(ភ្នំពេញ)៖ ក្រុមហ៊ុន ជេធី អ៉ិនធើណេសិនណល (ខេមបូឌា) ឯ.ក ដែលហៅកាត់ថាក្រុមហ៊ុន ជេធីអាយ «JTI» ដែលជាក្រុមហ៊ុនថ្នាំជក់អន្តរជាតិឈានមុខគេ បានរក្សានូវអនុលោមភាពសារពើពន្ធប្រភេទមាស យោងតាមវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ អនុលោមភាពសារពើពន្ធប្រភេទមាសនេះមានសុពលភាពរយៈពេល២ឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០២៤ ដល់ឆ្នាំ២០២៥។

លោក រ៉យ ម៉ាណាលីលី អគ្គនាយក ក្រុមហ៊ុន JTI បានសរសេរនៅក្នុងលិខិតថ្លែងអំណរគុណទៅអគ្គនាយកដ្ឋានពន្ធដារថា «ក្រុមហ៊ុន JTI ពិតជាមានសេចក្តីសោមនស្សរីករាយ និងរំភើបយ៉ាងក្រៃលែងដែលបានចូលរួមចំណែកក្នុងការ បំពេញកាតព្ធកិច្ចបង់ពន្ធដារបានយ៉ាងល្អប្រសើរ និងទទួលបានការទទួលស្គាល់ពីអគ្គនាយដ្ឋានពន្ធដារជាបន្តបន្ទាប់។ នេះក៏ជាកិត្តិយមួយយ៉ាងធំធេងសម្រាប់ក្រុមហ៊ុន JTI ទាំងមូល»

លោក ម៉ាណាលីលី ក៏បានបន្ថែមថា «លើសពីនេះទៅទៀត ក្រុមហ៊ុនក៏នឹងបន្តចូលរួមយ៉ាងសកម្មក្នុងការសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលតាមរយៈកិច្ចពិភាក្សាពិគ្រោះយោបល់នៃវេទិការរដ្ឋាភិបាល និងវិស័យឯកជន និងជាមួយក្រុមការងារផ្សេងៗទៀត អំពីការសម្របសម្រួលបរិយាកាសវិនិយោគនៅក្នុងវិស័យឧស្សាហកម្មថ្នាំជក់ដោយផ្តោតលើការសិក្សាអំពីគោលនយោបាយសារពើពន្ធ ការប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មបារីខុសច្បាប់ បទបញ្ញត្តិពាក់ព័ន្ធថ្នាំជក់ និងអភិបាលកិច្ចធុរកិច្ច ដើម្បីរួមចំណែកបន្តលើកកម្ពស់ការអនុវត្តច្បាប់ឱ្យកាន់តែប្រសើរ ក្នុងន័យបង្កើនចំណូលពន្ធជូនរាជរដ្ឋាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា»

កន្លងមកក្រុមហ៊ុន JTI ត្រូវបានអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទទួលស្គាល់ជាសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេលំដាប់ទី៣៤ ក្នុងឆ្នាំ២០២២ និងលំដាប់ទី២២ ក្នុងឆ្នាំ២០២០ និងទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាស ក្នុងព្រះរាជាណាចក្រសម្រាប់ឆ្នាំ២០២២ - ២០២៣។

ក្រៅពីការរក្សាបាននូវកម្រិតខ្ពស់នៃការអនុលោម តាមពន្ធដារក្រុមហ៊ុន JTI ក៏ថែទាំបុគ្គលិករបស់ខ្លួនបានយ៉ាងល្អផងដែរ។

កិច្ចខិតខំប្រឹងប្រែងដ៏វិសេសវិសាលនេះ ធ្វើឱ្យក្រុមហ៊ុនទទួលបានពានរង្វាន់ និយោជកឆ្នើម «Top Employer» ដែលជាពានរង្វាន់បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ ក្រុមហ៊ុន JTI ក្នុងការបង្កើតកន្លែងធ្វើការដ៏ពិសេសសម្រាប់បុគ្គលិករបស់ខ្លួននៅទូទាំងប្រទេស។ មកទល់នឹងពេលនេះ ក្រុមហ៊ុន JTI នៅតែជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានពានរង្វាន់និយោជកឆ្នើម «Top Employer» ក្នុងប្រទេសកម្ពុជា ដោយទទួលបានការពានរង្វាន់នេះរយៈពេលបួនឆ្នាំជាប់ៗគ្នា។

JTI គឺជាក្រុមហ៊ុនថ្នាំជក់អន្តរជាតិឈានមុខគេដែលលក់ផលិតផលរបស់ខ្លួននៅក្នុងជាង ១៣០ប្រទេស និងមានបុគ្គលិកជាង ៤៨,០០០នាក់ នៅប្រហែល៧០ ប្រទេស។ JTI គឺជាសមាជិកនៃ JT Group of Companies។

នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន JTI ចែកចាយម៉ាកបារីល្បីៗទូទាំងពិភពលោក ដូចជា Winston និង Mevius ហើយមានបុគ្គលិកប្រហែល 450 នាក់។ ក្រុមហ៊ុន JTI នៅកម្ពុជា ត្រូវបានការទទួលស្គាល់ក្នុងចំណោមសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ ក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុន JTI ក៏បានទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាសសម្រាប់ឆ្នាំ២០២៤-២០២៥ ពីអគ្គនាយកដ្ឋានពន្ធដារកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.jti.com៕