(ម៉ូនិច)៖ Bayern Munich បានកំពុងទាក់ទងលោក Ralf Rangnick គ្រូបង្វឹកក្រុមជម្រើសជាតិអូទ្រីស ក្នុងការមកទទួលតំណែងបន្តពីលោក Thomas Tuchel ដែលត្រៀមចាកចេញនៅពេលចប់រដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។

បុរសវ័យ ៦៥ឆ្នាំ ជាគ្រូបង្វឹកតែម្នាក់គត់ដែលក្រុមខ្លារខិនបានធ្វើការទាក់ទង ដែលកន្លងមកលោក Rangnick ធ្លាប់បានដឹកនាំក្លិប Schalke ដណ្តើមបានជើងឯកពានកម្រិតទី២ អាល្លឺម៉ង់ German Cup និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ UEFA Champions League ក្នុងឆ្នាំ២០១១ ទៀតផង។

កាលពីសប្តាហ៍មុន លោក Rangnick ក៏បានទម្លាយឱ្យដឹងផងថា Bayern បានទាក់ទងមកលោក ក្នុងការទៅដឹកនាំ Bayern Munich ចាប់ពីរដូវកាលក្រោយ ដ្បិតពួកគេយល់ថា លោក Rangnick អាចជួយសាងក្រុមនេះឱ្យខ្លាំងឡើងម្តងទៀត បន្ទាប់ពី Bayer Leverkusen បានកាត់ផ្តាច់ក្តីបំណងពួកគេ ក្នុងការឈ្នះជើងឯកលីគ Bundesliga ជាលើកទី១២ ត្រឹមរដូវកាលឆ្នាំ២០២៣-២០២៤ ស្របពេលបុរសសញ្ជាតិអាល្លឹម៉ង់រូបនេះ ក៏បានកំពុងមមាញឹកក្នុងការដឹកនាំអូទ្រីសត្រៀមលេងក្នុងពាន Euro 2024 ដែរ។

លោក Rangnick បានថ្លែងថា «វាគ្មានបញ្ហាអ្វីសោះឡើយសម្រាប់ខ្ញុំ។ កន្លងមកខ្ញុំតែងតែធ្វើរឿងដែលថ្មី ដែលនេះវាគឺជាឱកាសក្នុងការអភិវឌ្ឍក្រុម ដើម្បីទទួលបានជោគជ័យ។ នៅពេលបច្ចុប្បន្ននេះផងដែរ ខ្ញុំផ្តោតតែទៅលើការបង្វឹកអូទ្រីស ដើម្បីលេងពានអឺរ៉ុបនាអំឡុងខែមិថុនាប៉ុណ្ណោះ»

នៅចាំបានថា លោក Ralf Rangnick ធ្លាប់ធ្វើជាគ្រូបង្វឹកស្តីទីក្នុងក្លិបបិសាចក្រហម Manchester United រយៈពេល ៦ខែនាអំឡុងរដូវកាលឆ្នាំ២០២១-២០២២ ដែលធ្លាប់មានបទពិសោធន៍ដឹកនាំក្លិបអាល្លឹម៉ង់ដូចជា Ulm, Stuttgart, Hannover, Hoffenheim, RB Leipzig និង Schalke ជាដើម៕