(ភ្នំពេញ)៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលជាជើងឯកលីគកំពូលកម្ពុជា CPL និងពានសម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិលើកទី១៧ មានសេចក្តីសោមនស្សរីករាយជម្រាបជូនថា ដើម្បីជាសេចក្តីដឹងគុណ ចំពោះការគាំទ្រពីសំណាក់ពុកម៉ែ បងប្អូនដែលតែងតែចូលរួមគាំទ្រព្រះខ័នរាជស្វាយរៀង នឹងរៀបចំកម្មវិធីដង្ហែរពានជូនបងប្អូនបានទស្សនា និងថតរូបទុកជាអនុស្សាវរីយ៍ ដែលកម្មវិធីនេះនឹង ប្រារព្ធឡើងនៅថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៣រសៀលតទៅ។ សូមគោរពអញ្ជើញពុកម៉ែ បងប្អូនអ្នកគាំទ្រគ្រប់រូបចូលរួមកម្មវិធីដ៏ពិសេស ជាប្រវត្តិសាស្រ្តមួយនេះឱ្យបានច្រើនកុះករ។

សូមរំលឹកថា ក្លិបព្រះខ័នរាជស្វាយរៀង បានក្លាយជាម្ចាស់ជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល២០២៣/២៤ ដោយរកបាន ៧៦ពិន្ទុ ពីឆ្លងកាត់ ៣០ប្រកួត រកបានលទ្ធផលឈ្នះ ២៤ដង ស្មើរ៤ និងចាញ់តែ ២ប្រកួតប៉ុណ្ណោះ ដែលការចាញ់នេះក្នុងទល់នឹងក្រុម ISI ដង្កោសែនជ័យ លទ្ធផល ២ទល់១ នៅក្នុងទឹកដីរបស់ខ្លួន និងការលេងចាញ់ក្រុមណាហ្គាវើលដ៍ លទ្ធផល ១ទល់០ បន្ទាប់មកការប្រកួតចុងក្រោយសប្ដាហ៍ទី៣០ កាលពីថ្ងៃអាទិត្យ ទី១២ ខែឧសាភា ឆ្នាំ២០២៤ រវាងម្ចាស់ផ្ទះភ្នំពេញក្រោន រកបានលទ្ធផល ១-១ ។

ហើយមួយវិញទៀត ព្រះខ័នរាជស្វាយរៀង ក៏ជាម្ចាស់ជើងឯក ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ជាតិ) ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ បានយកឈ្នះក្រុមភ្នំពេញក្រោន ក្នុងលទ្ធផល ១-០ ពីការស៊ុតចូលដោយកីឡាករ MARCUS WARREN HABER ពាក់លេខ៩៩ នៅនាទីទី១០៩ ដោយលេងថែមម៉ោង ១៥នាទី ២ដង កាលថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤កន្លងទៅ។

សូមបញ្ជាក់ផងថា ក្លិបព្រះខ័នរាជស្វាយរៀង គឺជាក្រុមដែលតំណាងអោយកម្ពុជា បន្តលេងនៅក្នុងពានអន្តរជាតិចំនួន២ក្នុងឆ្នាំនេះគឺពានរង្វាន់ AFF Asean Club Championship (ACC) Shopee Cup 2024/25 និងពានរង្វាន់ AFC ាchallenge league 2024/25 នាពេលខាងមុននេះផងដែរ៕