(បរទេស)៖ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា នឹងចាប់ផ្ដើមផលិតនូវឧបករណ៍ដែលមានអេក្រង់អាចបត់បាន (Foldable) នៅចុងឆ្នាំ២០២៥ ហើយ iPhone អេក្រង់បត់នឹងចាប់ផ្តើមនៅឆ្នាំ ២០២៦។

លោក Jeff Pu មកពីស្ថាប័នវិភាគ Haitong International Securities បានបង្ហើបឲ្យដឹងនូវព័ត៌មានខាងនេះ ព្រមទាំងបានអះអាងថា Apple នឹងនាំយកនូវផលិតផលអេក្រង់បត់ដែលអស្ចារ្យសម្រាប់អតិថិជនរបស់ខ្លួន។ ដោយឧបករណ៍ថ្មីនោះមានអេក្រង់ទំហំ ២០.៣អ៊ីង។

នៅមុននេះលោក Ming-Chi Kuo អ្នកវិភាគដ៏ល្បីក៏បានរាយការណ៍មកដែរថា Apple កំពុងធ្វើការនៅលើឧបករណ៍ថ្មីមួយដែលមានអេក្រង់ ២០.៣អ៊ីង ដែលវាអាចជា MacBook ហើយនឹងបង្ហាញខ្លួននៅឆ្នាំ២០២៧។

ចំណែកអ្នកវិភាគដ៏ល្បីរបស់ Bloomberg គឺលោក Mark Gurman ក៏បានលើកឡើងដែរថា Apple កំពុងសិក្សាលើឧបករណ៍ដែលមានអេក្រង់ dual screen និងអេក្រង់បត់ ឬជាឧបករណ៍ប្រភេទ hybrid ដែលវាអាចជា MacBook ឬ iPad។

យោងតាមរបាយការណ៍ខាងលើអាចបញ្ជាក់បានថា ក្រុមហ៊ុន Apple ពិតជាកំពុងសិក្សាលើឧបករណ៍អេក្រង់បត់ ខណៈដែលឧបករណ៍ ឬទូរស័ព្ទប្រភេទនេះកំពុងវាយលុកទីផ្សារខ្លាំង៕