(ក្រុងឡុងដ៍)៖ តាមរយៈជ័យជម្នះ ២ទល់នឹង០ ទៅលើក្រុមភ្ញៀវ Hudderfield Town នាយប់មិញបានធ្វើឱ្យក្រុម Ipswich Town បញ្ចប់នៅតំណែងលេខ២ នៃក្របខណ្ឌទី២ Championship និងទទួលបានកៅអី១ ដោយស្វ័យប្រវត្តិផងដែរ ក្នុងការឡើងមកលេងនៅលីគកំពូលអង់គ្លេស Premier League វិញនារដូវកាលក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ក្នុងចំណោម ៤៦ប្រកួតសរុបសម្រាប់រដូវកាលនេះ Ipswich បានលេងឈ្នះ ២៨ប្រកួត ដោយចាញ់ត្រឹមតែ ៦លើកប៉ុណ្ណោះ ដែលរកបាន ៩៦ពិន្ទុ ចាញ់ក្រុមកំពូលតារាង និងជាជើងឯក Championship គឺ Leicester City ត្រឹមតែ ១ពិន្ទុផងដែរ នៅថ្ងៃបិទរដូវកាលដ៏ពេញលេញរបស់ពួកគេ ក្នុងការវិលទៅកាន់ PL វិញ គិតចាប់តាំងពីក្រុមនេះបានជ្រុះចេញនាឆ្នាំ២០០២ មក។

១ប្រកួតចុងក្រោយនៅថ្ងៃបិទរដូវកាលដែលមាន ២៤ក្រុមចូលរួមនេះ កីឡាករអន្តរជាតិវ៉េល Wes Burns និង Omari Hutchinson បានរួមចំណែករកបានម្នាក់ ១គ្រាប់ នៃជំនួបដែលពួកគេត្រូវការត្រឹម ១ពិន្ទុផងដែរពីការធានាកៅអីដោយស្វ័យប្រវត្តិទៅក្របខណ្ឌទី១ វិញ។

នេះមានន័យថា Ipswich Town បានចូលរួមជាមួយ Leicester City ក្នុងការឡើងទៅ Premier League សម្រាប់រដូវកាលក្រោយឆ្នាំ២០២៤-២០២៥ ដោយនៅសល់ ១កៅអីទៀត សម្រាប់ ៤ក្រុមផ្សេងទៀតចាប់ពីក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ពីលេខ៣ ដល់លេខ៦ មានដូចជា Leeds United, Southampton, West Bromwich Albion និង Norwich City ត្រូវលេងជម្រុះជាបន្តទៀត៕