(ភ្នំពេញ)៖ ពីបុរាណកាលមកដល់ពេលបច្ចុប្បន្ន ពិភពលោកនេះមានវត្តមានអ្នកប្រាជ្ញា ទស្សនវិទូ បណ្ឌិត អ្នកស្រាវជ្រាវជាច្រើនមកហើយ ដោយពួកគាត់បានផ្ដល់នូវការសិក្សាដ៏ច្រើនអនេកដល់អ្នកសិក្សារៀនសូត្រជំនាន់ក្រោយ ព្រមទាំងបានជួយកសាងសង្គមមនុស្សទូទៅឱ្យរីកចម្រើនរហូតដល់សព្វថ្ងៃ ប៉ុន្តែសួរថា តើការសិក្សាពីទស្សនវិជ្ជាគ្រប់គ្រាន់ហើយឬនៅ? ត្រូវបញ្ឈប់ត្រឹមនេះឬយ៉ាងណា? ឆ្លើយតបនឹងសំណួរទាំងនេះ លោក សរ រិទ្ធី ដែលជាបេក្ខជនបណ្ឌិតទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលខ្លួនមកបកស្រាយជូនប្រិយមិត្តនៅវីដេអូភាគ៦នេះ។

លោក សរ រិទ្ធី បានឱ្យដឹងថា ការសិក្សារៀនសូត្រណាក៏ដោយគឺមិនចប់នោះទេ ​ពីព្រោះក្នុងចក្រវាឡយើងនេះនៅតែមានភពអវិជ្ជាដែលធំគ្មានដែនកំណត់ទេ ដូច្នេះហើយទើបទាមទារឱ្យមានអ្នកសិក្សាគ្រប់ជំនាន់ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ​ជាប់រហូត និងជួយបំភ្លឺដល់សង្គម។

លោកបន្តថា ការសិក្សានេះ គឺប្រៀបដូចមានអ្នកប្រាជ្ញមួយរូប គាត់អុជភ្លើងចន្លុះចូលទៅក្នុងកន្លែងណាមួយនៃភពអវិជ្ជា ហើយគាត់បានមើលឃើញរបស់មួយចំនួនតាមរយៈការបំភ្លឺភ្លើងចន្លុះរបស់គាត់ ហើយនៅពេលគាត់ចេញមកវិញគាត់បានបំភ្លឺប្រាប់ពីការមើលឃើញរបស់គាត់ដល់មនុស្សក្នុងសង្គម។ អ្នកប្រាជ្ញផ្សេងៗក៏បានធ្វើដូចគ្នាយ៉ាងនេះដែរ ហើយក៏បានរួមចំណែកបំភ្លឺប្រាប់ពីអ្វីដែលគាត់បានឃើញនៅកន្លែងផ្សេងៗក្នុងភពអវិជ្ជានោះទៅកាន់មនុស្សម្នាក្នុងសង្គមដូចគ្នា ដូច្នេះហើយម្នាក់ចូលបន្តិចៗ នឹងជួយបំភ្លឺសង្គមបានកាន់តែច្រើន។ ប៉ុន្តែសួរថា ភពអវិជ្ជានោះភ្លឺអស់ឬនៅ? ចម្លើយគឺនៅទេ ដោយសារតែភពអវិជ្ជាគ្មានដែនកំណត់ និងមានអាថ៌កំបាំងជាច្រើនទៀត ដែលយើងសិក្សាមិនអស់មិនហើយទេ ដូច្នេះការចូលទៅបំភ្លឺមើលក៏មិនអាចឈប់នោះដែរ ពោលគឺទាមទារឱ្យមានការសិក្សាតាមជំនាញនីមួយៗ រៀនចេះជំនាញណា ឬផ្នែកណា ជួយបំភ្លឺផ្នែកនោះ។

ជាទស្សនៈរបស់លោក សរ រិទ្ធី ចំណេះវិជ្ជាមិនអាចប្រៀបធៀបគ្នាបានទេ មិនអាចថាអ្នកនេះចេះច្រើន អ្នកនោះចេះតិចនោះឡើយ គឺម្នាក់ៗមានចំណេះ ជំនាញរៀងៗខ្លួន ប៉ុន្តែអាចយកមកបំពេញឱ្យគ្នាទៅវិញទៅមកបាន។

បេក្ខជនបណ្ឌិតទស្សនវិជ្ជារូបនេះបានបន្ថែមថា ការសិក្សាពីទស្សនវិជ្ជា គឺត្រូវយកក្ដីស្រឡាញ់ទៅសិក្សារកឱ្យឃើញនូវអ្វីដែលលាក់កំបាំងនៅក្នុងភពអវិជ្ជា ដើម្បីបំភ្លឺប្រាប់សង្គមតាមអ្វីដែលអ្នកសិក្សាម្នាក់ៗបានសិក្សា ឬបានរកឃើញ ចែករំលែកគ្នាទៅវិញទៅមកដោយ «ការចេះត្រឹមដឹង ដឹងត្រឹមយល់ ពន្យល់នូវអ្វីដែលយើងបានចេះដឹង»

លោក សរ រិទ្ធី បានឱ្យដឹងទៀតថា កាតព្វកិច្ចរបស់អ្នកសិក្សាស្រាវជ្រាវ គឺត្រូវមុជទៅក្នុងល្អាងអវិជ្ជា មុជទៅរៀនសូត្រជាមួយគ្រូ-សាស្ត្រាចារ្យរបស់ខ្លួន ហើយចេញមកវិញបានយល់អ្វីខ្លះ​ ដឹងពីអ្វីខ្លះ គឺត្រូវជួយពន្យល់ប្រាប់សង្គម ទើបជាប្រយោជន៍ក្នុងនាមជាអ្នកសិក្សា ក្នុងនាមជាអ្នកស្រាវជ្រាវ ពោលគឺត្រូវតែមានស្នាដៃអ្វីមួយដើម្បីជួយសង្គម៕