដឹកនាំឈ្នះការប្រកួតបាន ៤១លើកចំណោម ៩៦ប្រកួត ដ្បិតក្រុមបានជ្រុះចេញពីលីគអង់គ្លេស រដូវកាលនេះ។

កន្លងមកថ្មីៗនេះដែរ គោលដៅគ្រូថ្មីរបស់ក្លិប Bayern Munich មានលោក Xabi Alonso គ្រូបង្វឹករបស់ Bayer Leverkusen ជាមួយអ្នកចាត់ការទូទៅក្រុមជម្រើសជាតិអាល្លឺម៉ង់ Julian Nagelsmann រួមទាំងលោក Ralf Rangnick ដែលកំពុងដឹកនាំជម្រើសជាតិអូទ្រីសនោះ សុទ្ធតែបានបដិសេធការងារនេះដូចគ្នា។

រំលឹកផងថា លោក Vincent Kompany កាលឆ្នាំ២០២៣ បានសម្រេចចុះកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយក្លិប Burnley ខណៈពេលនេះមិនបានបង្ហាញអំពីអនាគតរបស់លោកទៀតនោះ បន្ទាប់ពីការបរាជ័យកាលពីថ្ងៃអាទិត្យ ទល់នឹងក្រុម Nottingham Forest ហើយលោកក៏ជាអតីតកីឡាករធ្លាប់លេងនៅលីគអាល្លឺម៉ង ជាមួយក្លិប Hamburg ផងដែរ៕