(បរទេស)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានប្រកាសនាពេលថ្មីៗនេះថា ប្រទេសកូរ៉េខាងត្បូងកំពុងត្រៀមកញ្ចប់ជំនួយ លើការវិនិយោគបន្ទះឈីប និងការស្រាវជ្រាវ ដែលមានតម្លៃជាង ១០ពាន់ពាន់លានវ៉ុន (៧.៣០ពាន់លានដុល្លារ) បន្ទាប់ពីប្រទេសនេះ កំណត់គោលដៅរបស់ខ្លួនលើការយកឈ្នះ សង្រ្គាមឧស្សាហកម្ម ផលិតផលពាក់កណ្ដាលសម្រេច (semiconductor) ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Choi Sang-mok បាននិយាយថា រដ្ឋាភិបាលនឹងប្រកាសពីព័ត៌មានលម្អិតនៃកញ្ចប់ជំនួយនេះនាពេលឆាប់ៗ ខណៈទឹកប្រាក់ទាំងនេះ នឹងកំណត់គោលដៅទៅលើសម្ភារៈបន្ទះឈីប អ្នកផលិតឧបករណ៍ និងក្រុមហ៊ុននានា នៅទូទាំងសង្វាក់ផ្គត់ផ្គង់ semiconductor។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា កម្មវិធីនេះអាចរួមបញ្ចូលការផ្តល់ប្រាក់កម្ចីគោលនយោបាយ និងការបង្កើតមូលនិធិថ្មី ដែលផ្តល់ហិរញ្ញប្បទានដោយស្ថាប័នហិរញ្ញវត្ថុរដ្ឋ និងឯកជន។ ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេដឹងថា ក៏កំពុងសាងសង់រោងចក្របន្ទះឈីបធំមួយនៅ តំបន់ Yongin ភាគខាងត្បូងនៃរដ្ឋធានី Seoul ដែលត្រូវបានគេហៅថាជា អគារបច្ចេកវិទ្យាកម្រឹតខ្ពស់ដ៏ធំបំផុតរបស់ពិភពលោក។

ជុំវិញវិស័យបន្ទះឈីបនេះ កន្លងទៅប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្តេជ្ញាជំរុញប្រទេសរបស់ខ្លួនឲ្យខ្លាំងក្លារលើផ្នែកនេះ ដើម្បីអាចយកឈ្នះ សង្រ្គាមបន្ទះឈីប ដោយសន្យាផ្តល់អត្ថប្រយោជន៍ពន្ធសម្រាប់ការវិនិយោគលើវិស័យបន្ទះឈីប៕