(វ៉រសា)៖ ភ្នាក់ងាររបស់កីឡាករ Robert Lewandowski លោក Pini Zahavi បានអះអាងថា ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះ នឹងបន្តលេងនៅក្លិប FC Barcelona សម្រាប់រដូវកាលក្រោយ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។

«Lewandowski នឹងបន្តលេងនៅ Barcelona ១០០ភាគរយ។ គាត់ចង់លេង ១ឆ្នាំទៀតនៅក្លិបមានមូលដ្ឋាននៅតំបន់ Catalonia»។ នេះបើតាមសម្តីលោក Zahavi បានប្រាប់សារព័ត៌មាន។

លោកបានបន្ថែមថា Lewandowski មិនចាប់អារម្មណ៍ ក្នុងការផ្ទេរទៅលេងនៅលីគ Saudi Pro League នោះទេ។

កីឡាករវ័យ ៣៤ឆ្នាំរូបនេះរកបាន ៤គ្រាប់ សម្រាប់ Barcelona ក្នុង ២ប្រកួតចុងក្រោយរបស់លោកនៅលីគ La Liga និងរកបានសរុប ១៧គ្រាប់ ក្នុងរដូវកាលនេះ។

យោងតាមសារព័ត៌មានអេស្ប៉ាញ Sport.es ក្លិប Barcelona កំពុងពិចារណា ក្នុងការលក់កីឡាករ Lewandowski ដោយក្លិបនឹងអាចនាំយកកីឡាករផ្សេងទៀតចូល។ កត្តាសំខាន់ ដែលក្លិបចង់លក់ចេញ គឺប្រាក់ខែខ្ពស់របស់កីឡាកររូបនេះ ដែលប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញរបាយការណ៍ថា មានប្រមាណ ៣០លានអឺរ៉ូក្នុង ១ឆ្នាំ។

កាលពីឆ្នាំ២០២២ ខ្សែប្រយុទ្ធ Lewandowski បានចុះកិច្ចសន្យារយៈពេល ៤ឆ្នាំលេងអោយ Barcelona៕