(សៀមរាប)៖ ក្រុមកីឡាករ បាល់ទាត់៤ក្រុម តំណាងសម្តេចតេជោ ហ៊ុន សែន បាននាំយកថវិកា ចំនួន៣០ម៉ឺនដុល្លារ ជូនដល់មន្ទីរពេទ្យព្យាបាលកុមារបេះដូងជប៉ុន បន្ទាប់ពីបាននាំយកថវិកា ចំនួន៥០ម៉ឺនដុល្លារ ជូនទៅដល់មន្ទីរពេទ្យកុមារអង្គរ។

លោក ខេម ដែលជាមេក្រុមកីឡាបាល់ទាត់ Cambodia football super stars បានបញ្ជាក់នៅលើ ហ្វេសប៊ុករបស់លោកថា «ទឹកប្រាក់ (៣០ម៉ឺនដុល្លារ) របស់សប្បុរសជនតាមរយៈសម្ដេចតេជោហ៊ុន សែន ផ្ដល់ជូន (មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន) តាមរយៈការប្រកួតបាល់ទាត់សប្បុរសធម៌ទាំងបួនក្រុមក្រោមមូលបទ រួមគ្នាដើម្បីមនុស្សធម៌ និង ប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២៤ ពហុកីឡដ្ឋានជាតិអូឡាំពិក ចូលរួមធ្វើការងារសប្បុរសធម៌ ដើម្បីស្នាមញញឹមកុមារកម្ពុជា»។

គួរបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់ តារាកម្ពុជា (Cambodia football super stars ), ក្រុមបាល់ទាត់សហព័ន្ធកីឡាគុនខ្មែរ , ក្រុមបាល់ទាត់ S&E All Star និងក្រុមបាល់ទាត់អ្នកបង្កើតមាតិកាសង្គម (Vlogger All Star ) បានប្រកួតបាល់ទាត់សប្បុរសធម៌ ក្រោមមូលបទ រួមគ្នាដើម្បីមនុស្សធម៌ និង ប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ពហុកីឡដ្ឋានជាតិអូឡាំពិក ចូលរួមធ្វើការងារសប្បុរសធម៌ ដើម្បីស្នាមញញឹមកុមារកម្ពុជា គឺរកបានថវិកាពីសប្បុរសជនប្រមាណ ជិត៥លានដុល្លារ។

លោក ខេម ព្រមទាំងក្រុមកីឡាបាល់ទាត់ទាំងអស់ បានថ្លែងអំណរគុណដល់សប្បុរសជននានាដែលបានចូលរួមជួយឧបត្តម្ភ ក្នុងព្រឹត្តិការណ៍បាល់ទាត់នេះ ឲ្យទទួលបានជោគជ័យគ្រប់ភារៈកិច្ច។ ប្រកួតបាល់ទាត់សប្បុរសធម៌នេះផងដែរ គឺទទួលបានការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន។

លោក ខេម បានបន្តទៀតថា លោកនិងក្រុមរបស់ខ្លួន នឹងព្យាយាមរកព្រឹត្តការណ៍ល្អៗជាច្រើនទៀត ដើម្បីជួយស្វែងរកថវិការជួយដល់មន្ទីរពេទ្យដែលខ្វះខាត និងជួបបញ្ហាប្រឈម ។

បន្ទាប់ពីឃើញរូបភាព និងសកម្មភាពរបស់ក្រុមបាល់ទាត់ទាំង៤ ដែលបាននាំយកថវិកា ទៅជូនដល់មន្ទីរពេទ្យនានា បានធ្វើឲ្យមហាជនលាន់មាត់សរសើរគ្រប់ៗគ្នា៕