(មេនឆេស្ទឺ)៖ ខ្សែការពារកណ្តាល Raphael Varane នឹងចាកចេញពីក្លិប Manchester United នៅពេលចប់រដូវកាលនេះ បន្ទាប់ពីចំណាយពេល ៣ឆ្នាំ នៅក្លិបលេងនៅ Premier League។ នេះបើតាមការបញ្ជាក់ពីកីឡាករអន្តរជាតិបារាំង ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

Varane វ័យ ៣១ឆ្នាំ បានចូលរួមជាមួយ United ក្នុងឆ្នាំ២០២១ បន្ទាប់ពីចំណាយពេល ១០ឆ្នាំលេងនៅក្លិប Real Madrid។

លោកបានបង្ហាញខ្លួន ៦៧លើក ក្នុងលីគ សម្រាប់ក្លិប United និងបានជួយឱ្យក្លិបឈ្នះពានរង្វាន់ League Cup​ ក្នុងឆ្នាំ២០២៣។

បញ្ហារបួសសាច់ដុំបានធ្វើឱ្យ Varane អវត្តមានចាប់តាំងពីខែមេសា ប៉ុន្តែលោករំពឹងថា នឹងអាចប្រកួតម្តងទៀត មុនពេល United បញ្ចប់រដូវកាលរបស់ពួកគេ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ទល់នឹង Manchester City នៅថ្ងៃទី២៥ ខែឧសភាខាងមុខ។

បិសាចក្រហម ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់ទី៨ ក្នុងតារាងលីគ Premier League នឹងលេងជាភ្ញៀវរបស់ Brighton ដើម្បីប្រកួតបិទបញ្ចប់រដូវកាលរបស់ពួកគេចុងសប្តាហ៍នេះ៕