(បរទេស)៖ សហស្ថាបនិកក្រុមហ៊ុន OpenAI លោក IIya Sutskever ដែលជាបុគ្គលដ៏សំខាន់ និងជាអ្នកបង្កើត ChatGPT បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា លោកនឹងចាកចេញពីក្រុមហ៊ុន OpenAI បន្ទាប់ពីលោកបម្រើការងារនៅទីនោះអស់រយៈជិតមួយទស្សវត្សរ៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។
ជុំវិញការចាកចេញនេះ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន OpenAI លោក Sam Altman បានបង្ហោះសារមួយឃ្លាថា «OpenAI នឹងមិនមានការរីកចម្រើនដូចពេលនេះទេ ប្រសិនបើគ្មានគាត់»។ លោក IIya Sutskever គឺជាបុគ្គលដំបូងគេដែលផ្តួចផ្តើមគំនិតបង្កើតបញ្ញាសិប្បនិម្មិត (AI) ប្រភេ Chatbot ChatGPT ហើយក៏ជាប្រធានអ្នកវិទ្យាសាស្រ្តផងដែរ។
បច្ចុប្បន្ននេះ ChatGPT កំពុងទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ហើយក៏កំពុងទទួលរងការប្រកួតប្រជែងខ្លាំងដូចគ្នានៅលើវិស័យ AI។ ចាប់តាំងពីដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២២ ChatGPT ត្រូវបានគេហៅថា ជាកម្មវិធីលឿនបំផុតមិនធ្លាប់មានដែលឈានដល់ចំនួនអ្នកប្រើប្រាស់សកម្មប្រចាំខែកើនឡើងដល់ចំនួន ១០០លាននាក់។
យ៉ាងណាមិញងាកទៅមូលហេតុនៃការចាកចេញពី OpenAI នេះ មិនត្រូវបានក្រុមហ៊ុនបញ្ជាក់ច្បាស់លាស់ទេ។ ប៉ុន្តែបើយោងតាមការបង្ហោះរបស់លោក Sutskever បាននិយាយថា «បន្ទាប់ពីជិតមួយទស្សវត្សរ៍ ខ្ញុំបានសម្រេចចាកចេញពី OpenAI»។ លោកបានគូសបញ្ជាក់ថា លោកកំពុងធ្វើការលើកគម្រោងថ្មីមួយ «វាមានក្តីសុខ និងមានន័យណាស់សម្រាប់រូបលោក ហើយលោកនឹងចែករំលែកព័ត៌មានលម្អិតអំពីវាក្នុងពេលឆាប់ៗខាងមុខនេះ»។
គួរជម្រាបថា តំណែងរបស់លោក Sutskever នឹងមិនត្រូវបានទុកចោលនោះទេ តាមការឱ្យដឹងពី OpenAI លោក Jakub Pachoki នឹងក្លាយទៅជាប្រធានអ្នកវិទ្យាសាស្រ្តថ្មីរបស់ក្រុមហ៊ុន ខណៈលោក Pachoki ក៏ធ្លាប់បម្រើការជានាយកស្រាវជ្រាវរបស់ OpenAI និងបានដឹកនាំការអភិវឌ្ឍន៍ GPT-4 និង OpenAI Five ផងដែរ៕