(បរទេស)៖ ពានរង្វាន់បាល់មាស Golden Ball របស់អតីតកីឡាករឆ្នើមលំដាប់ពិភពលោក Diego Maradona ដែលត្រូវបានចោរលួច និងរកឃើញវិញនោះ នឹងត្រូវដាក់ដេញថ្លៃនាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

គួរបញ្ជាក់ផងថា Golden Ball នេះដែរ Maradona ទទួលបាននាអំឡុង World Cup 1986 នៅប្រទេសមិចស៊ិក ក្នុងនាមកីឡាករលេងល្អប្រចាំព្រឹត្តិការណ៍នោះ ដោយបានជួយក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះជើងឯកបាល់ទាត់ពិភពលោកជាលើកទី២។

ស្ថាប័នរៀបចំកម្មវិធីដេញថ្លៃ Aguttes បានប្រកាសឱ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញថា ពានបាល់មាសមួយនេះ ត្រូវបានគេរំពឹងថា នឹងលក់បានក្នុងតម្លៃរាប់លានដុល្លារ ដ្បិតម្ចាស់របស់វាបានទទួលមរណភាពហើយកាលពីឆ្នាំ២០២០ ដោយរោគាពាធ។

World Cup 1986 ដែលពពកសអាហ្សង់ទីនលើកពាននោះ គឺជា World Cup ផ្តល់ការឈឺចាប់ និងចងចាំមិនភ្លេចសម្រាប់អង់គ្លេស នៅពេល Maradona រកបាន ២គ្រាប់ពីក្នុងវគ្គ ៨ក្រុមចុងក្រោយ ដ្បិតគ្រាប់ទី១ បានកើតឡើងដោយការយកដៃវាយបាល់បញ្ចូលទីដែលគេឱ្យឈ្មោះថា «Hand of God»

ចំណែកឯគ្រាប់ទី២ វិញត្រូវបានគេចាត់ទុកថា ជាគ្រាប់បាល់ល្អបំផុតប្រចាំសតវត្សរ៍របស់ FIFA នៅពេល Diego Maradona ដឹកនាំបាល់អូសដាច់ខ្សែការពារអង់គ្លេស ៥រូបតាំងពីតំបន់របស់ខ្លួន មុនពេលបញ្ចប់ទីបានសម្រេច៕