(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) បានផ្ដល់អនុសាសន៍ ៦ចំណុច ដើម្បីពង្រឹង និងជំរុញការអភិវឌ្ឍវិស័យកីឡាក្នុងជួរកងយោធពលខេមរភូមិន្ទ ឬកីឡាកងទ័ព ឲ្យកាន់តែរីកចម្រើន សម្រាប់ត្រៀមការប្រកួតនានា ទាំងក្នុង និងក្រៅប្រទេស ។

ការផ្ដល់អនុសាសន៍នេះ ធ្វើឡើងក្នុងពិធីប្រកាសសមាសភាពក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ដោយមានការចូលរួមពីអគ្គលេខាធិការ អគ្គលេខាធិការរង និងគណៈកម្មការជំនាញតាមបណ្តាកងឯកភាពក្រោមចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការពារជាតិ ។

លោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានកត់សម្គាល់ឃើញថា កីឡាក្នុងកងយោធពលខេមរភូមិន្ទ មានការរីកចម្រើន មានវឌ្ឍនភាពល្អប្រសើរទាក់ទិនទៅនឹងគុណភាព និងគុណផលរបស់កីឡាករ-កីឡាការិនី តាមរយៈការទទួលបានមេដាយជូនជាតិមាតុភូមិគួរជាទីមោទនៈ ជាពិសេសក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ដែលស្ដែងឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាកីឡា ខ.ភ.ម និងមជ្ឈមណ្ឌលកីឡា ខ.ភ.ម ផងដែរ ។

លោកបន្ដថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ បានចាត់ទុកវិស័យកីឡា គឺជាការងារអាទិភាពមួយ ក្នុងការចូលរួមចំណែករាល់ការកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ បញ្ចៀសបាននូវការប្រព្រឹត្ដបញ្ហាសង្គមនានា ដូចជាការប្រើប្រាស់គ្រឿងញឿន អំពើហិង្សា និងទង្វើអសីលធម៌ផ្សេងៗ ។ លើសពីនេះ កីឡាបានផ្ដល់នូវសុខភាពផ្លូវកាយ-ចិត្ដល្អប្រសើរ ប្រាជ្ញាស្មារតីរហ័សរហួន បង្កើនផលិតភាពការងារ ភាតរភាព សុខមាលភាពក្នុងគ្រួសារ និងលើកកម្ពស់សុខដុមនីយកម្មក្នុងសង្គមទាំងមូល ។

ឆ្លៀតឱកាសនោះ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានផ្ដល់អនុសាសន៍ ៦ចំណុច ដើម្បីពង្រឹង និងជំរុញការអភិវឌ្ឍវិស័យកីឡាក្នុងជួរកងយោធពលខេមរភូមិន្ទឲ្យកាន់តែរីកចម្រើន រួមមាន៖

១. ក្រុមប្រឹក្សាកីឡា ខ.ភ.ម ត្រូវបន្តយកចិត្តទុកដាក់សហការឲ្យបានជិតស្និតជាមួយគណៈកម្មការជាតិអូឡាំពិកកម្ពុជា(NOCC), ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ ធ្វើការរៀបចំការងារកីឡាឲ្យបានហ្មត់ចត់ ដើម្បីធានាឲ្យបាននូវជោគជ័យក្នុងការចូលរួមប្រកួតកីឡាកម្រិតជាតិ និងអន្តរជាតិ។
២. ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត ដើម្បីស្វែងរកការគៀងគរជួយគាំទ្រ ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ផ្នែក ជាថវិកា ឬឧបករណ៍សម្ភារៈ និងមធ្យោបាយផ្សេងៗ សម្រាប់បម្រើដល់ការហ្វឹកហាត់។
៣. បន្តលើកកម្ពស់សមត្ថភាពនាយទាហាន នាយទាហានរង ទទួលបន្ទុកកិច្ចការងាររដ្ឋបាល ឲ្យកាន់តែប្រសើរឡើងថែមទៀត ក្នុងនោះការចរាចរឯកសារ ការរក្សាទុកឯកសារជាប្រវត្តិសាស្ត្រ លើវិស័យកីឡាគឺជាការងារអាទិភាពសម្រាប់មនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ ដកបទពិសោធន៍ការងារ។
៤. គណៈកម្មការកិត្តិយស និងទីប្រឹក្សា ។ សូមប្រឹក្សាយោបល់ជូនក្រុមប្រឹក្សាកីឡា ខ.ភ.ម និងទំនាក់ទំនងស្វែងរកប្រភពចំណូល ជំនួយឧបត្ថម្ភជា ថវិកា សម្ភារ មធ្យោបាយ ពីសប្បុរសជនជាតិ អន្តរជាតិ បណ្តាក្រុមហ៊ុននានា ។ល។ សម្រាប់ទ្រទ្រង់ការអភិវឌ្ឍវិស័យកីឡា ឲ្យមានការរីកចម្រើន សំដៅលើកកម្ពស់សមត្ថភាព បច្ចេកទេសវិស័យកីឡាកីឡា ខ.ភ.ម មានលទ្ធភាពចូលរួមប្រកួតទទួលបានជោគជ័យនៅគ្រប់ព្រឹត្តិការណ៍ប្រកួតទាំងលក្ខណៈជាតិ អន្តរជាតិ។
៥. គណៈកម្មការប្រតិបត្តិមជ្ឈមណ្ឌលកីឡាយោធពលខេមរភូមិន្ទ និង ៦. ក្រុមប្រតិបត្តិអប់រំកាយ កីឡា កងឯកភាពទ័ពជំនាញ។

ចុងក្រោយនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ក្រុមប្រឹក្សាកីឡា អគ្គលេខាធិការ មន្ដ្រី កីឡាករ-កីឡាការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មពុះពារបំពេញភារកិច្ចរាល់ភារកិច្ចដែលបានដាក់ចេញ និងសម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរនាពេលកន្លងមក ។

ជាមួយគ្នាលោក ខូវ ឆាយ អគ្គលេខាធិការក្រុមប្រឹក្សាកីឡា ខ.ភ.ម និងជានាយកមជ្ឈមណ្ឌលកីឡា ខ.ភ.ម បានឲ្យដឹងថា បន្ទាប់ពីទទួលបានជោគជ័យក្នុងឆ្នាំចាស់ អង្គភាពរបស់ខ្លួននៅមានបេសកកម្មសំខាន់ៗជាច្រើនទៀត ជាក់ស្ដែងក្រុមប្រឹក្សាកីឡា ខ.ភ.ម បានរៀបចំទិសដៅអនុវត្តដើម្បីបន្ដពង្រឹងវិស័យកីឡាកងទ័ព ដូចជាការត្រៀមដឹកនាំប្រតិភូកីឡាកងទ័ពកម្ពុជា ចូលរួមប្រកួតក្វាន់ដូកងទ័ពពិភពលោក នៅប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ ក៏ដូចជាការចូលរួមសកម្មភាពរបស់ក្រុមប្រឹក្សាកីឡាកងទ័ពអន្ដរជាតិជាដើម ៕