(អេមស្ទឺដេម)៖ ខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Lieke Martens នឹងចូលនិវត្តន៍ពីជម្រើសជាតិ នៅខែមិថុនាខាងមុខ។ នេះបើយោងតាមការប្រកាស ពីកីឡាការិនីវ័យ ៣១ឆ្នាំ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

Martens ដែលបានបង្ហាញខ្លួន ១៥៨លើក សម្រាប់ក្រុមជម្រើសជាតិហូឡង់ ចាប់តាំងពីនាងបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ២០១១ នោះ រកគ្រាប់បាល់ ៦២គ្រាប់ ហើយនឹងលេង ២ប្រកួតចុងក្រោយរបស់នាង ក្នុងការប្រកួតជម្រុះ European Championship របស់ហូឡង់ទល់នឹងហ្វាំងឡង់ នៅថ្ងៃទី៣១ ខែឧសភា និងថ្ងៃទី០៤ ខែមិថុនាខាងមុខ។

កីឡាការិនីលេងឱ្យក្លិប Paris St Germain នេះបានបង្ហោះសារលើបណ្តាញសង្គម X ថា «ខ្ញុំបានដឹងហើយថា ខ្ញុំនឹងត្រូវនិយាយពាក្យលា ជាមួយនឹងបេះដូងដ៏ឈឺចាប់»

Martens គឺជាផ្នែកមួយនៃក្រុមជម្រើសជាតិហូឡង់ ដែលបានឈ្នះពានរង្វាន់ European ក្នុងឆ្នាំ២០១៧ ដោយរកបាន ៣គ្រាប់ ក្នុងចំណោម ៦ប្រកួត អំឡុងព្រឹត្តិការណ៍ដែលធ្វើឡើងនៅប្រទេសហូឡង់។

ខ្សែប្រយុទ្ធរូបនេះបានជាប់ជាកីឡាការិនីឆ្នើមប្រចាំព្រឹត្តិការណ៍នោះ និងក៏ជាប់ជាកីឡាការិនីឆ្នើមប្រចាំឆ្នាំរបស់ UEFA នៅក្នុងឆ្នាំនោះផងដែរ។ នាងក៏រកបាន ២គ្រាប់ ក្នុងព្រឹត្តិការណ៍ 2019 World Cup ខណៈហូឡង់បានបញ្ចប់តំណែងជើងឯករង៕