(បរទេស)៖ ស្ថិតក្នុងចលនាការពារផលិតផលអាមេរិក រដ្ឋបាលលោក Biden បានសម្រេចដំឡើងពន្ធលើរថយន្តអគ្គិសនីនាំចូលពីប្រទេសចិនរហូតដល់១០០% ខណៈការធ្វើបែបនេះ គឺស្របពេលសន្ទុះនៃការប្រើប្រាស់រថយន្តអគ្គីសនីចិនកើនឡើង ដោយសារតម្លៃទាប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ArenaEV នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

យោងតាមសេចក្តីប្រកាសរបស់សេតវិមានបានបង្ហាញថា ពន្ធលើរថយន្តអគ្គិសនី នាំចូលពីប្រទេសចិននឹងកើនឡើងបួនដង ពោលពី ២៥% ទៅ ១០០% នៅឆ្នាំនេះ។ ទោះយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ គេមើលឃើញថា មានរថយន្តអគ្គិសនីនាំចូលពីចិនតិចតួចបំផុត នៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែរដ្ឋបាល Biden និងក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិក កំពុងព្រួយបារម្ភថា នាពេលខាងមុខរថយន្តអគ្គិសនីចិន ដែលមានតម្លៃសមរម្យ អាចនឹងវាយលុកទីផ្សារអាមេរិក ហេតុនេះទើបសម្រេចរៀបចំដំឡើងពន្ធចាប់ពីពេលនេះតែម្តង។

គួរជម្រាបថា ការនាំចេញរថយន្តអគ្គិសនីទៅកាន់ទីផ្សារនានាទូទាំងពិភពលោក របស់ប្រទេសចិនបានកើនឡើងដល់ ៧០% ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣។ ក្នុងសេចក្តីថ្លែងការណ៍របស់សេតវិមាន បានសង្កត់ធ្ងន់ថា អត្រាពន្ធ ១០០% លើរថយន្តអគ្គិសនីពីចិន នៅពេលនេះ នឹងការពារក្រុមហ៊ុនផលិតរបស់អាមេរិក ពីការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌របស់ប្រទេសចិន៕