(អឺរ៉ុប)៖ ខ្សែប្រយុទ្ធបារាំង Kylian Mbappe បាននិយាយថា នឹងចាកចេញពី Paris St-Germain នៅចុងបញ្ចប់នៃរដូវកាលនេះ ជាមួយកិច្ចសន្យានឹងផុតកំណត់នៅខែមិថុនា ខណៈកាលពីខែកុម្ភៈ រូបគេបានយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីចូលរួមជាមួយក្លិបអេស្ប៉ាញ Real Madrid នៅរដូវក្តៅ។

Mbappe មានវ័យ ២៥ឆ្នាំ បានសម្រេចប្រកាសពីការដើរចេញនេះ នៅក្នុងវីដេអូ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយរូបគេបាននិយយាថា «វាជាឆ្នាំចុងក្រោយរបស់ខ្ញុំនៅ Paris St-Germain ខ្ញុំមិនបន្តទេ ហើយការផ្សងព្រេងនេះ នឹងបញ្ចប់ក្នុងរយៈពេលពីរបីសប្តាហ៍ទៀត»។

ខ្សែប្រយុទ្ធបារាំង ដែលបានឈ្នះពានរង្វាន់ World Cup 2018 ជាអ្នកស៊ុតបញ្ចូលទីកំណត់ត្រារបស់ក្លិប PSG ជាមួយនឹងការរកបាន ២៥៥គ្រាប់ រូបគេនឹងបង្ហាញខ្លួនលេងនៅប្រកួតក្នុងផ្ទះ ចុងក្រោយក្នុងកីឡដ្ឋាន Parc des Princes ទល់នឹង Toulouse ក្នុងលីក Ligue 1 នៅថ្ងៃអាទិត្យនេះ ដែលជាការលាគ្នាពីអ្នកគាំទ្រផងដែរ។

រំលឹកផងថា PSG បាននាំយក Mbappe ពីក្លិបរួមលីគ Monaco ក្នុងតម្លៃប្រមាណ ១៦៥.៧លានផោន កាលពីឆ្នាំ២០១៧ ដែលមកដល់ពេលនេះរូបគេរកបាន ៣០៦គ្រាប់ នឹងរួមចំណែកឈ្នះពាន Ligue 1 បានចំនួន ៦លើកផងដែរ ៕