(ម៉ូនិច)៖ Bayer Leverkusen នៅតែជាក្រុមតែមួយគត់ដែលលេងមិនទាន់ចាញ់គ្រប់កម្មវិធីនារដូវកាលនេះ តាមរយៈយកឈ្នះ Eintracht Frankfurt ៥-១ នៅរាត្រីថ្ងៃអាទិត្យថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

៥គ្រាប់បន្ថែមក្រៅដីនេះដែរ បានធ្វើឱ្យក្រុមដែលកំពុងដឹកនាំដោយបុរសសញ្ជាតិអេស្ប៉ាញ Xabi Alonso ស៊ុតគូប្រជែងបាន ៨២គ្រាប់ជាប្រវត្តិសាស្រ្តប្រចាំក្លិប មុនពេលលេង ២ប្រកួតបិទរដូវកាលឆ្នាំ២០២៣-២០២៤ លើសកំណត់ត្រាចាស់កាលឆ្នាំ២០២១-២០២២ ដែលរកបានសរុបតែ ៨០គ្រាប់ប៉ុណ្ណោះ ក្នុងលីគកំពូល Bundesliga របស់អាល្លឺម៉ង់។

នេះមានន័យថា ក្រុមជើងឯក Bundesliga រដូវកាលនេះ រកជ័យជម្នះបានលើកទី២៦ ក្រៅពីស្មើ ៦លើក មិនដែលចាញ់ ដោយរកបាន ៨៤ពិន្ទុ ក្នុងចំណោម ១៨ក្រុមសរុបនៅ Bundesliga។

២ប្រកួតដែលនៅសល់ Leverkusen ត្រូវប៉ះម្ចាស់ផ្ទះ Bochum នាថ្ងៃទី១៣ ខែឧសភា និង ៥ថ្ងៃបន្ទាប់ត្រូវស្វាគមន៍ Augsburg មុនពេលអបអរជ័យជម្នះពានលីគជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ពួកគេផងដែរ និងត្រូវលេងជើងទី២ ក្នុងផ្ទះរបស់ខ្លួននៅរាត្រីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីបញ្ចប់ជើងទី២ ពានរង្វាន់ UEFA Europa League ទល់នឹង AS Roma ដែលពួកគេមាន ២គ្រាប់ក្នុងដៃផងដែរ ក្រោយឈ្នះ ២-០ កាលជើងទី១ នៅប្រទេសអ៊ីតាលីពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ៕