(ប្រុចសែល)៖ កីឡាករចាំទី Thibaut Courtois ត្រូវបានបង្ខំចិត្តដកចេញពីជម្រើសជាតិបិសាចក្រហមប៊ែលហ្សិក នៃព្រឹត្តិការណ៍ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2024 ដែលរៀបចំឡើងនៅប្រទេសអាល្លឹម៉ង់ ដោយសារបញ្ហារបួសជង្គង់ជាមិនទាន់ពេល។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

Cortois ដែលបានចូលលេង ១០២ប្រកួតជាមួយប៊ែលហ្សិក បានជួបបញ្ហារបួសជង្គង់ដែលតម្រូវឱ្យមានការវះកាត់ផងដែរតាំងពីខែមីនា ឆ្នាំ២០២៤ មក ដែលត្រូវបានគេគិតថា អាចជាសះស្បើយទាន់ពេល ដើម្បីវិលមកលេងនៅ Real Madrid វិញ ក៏ប៉ុន្តែត្រូវបានលោក Domenico Tedesco គ្រូបង្វឹកប៊ែលហ្សិកសម្រេចមិនជ្រើសរើសលោកឡើយសម្រាប់ Euro 2024 ដែលនឹងចាប់ផ្តើមនាពាក់កណ្តាលខែមិថុនាខាងមុខ។

លោកថា «គិតមកទល់ពេលនេះ គ្រប់យ៉ាងត្រូវបានបញ្ជាក់រួចហើយ។ ខ្ញុំមិនចង់បង្កបញ្ហាដល់កីឡាករទៅថ្ងៃមុខឡើយ ដ្បិតបច្ចុប្បន្ន យើងផ្តោតទៅលើកីឡាករដែលលេងបាន និងមានស្ថានភាពល្អតែប៉ុណ្ណោះ»

ការជួបបញ្ហារបួសជាបន្តបន្ទាប់ ពោលនាអំឡុងខែធ្នូ ឆ្នាំ២០២៣ Courtois ធ្លាប់បានលើកឡើងថា រូបលោកទំនងជាគ្មានវត្តមាននៅ Euro 2024 ដែលនឹងលេងនៅចន្លោះខែមិថុនា ដល់ខែកក្កដាឡើយ ស្របពេលលោក Carlo Ancelotti អ្នកចាត់ការទូទៅ Real Madrid មានក្តីសង្ឃឹមថា នឹងមានអ្នកចាំទីដៃទី១ មករួមក្រុមវិញ ពេលក្រុមលេងទល់នឹង Cadiz នៅរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះក្នុងក្របខណ្ឌ La Liga៕