(សៀមរាប)៖ សប្បុរសជនចំនួន១៩រូបដែលកន្លងមកបានស្ម័គ្រចិត្តបរិច្ចាគសមុច្ច័យមួយចំនួន ជូនមកកាន់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីថែរក្សាទុក និងដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរ បានទទួលលិខិតថ្លែងអំណរគុណពីអាជ្ញាធរជាតិអប្សរា។

អ្នកស្រី តូច រដ្ឋា អាយុ៦០ឆ្នាំ និងអ្នកស្រី គង់ សុភ័ក្រ ប្រជាពលរដ្ឋរស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបានបរិច្ចាគសំពត់ហូល ជូនសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីបានឱ្យដឹងថា ពួកគាត់សប្បាយរីករាយ ក្រោយពេលបានប្រគល់សំពត់ហូលជារបស់មានតម្លៃក្នុងគ្រួសារ ថែរក្សាទុកជាយូរមកហើយ ជូនមកកាន់សារមន្ទីរ ដោយមានជំនឿថាសារមន្ទីរអាចថែរក្សាវត្ថុមានតម្លៃទាំងនោះបន្តទុកឱ្យកូនខ្មែរជំនាន់ក្រោយ បានឃើញនិងស្គាល់នូវសំពត់ ជាស្នាដៃរបស់ចាស់ៗពីដើម ដែលត្បាញដោយផ្ទាល់ដៃ។ ក្នុងពេលមកទទួលលិខិតថ្លែងអំណរគុណពីអាជ្ញាធរជាតិអប្សរា អ្នកស្រីរួមទាំងសប្បុរសជនដទៃទៀតសប្បាយរីករាយ ដែលបានឃើញសារមន្ទីរតាំងបង្ហាញនូវសមិទ្ធផលដែលពួកគាត់បានប្រគល់មកជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិបានទស្សនា។

លោក សែន គឹមស៊ុន នាយកស្ដីទីសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា សមុច្ច័យទទួលបានពីសប្បុរសជន ទាំងនៅក្នុងខេត្តនិងបណ្តាខេត្តនានាសរុបចំនួន២១សមុច្ច័យ មានជាប្រភេទហូល អន្លួញ ស៊ឹង សំពត់ចរបាប់ អាវកកុតត្រង់ និងប្រភេទសម្លៀកបំពាក់របស់បងប្អូនជនជាតិដើមភាគតិច រស់នៅខេត្តរតនគិរី ដោយសមុច្ច័យទាំងនោះមានអាយុកាលចន្លោះពី១០ឆ្នាំទៅ៥០ឆ្នាំ ភាគច្រើនជារបស់ត្បាញដោយដៃ។

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ពិតជាមានសេចក្តីរីករាយយ៉ាងក្រៃលែង ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានស្ម័គ្រចិត្តបរិច្ចាគសមុច្ច័យ មកកាន់សារមន្ទីរ។ ទាំងនេះជាការបង្ហាញឱ្យឃើញនូវការស្រឡាញ់ ចូលរួមថែរក្សាអត្តសញ្ញាណរបស់ជាតិខ្មែរ ព្រោះថាបើសិនទុកនៅក្នុងផ្ទះ មិនបានថែរក្សាឱ្យបានត្រឹមត្រូវ សមុច្ច័យទាំងនោះនិងមានការបាត់បង់។ លោកបញ្ជាក់ថា ក្រោយទទួលបានការបរិច្ចាគពីសប្បុរសជន សារមន្ទីរនឹងយកសមុច្ច័យទាំងនោះមកថែរក្សា ជួសជុល និងដាក់តាំងពិព័រណ៍ ជូនសាធារណៈជនបានទស្សនា និងឈ្វេងយល់៕