(ភ្នំពេញ)៖ លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាយានយន្ដកម្ពុជា បានក្រើនរំឮកជាថ្មីដល់កីឡាករ-កីឡាការិនីរបស់ខ្លួន ដែលកំពុងច្រកក្រោមសហព័ន្ធ ត្រូវបន្ដខិតខំហ្វឹកហាត់ដុសខាត់សមត្ថភាព ហើយប្រើប្រាស់នូវវីរភាពរបស់ខ្លួន ដើម្បីរួមចំណែកលើកកម្ពស់គោលនយោបាយជាតិ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាមួយរាជរដ្ឋាភិបាល។

ការជំរុញនេះ ធ្វើឡើងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៣ ឆ្នាំ២០២០-២០២៤ បន្ដអាណត្តិទី៤ ឆ្នាំ២០២៤-២០២៨ របស់សហព័ន្ធកីឡាយានយន្ដកម្ពុជា កាលពីថ្ងៃទី០៩ ខែឧសភា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយមានការចូលរួមជាសក្ខីភាពពីមន្ដ្រីជាន់ខ្ពស់ NOCC, តំណាងក្រសួងអប់រំ យុវជន និងកីឡា សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ និងកីឡាករជាច្រើនផងដែរ។

ប្រធានសហព័ន្ធខាងលើបានស្ងើចសរសើរ ចំពោះការខំប្រឹង និងលះបង់របស់កីឡាករកម្ពុជា ទោះបីដឹងថា ត្រូវប្រឈមគ្រោះថ្នាក់ផ្សេងៗ ឬអាចឈានដល់អន្ដរាយដល់ជីវិត តែពួកគេបានព្យាយាម ដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡាយានយន្ដកម្ពុជា។ នេះគឺជាមោទនភាពមួយ សម្រាប់ភាពក្លាហាន និងភាពជាវីរបុរសលើដងផ្លូវរបស់ពួកគេ។ យ៉ាងណាមិញ លោកបានលើកទឹកចិត្តឲ្យពួកគេបន្ដខំប្រឹងហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសខ្ពស់ ក្នុងការគ្រប់គ្រងយានយន្ដ និងចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ។

លោក មៀច សុផាន់ណា បន្ដថា «ជំនាញ បច្ចេកទេស ចំណេះដឹង និងសមត្ថភាពរបស់យើងនីមួយៗ យើងត្រូវមានមោទនភាពលើខ្លួនឯង មិនមែនសហព័ន្ធ ឬកីឡាយានយន្ដអន់ជាងកីឡាផ្សេងទេ ព្រោះជំនាញផ្សេងៗគ្នា អត់អាចប្រៀបធៀបគ្នាបានទេ ហើយរឹតតែមិនអាចប្រៀបធៀបសមត្ថភាពមនុស្សថែមទៀត។ អ៊ីចឹងយើងគួរតែមានមោទនភាព ហើយខ្ញុំអបអរសាទរ និងអរគុណនូវអ្វីដែលយើងទាំងអស់បានចូលរួមជាមួយសហព័ន្ធ ដើម្បីជួយលើកស្ទួយវិស័យកីឡាយានយន្ដ និងវិស័យទេសចរណ៍ប្រទេសជាតិយើង»

បន្ថែមលើនេះលោកបានជំរុញ និងលើកទឹកចិត្តដល់កីឡាករទាំងអស់ថា «យើងត្រូវបន្ដផ្សព្វផ្សាយប្រពៃណី វប្បធម៌ របស់យើង ក៏ដូចជាចូលរួមគោលនយោបាយចរាចរណ៍មានសុវត្ថិភាពលើដងផ្លូវមានន័យថា យើងជាវីរបុរសលើដងផ្លូវផង និងជាអ្នកការពារសុវត្ថិភាពលើដងផ្លូវផង។ ចឹងបេសកកម្មរបស់យើងមានច្រើន ទាំងការហ្វឹកហាត់ និងការប្រកួត ក៏ដូចជាផ្សព្វផ្សាយពីគោលនយោបាយជាតិ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ខ្ញុំសង្ឃឹមថា ពួកយើងនឹងរួមគ្នាដើម្បីរួមចំណែកផ្សព្វផ្សាយ និងធានាបាននូវសុវត្ថិភាពលើដងផ្លូវ»

ក្រឡេកមកលទ្ធផលមហាសន្និបាតបញ្ចប់អាណត្ដិចាស់ បន្ដអាណត្ដិថ្មីខាងលើវិញ មានការផ្លាស់ប្ដូរនូវសមាសភាពថ្នាក់ដឹកមួយចំនួន ដោយសមាជិកគណៈកម្មាធិការប្រតិបត្តិ សម្រាប់អាណត្ដិទី៤ មានចំនួន ២០នាក់ ក្នុងនោះលោក មៀច សុផាន់ណា បានជាប់បន្ដធ្វើជាប្រធាន និងមានលោក ទៀ ស្យាម, លោក ហូ សិទ្ធិគុណ, លោក សូឃុន វីរក្ស, លោក វុង ពិលី, លោក សូ សុជាតិ និងលោក វង្ស សិរី ជាអនុប្រធាន, លោក ខៃ វណ្ណៈ ជាអគ្គលេខាធិការ រួមជាមួយអគ្គលេខាធិការរង ៥នាក់, លោក ទួត សុវណ្ណារ៉ា ជាអគ្គហេរញ្ញិក និងសមាជិក ១០នាក់ផ្សេងទៀត៕