(អ៊ឺរ៉ុប)៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo នឹងត្រូវចូលរួមក្នុងការប្រកួតលក្ខណៈអន្តរជាតិលើកទី១១របស់ខ្លួន បន្ទាប់ពីទទួលបានសេចក្តីទុកចិត្តពីអ្នកចាត់ការក្រុមជម្រើសជាតិព័រទុយហ្គាល់ លោក Roberto Martinez ក្នុងការត្រៀមលេងពានអឺរ៉ុប Euro 2024 នៅប្រទេសអាល្លឺម៉ង់។

បច្ចុប្បន្ន Ronaldo មានវ័យ ៣៩ឆ្នាំ ក្នុងប្រកបអាជីពលេងជាមួយក្លិប Al-Nassr នាមជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់កម្រិតអន្តរជាតិ ពីការបង្ហាញខ្លួនបាន ២០៦លើកស៊ុតបាន ១២៨គ្រាប់ជាមួយជម្រើសជាតិ។

នេះជាការកោះហៅរបស់ជម្រើសជាតិព័រទុយហ្គាល់ សម្រាប់ជម្រើសជាតិ ២៦នាក់ក្រោមការដឹកនាំដោយលោក Roberto Martinez ដែលមានខ្សែប្រយុទ្ធដល់ទៅ ៧នាក់ ដោយមានកីឡាករ Ronaldo ជាប្រធានក្រុម ក្នុងនោះខ្សែប្រយុទ្ធវ័យក្មេង ២១ឆ្នាំ Francisco Conceicao ក៏ទទួលបានការកោះហៅផងដែរ។

លោក Roberto Martinez បាននិយាយក្នុងសន្និសីទសារព័ត៌មានថា «Ronaldo នៅតែបន្តផ្តល់នៅគុណភាព អំពីគោលដៅនៅខាងមុខ យើងមានការពេញចិត្តយ៉ាងខ្លាំងនៅអ្វីដែលយើងត្រូវការ»

រំលឹកផងថា Ronaldo បានបង្ហាញខ្លួនលើកដំបូងនៅ Euro 2004 ដែលពេលនោះក្រុមព័រទុយហ្គាល់ បានឡើងដល់វគ្គផ្តាច់ព្រ័ត្រក្នុងទឹកដីខ្លួន តែបានលេងចាញ់ក្រុមជម្រើសជាតិក្រិក ខណៈម្ចាស់ពានបាល់មាស ៥សម័យកាល ក៏រួមចំណែកជួយក្រុមឈ្នះពាននេះនៅឆ្នាំ២០១៦ ដែលជាពានសំខាន់បំផុតសម្រាប់រូបគេ។

សូមជម្រាបថា ក្រុមជម្រើសជាតិព័រទុយហ្គាល់ នៅព្រឹត្តិការណ៍ Euro 2024 បានស្ថិតក្នុងពូល F ហើយក្រុមរបស់លោក Roberto Martinez ក្នុងចំណោម ២៦នាក់នេះ គឺមានសមាសភាពកីឡាករ ៩នាក់ជ្រើសចេញពីលីគអង់គ្លេសផងដែរ៕